(កំពង់ធំ)៖ អភិបាលរងខេត្តកំពង់ធំ លោកងួន សុជាតិ បានថ្លែងថា សុវត្ថិភាពទឹក គឺជាសមត្ថភាព ដែលអាចបន្ស៊ាំដើម្បីធានា ឲ្យមានទឹក និងការប្រើប្រាស់ប្រកបដោយនិរន្តរភាព គ្រាប់គ្រាន់អាចរក្សាទុកបានទាំង បរិមាណ និងគុណភាពសម្រាប់ជីវភាពរស់នៅប្រព័ន្ធអេកូឡូស៊ី និងកំណើនសេដ្ឋកិច្ច។

ថ្លែងក្នុងពិធីបើកអង្គសិក្ខាសាលា ក្នុងតំបន់ទីជម្រាលស្ទឹងជីនិត ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៨នេះ លោកងួន សុជាតិ លើកឡើងទៀតថា ដើម្បីឲ្យទឹកទាំងនេះអាចរក្សាបាននូវនិរន្តភាព បានលុះត្រាតែ គ្រប់មន្ទីរអង្គភាពដែលពាក់ព័ន្ធទាំងអស់ បង្កើននូវការយល់ដឹង និងមានសមត្ថភាពខ្ពស់ ក្នុងការសហការណ៍ប្រកបដោយការទទួលខុសត្រូវ លើការបង្រាបបទល្មើសនេសាទ ក្នុងកាជួយថែរក្សានូវប្រព័ន្ធ អេកូឡូស៊ីធម្មជាតិមិនឲ្យបាត់បង់ ដើម្បីជួយទ្រទ្រង់នូវកម្រឹតនៃការរស់នៅរបស់ប្រជាពលរដ្ឋតាមរយៈការប្រមូល ផលនេសាទក្នុងបឹងស្ទឹងធម្មជាតិ។

អភិបាលរងខេត្តរូបនេះ បានលើកឡើងបន្តថា សន្តិសុខទឹកនេះដែរ គឺជាការរក្សាបាននូវកំណើនសេដ្ឋកិច្ច តាមរយៈវិស័យកសិកម្ម ដែលរាជរដ្ឋាភិបាលដាក់ចេញនូវគោលនយោបាយទឹកតាមរយៈការធ្វើប្រព័ន្ធធារាស្ត្រ ឈានទៅរកការធ្វើស្រែតាមបែបវិទ្យាសាស្ត្រទំនើបជៀសវាងការធ្វើស្រែតាមធម្មជាតិដោយរំពឹងទឹកភ្លៀង។

លោកងួន សុជាតិ បានសង្កត់ធ្ងន់ថា ដោយសារតែភាពខ្វះចន្លេះនាពេលកន្លងមកលើការគ្រប់គ្រងឲ្យបានសមស្របរបស់មន្ត្រីជំនាញ ដែលជាមូលហេតុបណ្តាលឲ្យធនធានធម្មជាតិរបស់ខេត្តមួយផ្នែកធំទទួលនូវការគម្រាមកំហែងយ៉ាងធ្ងន់ធ្ងរ ហើយវិបត្តិចំបងដែលជួបប្រទះនោះគឺ ភាពអនាធិបតេយ្យកង្វះបច្ចេកទេសក្នុងការគ្រប់គ្រងពុំបានសមស្រប ទៅនិងស្ថានភាពជាក់ស្តែង ជាពិសេសការចូលរួមនៅមានកម្រឹតពីសំណាក់អ្នកពាក់ព័ន្ធគ្រប់ លំដាប់ថ្នាក់ ដែលជាមូលហេតុធ្វើឲ្យជះឥទ្ធិពលអវិជ្ជមានមួយចំនួនដល់និរន្តភាពនៃការគ្រប់គ្រងធនធានធម្មជាតិ និងធនធានទឹកក្នុងតំបន់។

លោកបានបន្ថែមថា ជាមួយគ្នានេះដែរ ធនធានធម្មជាតិនៃតំបន់អាងទន្លេសាប ក៏ជាប្រភពធនធានធម្មជាតិមួយដ៏រស់រវើក និងមិនចេះរីងស្ងួតប្រសិនបើយើងទាំងអស់គ្នាចេះគ្រប់គ្រង ការពារ ប្រើប្រាស់ និងអភិរក្ស ស្របតាម អនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕