(ភ្នំពេញ)៖ នគរបាលព្រហ្មទណ្ឌខណ្ឌមានជ័យ នៅរសៀលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨ នេះ បានបញ្ជូនខ្លួនបុរសជាប្តី ដែលវាយប្រពន្ធបណ្តាលឲ្យខៀវភ្នែក ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។
អធិការរងនគរបាលខណ្ឌមានជ័យ លោក ម៉េង វិមានតារា បានឲ្យដឹងថា ជនសង្ស័យជាប្តីមានឈ្មោះ សរ ចន្នីរឹទ្ធ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលបឹងទំពុនទី២ ខណ្ឌមានជ័យ ឃាត់ខ្លួន កាលពីព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៨ តាមបញ្ជារបស់នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ។
បើតាមលោក ម៉េង វិមានតារា ជនសង្ស័យឈ្មោះ សរ ចន្ធីរិទ្ធ អាយុ៣២ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ទីលំនៅផ្ទះលេខ៦៣បេ ផ្លូវ៥៣បេតេ ភូមិក្បាលទំនប់ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
លោកថា ជនសង្ស័យត្រូវបានចាប់ខ្លួន ពីបទហិង្សាដោយចេតនា ប្រព្រឹត្តដោយសហព័ទ្ធ (ទំនាស់ប្តីវាយប្រពន្ធបណ្តាលឲ្យរបួសហើមជាំភ្នែក) កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង០០ម៉១០នាទីរំលងអាធ្រាត្រ នៅចំណុចក្នុងផ្ទះលេខ៦៣បេ ផ្លូវ ៥៣បេតេ ភូមិក្បាលទំនប់ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនគ្រោះជាប្រពន្ធឈ្មោះ ឆេង សុខរ៉ា អាយុ៣២ឆ្នាំ ស្នាក់នៅផ្ទះលេខ៦៣បេ ផ្លូវ៥៣បេតេ ភូមិ ក្បាលទំនប់ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (មានរបួសហើមជាំភ្នែកខាងឆ្វេង)៕