(ស្វាយរៀង)៖ លោក ឯក ក្រិត្យ អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងឲ្យលោក វង សូត រដ្ឋមន្រ្តីក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨នេះ បានដឹកនាំមន្រ្តីពាក់ព័ន្ធចូលរួម នៅក្នុង វគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពី «នីតិវិធីប្រមូលទិន្នន័យពីស្ថានភាពជីវភាព និងតម្រូវការរបស់អតីតយុទ្ធជន និងគ្រួសារ» នៅខេត្តស្វាយរៀង។

នៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនោះ ក៏មានការចូលរួមពី លោកស្រី ឯក សុវណ្ណភារៈ អភិបាលរងខេត្ត តំណាងអភិបាលខេត្ត លោក អ៊ូ វណ្ណារិទ្ធ ស្នងការរងនគរបាលខេត្ត តំណាងស្នងការនគរបាលខេត្ត និងជាប្រធានគណះកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត លោក លោកស្រីជាថ្នាក់ដឹកនាំ និងមន្ត្រីជំនាញមន្ទីរ ស.អ.យ.ខេត្ត ព្រមទាំងលោក លោកស្រីជាប្រធានគណៈកម្មការអភិវឌ្ឍន៍សហគមន៍ អតីតយុទ្ធជន ឃុំ-សង្កាត់ ចំនួន ៣៦ សរុបអ្នកចូលរួមប្រមាណ៨០នាក់។

លោក ឯក ក្រិត្យ អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច បានលើកឡើងថា គោលបំណង នៃការបើកវគ្គនេះ គឺដើម្បីបណ្តុះបណ្តាលដល់ប្រធាន អនុប្រធានគណៈកម្មការអភិវឌ្ឍន៍សហគមន៍អតីតយុទ្ធជន និងមន្ត្រីជំនាញពាក់ព័ន្ធ ទទួលបានចំណេះដឹងស្តីពីការប្រមូលទិន្នន័យ ពីស្ថានភាព ជីវភាព និងតម្រូវការ ព្រមទាំងការឆ្លើយតប ជូនចំពោះអតីតយុទ្ធជន និងគ្រួសារ ក្នុងអត្ថន័យជួយលើកកម្ពស់ជីវភាព សុខុមាលភាព ការអភិវឌ្ឍ គ្រួសារ និងសហគមន៍ ព្រមទាំងដឹងគុណដល់អតីតយុទ្ធជន និងគ្រួសារដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុការពាជាតិ មាតុភូមិ និងប្រជាពលរដ្ឋខ្មែរផងដែរ៕