(ភ្នំពេញ)៖ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ នាថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨ បានទទួលជួបគណៈប្រតិភូជាន់ខ្ពស់ នៃអាជ្ញាធរពន្ធដារជាតិ នៃសាធារណរដ្ឋកូរ៉េ ដឹកនាំដោយ លោក ហាន ស៊ុនហ៊ី អគ្គនាយក នៃអាជ្ញាធរពន្ធដារជាតិ នៃសាធារណរដ្ឋកូរ៉េ ដោយមានវត្តមានចូលរួម របស់លោក-លោកស្រី អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ ប្រធាន-អនុប្រធាននាយកដ្ឋានថ្នាក់កណ្តាល ព្រមទាំងមន្ត្រីពន្ធដារយ៉ាងច្រើនកុះករ។
ដំណើរទស្សនកិច្ចនេះ មានគោលដៅក្នុងការពង្រឹងចំណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងអគ្គនាយកដ្ឋានពន្ធដារកម្ពុជា និងអាជ្ញាធរពន្ធដារជាតិ នៃសាធារណរដ្ឋកូរ៉េ ការផ្លាស់ប្តូរនូវចំណេះដឹង បទពិសោធន៍លើវិស័យពន្ធដារ ព្រមទាំង បង្កភាពងាយស្រួលបន្ថែមទៀត ដល់អ្នកជាប់ពន្ធកូរ៉េ ដែលកំពុងប្រកបអាជីវកម្មនៅកម្ពុជា។ ជាការពិតណាស់ វត្តមានរបស់វិនិយោគិនកូរ៉េ គឺមានសារៈសំខាន់ក្នុងការចូលរួមចំណែក ក្នុងការអភិវឌ្ឍន៍ និងកំណើនសេដ្ឋកិច្ចកម្ពុជា។
លោកប្រតិភូរាជរដ្ឋាភិបាល បានលើកឡើងថា កាលពីពេលថ្មីៗនេះ អគ្គនាយកដ្ឋានពន្ធដារ ជាមួយទីភ្នាក់ងារជំរុញការវិនិយោគ និងពាណិជ្ជកម្មកូរ៉េ (KOTRA) និងសភាពាណិជ្ជ កម្មកូរ៉េប្រចាំកម្ពុជា បានរៀបចំ «វេទិកាស្តីពីពន្ធដារកម្ពុជា-កូរ៉េ» ក្នុងន័យផ្សព្វផ្សាយអប់រំ និងចែករំលែកព័ត៌មាន និងវឌ្ឍនភាពថ្មីៗ ពាក់ព័ន្ធនឹងពន្ធដារ ដែលនេះជាយន្តការ នៃភាពជាដៃគូរពន្ធដារ-វិស័យឯកជនដ៏ប្រសើរ ហើយត្រូវបានអាជ្ញាធរពន្ធដារជាតិកូរ៉េ អបអរសាទរ និងស្នើឲ្យមានការរៀបចំវេទិកាបែបនេះ ជាបន្តបន្ទាប់ទៀត។
លោក ហាន ស៊ុនហ៊ី បានអបអរសាទរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផល ដែលអគ្គនាយកដ្ឋានពន្ធដារសម្រេចបាន ក្រោមការដឹកនាំរបស់លោកប្រតិភូរាជរដ្ឋាភិបាល តាមរយៈការអនុវត្តនូវកំណែទម្រង់ ដ៏មុតស្រួច និងស៊ីជម្រៅ លទ្ធផលនៃបេសកកម្ម ក្នុងការគ្រប់គ្រងប្រមូលចំណូលពន្ធ ក្នុងរយៈពេល៦ឆ្នាំចុងក្រោយនេះ តែងតែសម្រេចបានលើស ផែនការច្បាប់បានកំណត់។
ជាពិសេសសម្រាប់ឆ្នាំ២០១៧នេះ សម្រេចបាននូវលទ្ធផល ជាប្រវត្តិសាស្ត្រជូនរាជរដ្ឋាភិបាល ដោយសម្រេចបាន ១១៣% ធៀបនឹងផែនការច្បាប់កំណត់ តាមរយៈការអនុវត្តយ៉ាង ហ្មត់ចត់នូវយុទ្ធសាស្ត្រកៀរគរចំណូលរយៈពេលមធ្យមឆ្នាំ ២០១៤-២០១៨ ក្នុងក្របខ័ណ្ឌ រួមមាន៖ ទី១៖ មិនមានការបង្កើន អត្រាពន្ធ ឬបង្កើតពន្ធថ្មី, ទី២៖ មានតែពង្រឹងច្បាប់ និងបទប្បញ្ញត្តិស្តីពី ពន្ធដារមានស្រាប់, ទី៣៖ ពង្រឹងការគ្រប់គ្រង ប្រមូលចំណូលពន្ធ ឲ្យអស់សក្តានុពលដែលមានស្រាប់ និង ទី៤៖ ធានាឲ្យបាននូវភាពងាយស្រួល សមធម៌ និងភាពត្រឹមត្រូវក្នុងការបង់ពន្ធ។
គណៈប្រតិភូជាន់ខ្ពស់ នៃអាជ្ញាធរពន្ធដារជាតិកូរ៉េ បានចែករំលែកនូវបទពិសោធន៍ ដែលពន្ធដារកូរ៉េ បាននិងកំពុងអនុវត្តដោយជោគជ័យ ដែលក្នុងនោះមានការធ្វើទំនើបកម្ម ពន្ធដារជាប្រចាំ។
ក្នុងឱកាសនេះផងដែរ ភាគីទាំងពីរ បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពី ការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ តាមរយៈកិច្ចសហប្រតិបត្តិការរដ្ឋបាលសារពើពន្ធ។ បន្ថែមពីលើនេះទៀត ភាគីទាំងពីរបានឯកភាពគ្នា ក្នុងការជំរុញឲ្យដំណើរការ នៃកិច្ចចរចាលើកិច្ចព្រមព្រៀង នៃការចៀសវាងការយកពន្ធត្រួតគ្នា (DTA) កម្ពុជា-កូរ៉េ បញ្ចប់ឲ្យបានឆាប់។
លោក គង់ វិបុល បានស្នើធ្វើទស្សនកិច្ចសិក្សា ទៅកាន់អាជ្ញាធរពន្ធដារជាតិកូរ៉េ ក្នុងពេលអនាគតដ៏ខ្លី ដើម្បីសិក្សា ដកស្រង់បទពិសោធន៍ និងរៀនសូត្របន្ថែមទៀតលើ ការផ្លាស់ប្តូរព័ត៌មាន (Exchange of Information) ហានីភ័យ នៃការគ្រប់គ្រងសាច់ប្រាក់ (Cash Register) ព្រមទាំងប្រព័ន្ធប្រតិបត្តិការទូទាត់សាច់ប្រាក់ (Payment Gateway), ការបង្វិលសង និងការផ្ទៀងផ្ទាត់អាករ លើតម្លៃបន្ថែម (VAT Refund and Cross-Checking)។
លោក ហាន ស៊ុនហ៊ី បានឆ្លើយតបជាវិជ្ជមានភ្លាមៗ និងស្វាគមន៍ ចំពោះគណៈប្រតិភូពន្ធដារកម្ពុជា ទៅកាន់អាជ្ញាធរពន្ធដារជាតិកូរ៉េ នៅសាធារណរដ្ឋកូរ៉េ នាពេលវេលាណាមួយ សមស្របដ៏ខ្លីខាងមុខ៕