(ភ្នំពេញ)៖ ក្នុងឱកាសដ៏នក្ខត្តឫក្សប្រារព្ធខួបកំណើតគម្រប់ ៦៧ឆ្នាំ ឈានចូល ៦៨ឆ្នាំ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងលោកជំទាវ សូមគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ទទួលបាននូវប្រាជ្ញាឈ្លាសវៃ កម្លាំងពលំមាំមួន ជន្មាយុយឺនយូរ និងសម្រេចជោគជ័យថ្មីបន្ថែមទៀតដ៏ត្រចះត្រង់ ក្នុងបេសសកម្មដ៏ឧត្ដុង្គឧត្ដមរបស់សម្ដេចចំពោះប្រជាជន និងប្រទេសជាតិ។
សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា «រយៈពេលមួយឆ្នាំកន្លងមកនេះ សម្ដេចអគ្គមហាសេនាធបតីតេជោ បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លា ដោយបានយកអស់កម្លាំងកាយ និងប្រាជ្ញាសា្មរតីដឹកនាំរាជរដ្ឋាភិបាលកម្ពុជា បន្ដសម្រេចបាននូវសមិទ្ធផលធំៗជាច្រើនជូនជាតិ និងប្រជាជន តាមរយៈសកម្មភាព ដ៏គួរឲ្យស្ងប់ស្ងែងក្នុងការយកចិត្តទុកដាក់ខ្ពស់គិតគូរដល់សុខទុក្ខ និងដោះស្រាយបញ្ហាប្រឈមផ្សេងៗ ជូនមន្ដ្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ជាពិសេសបងប្អូនកម្មករ កម្មការិនី សំដៅជំរុញលើកកម្ពស់សុខុមាលភាព និងជីវភាពរស់នៅកាន់តែល្អប្រសើរ នាំមកនូវសុខដុមរមនាក្នុងសង្គមជាតិ»។
ក្នុងឱកាសដ៏វិសេសវិសាលនេះ តាងនាមថ្នាក់ដឹកនាំ មន្ដ្រីរាជការស៊ីវិល និងនគរបាលជាតិ នៃក្រសួងមហាផ្ទៃ ខ្ញុំសូមប្រសិទ្ធពរជ័យ បវរសួស្ដី សិរីមង្គល វិបុលសុខជូនដល់ សម្ដេចតេជោ និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រីចៅប្រុស ចៅស្រី ជាទីស្រឡាញ់ សូមសមប្រកបតែសុខ និងចម្រើន ព្រមទាំងពុទ្ធពរបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕