(ភ្នំពេញ)៖ លោកបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបពិភាក្សាការងារ ជាមួយលោកស្រី Ayda Ünlü ក្នុងខណៈដែលលោកស្រី ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋតួកគីថ្មី ប្រចាំកម្ពុជា។
ជំនួបនេះ ផ្តោតជាសំខាន់ទៅលើ ការខិតខំ បន្តពង្រឹងកិច្ចសហប្រតិបត្តិការ ឲ្យកាន់តែទូលំទូលាយ និងស៊ីជំរៅថែមទៀត រវាងប្រទេសទាំងពីរ ដែលបានរៀបចំធ្វើឡើង នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨នេះ។
លោកបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានសម្តែងនូវការស្វាគមន៍ និងអបអរសារទរចំពោះ លោកស្រី Ayda Ünlü ដែលត្រូវបានតែងតាំង ជាឯកអគ្គរដ្ឋទូតតួកគីថ្មីប្រចាំនៅកម្ពុជា។
លោកបានគូសបញ្ជាក់ថា តាមរយៈវត្តមាន និងបេសកកម្មការទូត របស់លោកស្រី កិច្ចសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសទាំងពីរ កម្ពុជា-តួកគី នឹងត្រូវបានពង្រឹង និងពង្រីកថែមទៀត នៅលើគ្រប់វិស័យ។
លោកបណ្ឌិតទេសរដ្ឋមន្រ្តី ក៏បានជម្រាបជូនភាគីមិត្ត អំពីការផ្លាស់ប្តូរមុខមាត់ថ្មី នៃប្រទេសកម្ពុជា នៅក្នុងឆាកអន្តរជាតិ ពិសេសកម្ពុជា ជាប្រទេសឯកទគ្គករកំណើនទាំង៨នៅក្នុងពិភពលោក ដែលមានកំណើនរឹងមាំក្នុងរយៈពេល២ទសវត្សរ៍កន្លងមកនេះ និងជាខ្លា សេដ្ឋកិច្ចថ្មី នៅអាស៊ី។
លោកបណ្ឌិតបន្ដថា ភាពរឹងមាំនេះ នឹងរុញប្រទេសកម្ពុជា ឆ្ពោះទៅកាន់គោលដៅ ជាប្រទេសចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ ២០៥០។
លោកស្រីឯកអគ្គរដ្ឋទូត បានទទួលស្គាល់ពីការរីកចម្រើន និងផ្លាស់ប្តូរ គួរឲ្យកត់សម្គាល់របស់កម្ពុជានា បរិការណ៍បច្ចុប្បន្ន ហើយលោកស្រី នឹងខិតខំបន្តជំរុញ ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការបន្ថែមទៀត រវាងរដ្ឋាភិបាល និងប្រជាជន នៃប្រទេសទាំងពីរ។
ក្នុងន័យពង្រឹងកិច្ចសហប្រតិបត្តិការ ឲ្យកាន់តែស៊ីជំរៅ និងទូលំទូលាយ ថែមទៀត, លោកស្រី បានបញ្ជាក់ថា តួកគី មានបំណង និងកំពុងសិក្សា អំពីលទ្ធភាពក្នុងការ ឲ្យមានជើង យន្តហោះ ហោះហើរត្រង់ ពីប្រទេសតួកគីមកកម្ពុជា។ លោកស្រី នឹងបន្តការពិភាក្សា ជាមួយស្ថាប័នជំនាញពាក់ព័ន្ធបន្ថែមទៀត អំពីលទ្ធភាពនេះ។
ជាមួយគ្នានេះ លោកស្រីថា តួកគីមានបំណងអញ្ជើញថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាធុរជនកម្ពុជា ទៅទស្សនៈកិច្ចស្វែងយល់អំពីដំណើរការធុរៈកិច្ចតួកគី ដើម្បីរឹតចំណង មិត្តភាព លើកកម្ពស់កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ។
លោកបណ្ឌិតទេសរដ្ឋមន្រ្តី បានស្វាគមន៍ចំពោះការផ្តួចផ្តើមទាំងនេះ, ហើយដូចដែលបានឯកភាពគ្នា, បានស្នើឲ្យគ្រប់ភាគីពាក់ព័ន្ធ ខិតខំបន្តជំរុញកិច្ចសហប្រតិបត្តិការ ក្នុងការបង្កើនទំហំ ពាណិជ្ជកម្មទ្វេភាគីឲ្យដល់ ៥០០ លានដុល្លារអាមេរិក នៅក្នុងឆ្នាំ ២០២០ ដើម្បីបានជាប្រយោជន៍ ដល់សេដ្ឋកិច្ច និងប្រជាជននៃប្រទេសទាំងពីរ៕