(ព្រះវិហារ)៖ ក្រោមការណែនាំយកចិត្តទុកដាក់ខ្ពស់ របស់លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងលោកសាស្រ្តាចារ្យ អេង ហួត រដ្ឋលេខាធិការក្រសួងសុខាភិបាល នាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀននៃក្រសួងសុខាភិបាល បានសហការជាមួយមន្ទីរសុខាភិបាលខេត្តព្រះវិហារ រៀបចំវគ្គបណ្តុះបណ្តាលថ្មីជាបន្ទាន់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់ ក្នុងការបើកដំណើរការសេវាពិនិត្យ និងព្យាបាល អ្នកញៀនគ្រឿងញៀនដោយផ្អែកលើសហគមន៌ នៅតាមមណ្ឌលសុខភាព ដោយនៅក្នុងនោះក៏មានការចុះពិនិត្យការងារផ្តល់សេវាសុខភាព នៅភូមិកំពង់ស្រឡៅ១ ភូមិអានសេះ និងភូមិឈើទាលគង ដែលជាភូមិ ត្រូវបានកំណត់ ក្នុងផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីប្រែក្លាយភូមិទាំងនេះជាភូមិគំរូគ្មានគ្រឿងញៀន «ភូមិស» សម្រាប់ពង្រីកបន្តទៅបង្កើតភូមិសនៅភូមិដទៃទៀតដែលស្ថិតនៅជាប់ព្រំដែនកម្ពុជា-ថៃ និងឡាវ។
នៅថ្ងៃចន្ទ ២រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០១៨ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន អគ្គនាយកបច្ចេកទេសសុខាភិបាល បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងពិធីបើកសិក្ខាសាលាបណ្តុះបណ្តាលស្តីពីសុខភាពផ្លូវចិត្ត និងការផ្តល់សេវាពិនិត្យព្យាបាលអ្នកញៀនគ្រឿងញៀន សម្រាប់គ្រូពេទ្យនិងគិលានុបដ្ឋាក «ម៉ូឌុល៤» អញ្ជើញមកពីមណ្ឌលសុខភាពនានា និងមន្ទីរពេទ្យបង្អែកនៃខេត្តព្រះវិហារ។ សិក្ខាសាលានេះប្រព្រឹត្តទៅចំនួន៤ថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨ នៅភោជនីយដ្ឋានត្បែងមានជ័យ ខេត្តព្រះវិហារ ដោយមានការឧបត្ថម្ភពីថវិកាជាតិ។ សមាសភាពសិក្ខាកាមចូលរួមវគ្គ ជាវេជ្ជបណ្ឌិត គ្រូពេទ្យព្យាបាល និងគិលានុបដ្ឋាក-យិកា មកពីមន្ទីរពេទ្យបង្អែកខេត្ត ១៦ មករា មន្ទីរពេទ្យបង្អែកជាំក្សាន្ត មណ្ឌលសុខភាពឆែប មណ្ឌលសុខភាពចំរើន មណ្ឌលសុខភាពស្អាង មណ្ឌលសុខភាពកំពង់ស្រឡៅ មណ្ឌលសុខភាពស្រអែម មណ្ឌលសុខភាពកោះកេរ្តិ៍ មណ្ឌលសុខភាពរៀង មណ្ឌលសុខភាពគូលែន និងមណ្ឌលសុខភាពត្បែង ។
ក្នុងឱកាសប្រកាសបើកវគ្គសិក្ខាសាលានេះ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានលើកឡើងថា « ការព្យាបាលអ្នកញៀនគ្រឿងញៀនដោយផ្អែកលើសហគមន៍ » ជាជម្រើសដ៏សមស្របមួយសម្រាប់បរិបទនៃប្រទេសកម្ពុជា សម្រាប់អ្នកញៀនគ្រឿងញៀនមកទទួលសេវា ដោយស្ម័គ្រចិត្ត ហើយក៏ជាយន្តការព្យាបាលមួយមានលក្ខណៈគ្រប់ជ្រុងជ្រោយ មានភាពតភ្ជាប់គ្នារវាងមន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព និងសហគមន៍មូលដ្ឋាន ដែលជាសេវាស្ថិតនៅកៀកនឹងប្រជាពលរដ្ឋ និងត្រូវមានការចូលរួមពីប្រជាពលរដ្ឋ ជម្រុញការប្រើប្រាស់សេវាទាំងនេះផងដែរ។
ដើម្បីបង្កើនប្រសិទ្ធភាពនៃការពិនិត្យ និងព្យាបាលអ្នកជំងឺផ្លូវចិត្ត និងអ្នកញៀនគ្រឿងញៀន ស្របនឹងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៣ និងចូលរួមអនុវត្តន៍ផែនការឃុំ «ស» គ្មានគ្រឿងញៀនរបស់រាជរដ្ឋាភិបាល បន្ទាប់ពីចប់កម្មវិធីបើកវគ្គសិក្ខាសាលាខាងលើ លោកស្រីអគ្គនាយកបច្ចេកទេសសុខាភិបាល អមដំណើរដោយលោកវេជ្ជបណ្ឌិត គង់ ឡូ ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខបុគ្គលិកសុខាភិបាល ដែលកំពុងផ្តល់សេវាពិនិត្យព្យាបាលនៅតាមតំបន់ព្រៃដាច់ស្រយាល ដូចជាមន្ទីរពេទ្យបង្អែកជាំក្សាន្ត មណ្ឌលសុខភាពកំពង់ស្រឡៅ មណ្ឌលសុខភាពស្រអែម មណ្ឌលសុខភាពតេជោបុស្សស្បូវ មណ្ឌលសុខភាពតេជោមរកត (មុំ ៣ ព្រំដែនកម្ពុជា ថៃ ឡាវ ) ព្រមទាំងបានចុះពិនិត្យមើលទីតាំង ដែលត្រូវបង្កើតមណ្ឌលសុខភាពថ្មីឈ្មោះឈើទាលគង ក្នុងស្រុកជាំក្សាន្ត និងទីតាំងដែលត្រូវសាងសង់ប៉ុស្តិ៍ចត្តាឡីស័ក នៅច្រកអានសេះព្រំដែនកម្ពុជា-ថៃ។
លោកស្រី អគ្គនាយកបច្ចេកទេសសុខាភិបាល បានថ្លែងនូវការកោតសរសើរ ដល់មន្រី្តសុខាភិបាលទាំងអស់ ដែលបានយកចិត្តទុកដាក់ ក្នុងការផ្តល់សេវាពិនិត្យព្យាបាល ដល់អ្នកជំងឺប្រកបដោយក្រមសីលធម៌ គុណធ៌ម និងមានការលះបង់ខ្ពស់បំផុត ទោះជានៅឃ្លាតឆ្ងាយពីក្រុមគ្រួសារផ្ទាល់ខ្លួនក៏ដោយ ដើម្បីបានបម្រើសេវាជូនដល់ប្រជាជន នៅតាមតំបន់ព្រៃដាច់ស្រយាលទាំងនេះ។ ពិសេស លោកស្រី សូមសំដែងនូវការកោតសរសើរ និងគោរពបំផុត ចំពោះវីរ:ភាពលះបង់ និងទឹកចិត្តអង់អាចតស៊ូរស់នៅទោះជាមានការខ្វះខាតលំបាកយ៉ាងណាក៏ដោយ នៃបុគ្គលិកមណ្ឌលសុខភាពតេជោបុស្សស្បូវ និងមណ្ឌលសុខភាពតេជោមរកត ដែលមានទីតាំងស្ថិតនៅលើជួរភ្នំដងរ៉ែក ទិសខាងជើងជាប់ព្រំដែនឡាវ និងថៃ ដែលទីតាំងមណ្ឌលសុខភាពទាំងនេះ មានការលំបាកទាំងក្នុងការរស់នៅ និងការធ្វើដំណើរ និងការភ្ជាប់ទំនាក់ទំនងប្រព័ន្ធទូរគមនាគមន៍ តែក្រុមបុគ្គលិកពេទ្យជាពិសេសនារីៗ នៅតែមានឆន្ទះប្តូរផ្តាច់ផ្តល់សេវាពិនិត្យ ព្យាបាល ជំងឺជូនដល់ប្រជាពលរដ្ឋនៅទីនោះ គ្រប់កាលៈទេសៈ និងមានសេវា២៤ម៉ោងលើ២៤ម៉ោងផងដែរ។
ដោយទឹកចិត្តគោរពនូវទង្វើដ៏ល្អប្រពៃ របស់ក្រុមបុគ្គលិកសុខាភិបាលទាំងនេះ និងដោយក្តីអាណិតស្រឡាញ់នូវគំរូវីរ:ភាព ព្រមទាំងជួយសម្រាលទុក្ខលំបាកខ្លះៗ និងជាការលើកទឹកចិត្តផងដែរនោះ លោកស្រីអគ្គនាយកបច្ចេកទេសសុខាភិបាល បាននាំយកម្ហូបអាហារ និងទឹកសុទ្ធសម្រាប់បរិភោគ ព្រមទាំងបានឧបត្ថម្ភថវិកា ដោយប្រើប្រាស់ថវិកាផ្ទាល់ខ្លួន សរុបចំនួន ៥០០ដុល្លារ (ដោយបានជូនផ្ទាល់ដៃនូវទឹកប្រាក់ ចំនួន ១០០ ដុល្លាសហរដ្ឋអាមេរិក ក្នុងមួយមណ្ឌលសុខភាពសម្រាប់មណ្ឌលសុខភាពតេជោបុស្សស្បូវ និងមណ្ឌលសុខភាពតេជោមរកត និងជូនថវិកាចំនួន ២០ម៉ឺនរៀលដល់ក្រុមគ្រូពេទ្យ នៃមណ្ឌលសុខភាពស្រអែម និងជូនអ្នកជំងឺក្រីក្រនិងកុមារ ដែលកំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យ និងមណ្ឌលសុខភាព ដែលលោកស្រី បានចុះពិនិត្យផ្ទាល់មួយចំនួនផងដែរ ។
សូមជម្រាបថា នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០១៨ លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន បានអញ្ជើញចុះពិនិត្យសេវាព្យាបាល នៅមណ្ឌលសុខភាព កំពង់ស្រឡៅ ស្ថិតក្នុងភូមិកំពង់ស្រឡៅ១ ឃុំកំពង់ស្រឡៅ ស្រុកឆែប ដែលមានចំងាយ ១៤៥គីឡូម៉ែត្រ ពីទីរួមខេត្តព្រះវិហារ មានព្រំដែនទឹកប្រមាណ ៥០គីឡូម៉ែត្រ ជាប់ជាមួយភូមិកោះស្មៅ ខេត្តចំប៉ាសាក់ ប្រទេសឡាវ ។ អ្វីដែលគួរឲ្យមោទនភាពនោះ គឺមណ្ឌលសុខភាពនេះ មានប្រជាជនឡាវជាច្រើននាក់ បានឆ្លងទូកពីប្រទេសឡាវមកទទួលសេវាពិនិត្យ និងព្យាបាលជំងឺ ជារៀងរាល់ខែប្រមាណជា៦០នាក់។ នេះសរបញ្ជាក់ឲ្យឃើញថា សេវាសុខាភិបាលកម្ពុជា ត្រូវបានទទួលស្គាល់គុណភាពដោយប្រទេសជិតខាង ហើយដោយសង្កេតឃើញថាមន្រ្តីមណ្ឌលសុខភាព មានសាមគ្គីល្អ ខិតខំប្រឹងប្រែងបំពេញការងារផ្តល់សេវាបានល្អ និងជួបការលំបាកក្នុងការបញ្ជូនអ្នកជំងឺដែលមានសភាពធ្ងន់ធ្ងរនោះ និងដើម្បីជាការចូលរួមចំណែកដោះស្រាយសំរាលបញ្ហាលំបាកនេះខ្លះៗ លោកស្រី បានជូនប្រេងម៉ាស៊ូត ដែលជាថវិកាផ្ទាល់ខ្លួនចំនួន ១០០លីត្រ សម្រាប់ចាក់រថយន្តគិលានសង្គ្រោះ ដឹកបញ្ជូនអ្នកជំងឺពីមណ្ឌលសុខភាពនេះ ទៅកាន់មន្ទីរពេទ្យបង្អែកខេត្តព្រះវិហារផងដែរ។
ទោះជាយ៉ាងនេះក្តី លោកស្រី អគ្គនាយកបច្ចេកទេសសុខាភិបាល បានជំរុញឱ្យបុគ្គលិកសុខាភិបាលទាំងអស់ត្រូវពង្រឹង និងបន្តការយកចិត្តទុកដាក់ផ្តល់សេវាជូនប្រជាពលរដ្ឋ ឱ្យបានកាន់តែល្អប្រសើរ ព្រមទាំងធានាបាននូវប្រសិទ្ធភាពការងារ និងពង្រឹងការគ្រប់គ្រងឱសថ ឱ្យមានគ្រប់គ្រាន់ស្របតាមតម្រូវការប្រើប្រាស់ ជាក់ស្តែង ។ គួរបញ្ជាក់ថា សម្រាប់សេវាសុខភាព នៅខេត្តព្រះវិហារ ក៏ត្រូវបានប្រជាជនឡាវ មកប្រើប្រាស់ និងសេវាពិនិត្យព្យាបាលអ្នកញៀនគ្រឿងញៀននេះផងដែរ ៕