(ភ្នំពេញ)៖ លោកបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៨ បានទទួលជួបពិភាក្សាការងារជាមួយលោក Masashi KANO ប្រធានតំណាងអង្គការពាណិជ្ជកម្មក្រៅស្រុកជប៉ុន «Japan External Trade Organization-JETRO» ប្រចាំនៅកម្ពុជា ពិភាក្សាអំពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា សម្រាប់វិនិយោគិនបរទេស។
លោកបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានសម្តែងនូវការស្វាគមន៍ និងកោតសរសើរចំពោះ Masashi KANO ដែលបានខិតខំប្រឹងប្រែងទាំងកម្លាំងកាយ និងកម្លាំងចិត្តក្នុងការជួយទាក់ទាញអ្នកវិនិយោគិន ដែលមាន សក្តានុពលខ្ពស់របស់ជប៉ុន ឲ្យមកបណ្តាក់ទុនជាបន្តបន្ទាប់នៅកម្ពុជា។
លោកបណ្ឌិតសភាចារ្យបានបញ្ជាក់ថា ដើម្បីទាក់ទាញវិនិយោគិនបរទេស ឲ្យកាន់តែមានទំនុកចិត្តមកបណ្តាក់ទុននៅកម្ពុជា, បន្ថែមលើគោលនយោបាយនៃការអនុគ្រោះ និងគាំពារវិនិយោគពីបរទេសដែលកំពុងអនុវត្តន៍, បច្ចុប្បន្នកម្ពុជាបាននឹងកំពុងខិតខំកែទម្រង់ និងរៀបចំនូវបរិយាកាសធុរកិច្ចអំណោយផល (Friendly Business Environment) ចំពោះវិនិយោគគិនបរទេសទាំងអស់ រួមមានការលើកទឹកចិត្តបន្ថែមទៀត និងបង្ករលក្ខណៈឲ្យអ្នកវិនិយោគិនបរទេស គ្រប់រូបអោយមកបណ្តាក់ទុន នៅកម្ពុជាប្រកបដោយភាពទុកចិត្ត ស្របពេលដែលប្រទេសកម្ពុជា កំពុងមានសុខសន្តិភាពពេញលេញ។
លោក Masashi KANO បានជម្រាបថា ដោយមើលឃើញពីកំណើនសេដ្ឋកិច្ចកម្ពុជា មានភាពរឹងមាំ សម្រាប់រយៈពេលមធ្យមទៅមុខ, អ្នកវិនិយោគិនជប៉ុនបានចាត់ទុកប្រទេសកម្ពុជាជាប្រទេសដែលមានទីផ្សារបើកចំហរខ្លាំង និងមានបរិយាកាសវិនិយោគអំណោយផលច្រើន ដែលជាកត្តាជំរុញ និងលើកទឹកចិត្តអ្នកវិនិយោគិន បរទេសទាំងអស់ មិនថាតែជប៉ុន ឲ្យមកបណ្តាក់ទុនបន្ថែមនៅកម្ពុជា។ ទឡ្ហីករទាំងនេះ ជំរុញលំហូរវិនិយោគពី ក្រៅប្រទេសមកកម្ពុជា នឹងបានរុញសេដ្ឋកិច្ចកម្ពុជាអោយកាន់តែមានសន្ទុះខ្លាំងក្លាថែមទៀត។
លោកបានបញ្ជាក់ថា បច្ចុប្បន្នមានអ្នកវិនិយោគិនជប៉ុនថ្មីៗមួយចំនួនបាននឹងកំពុងពិភាក្សាលម្អិតជាមួយ JETRO ប្រចាំនៅកម្ពុជា អំពីចំណាប់អារម្មណ៍ និងឱកាសវិនិយោគនៅកម្ពុជា ហើយលោកសន្យាថា នឹងព្យាយាមពន្យល់ ផ្សព្វផ្សាយ អំពី ឱកាសវិនិយោគនៅកម្ពុជា ដើម្បីទាក់ទាញ វិនិយោគិនជប៉ុនទាំងនោះអោយមកបណ្តាក់ទុននៅកម្ពុជាប្រកបដោយ ភាពជឿជាក់។
សូមជម្រាបជូនថា JETRO គឺជាអង្គភាពមួយស្ថិតក្រោមចំណុះក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៥៨ ។ JETROមានបណ្តាញការិយាល័យចំនួន ៧៤ នៅក្នុង ប្រទេសចំនួន ៥៥ លើពិភពលោក និងមានការិយាល័យចំនួន ៤៤ នៅក្នុងប្រទេសជប៉ុន។ តាមរយៈបណ្តាញរបស់ខ្លួនដែលមាននៅស្ទើរតែពាសពេញពិភពលោក, JETRO បានចូលរួមចំណែកក្នុងការពង្រីកពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសជប៉ុន និងប្រទេសដទៃទៀត នៅលើសកលលោក ។
ការិយាល័យ JETRO នៅព្រះរាជាណាចក្រកម្ពុជា ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ២០១០ ដែលបានធ្វើការសម្របសម្រួល និងទាក់ទាញក្រុមហ៊ុនដែល មានសក្តានុពលខ្ពស់របស់ជប៉ុនមួយចំនួនដូចជា Mineabea, ផ្សារទំនើប AEON ជាដើមឲ្យមកបណ្តាក់ទុន នៅកម្ពុជា៕