(កំពង់ឆ្នាំង)៖ ខណៈបុណ្យប្រពៃណីចូលឆ្នាំខ្មែរ នឹងឈានចូលមកដល់ នៅថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០១៨ លោក ជា ចាន់តូ ទេសាភិបាល​ធនាគារជាតិនៃកម្ពុជា និងប្រតិភូធនាគារជាតិនៃកម្ពុជា បានចុះសួរសុខទុក្ខ និងនាំយកអំណោយចុះទៅចែកជូន ដល់បងប្អូននាយទាហាន នាយទាហានរង ពលទាហាន និងគ្រួសារកងទ័ពក្នុងកងពលតូចអន្តរាគមន៍លេខ១ នាថ្ងៃទី​០៣ ខែមេសា ឆ្នាំ២០១៨នេះ។

នាឱកាសនោះលោក ជា ចាន់តូ បានកោតសរសើរ ដោយស្មោះអស់ពីដួងចិត្ត ចំពោះវរភាពដ៏អង់អាចក្លាហានរបស់បងប្អូនវរៈកងទ័ពទាំងអស់ដែល​បាន តស៊ូជម្នះគ្រប់ឧបសគ្គ និងហ៊ានបូជាសាច់ស្រស់ឈាមស្រស់ៗ ដើម្បីបុព្វហេតុការពារជាតិ មាតុភូមិ និងការពារបូរណភាពទឹកដី។

លោក ជា ចាន់តូ ឲ្យដឹងថា មិនត្រឹមតែកងទ័ពប៉ុណ្ណោះទេ ដែលត្រូវប្ដេជ្ញាការពារថែរក្សាទឹកដីមាតុភូមិ ក្នុងនាមជាពលរដ្ឋខ្មែរគ្រប់រូប ក៏ត្រូវ​មានភារកិច្ចក្នុងការថែរក្សាទឹកកម្ពុជា ឲ្យបានគង់វង្សដូចគ្នា ព្រោះសមិទ្ធផលដ៏មានតម្លៃនេះនឹងជួយឲ្យ ប្រជាជនរស់នៅប្រកបដោយ
ភាពសុខក្សេមក្សាន្ត និងធ្វើឲ្យប្រទេសជាតិ កាន់តែមានការអភិវឌ្ឍរីកចម្រើនថែមទៀត។

ក្នុងនោះដែរដើម្បីអបអរសាទរបុណ្យចូលឆ្នាំប្រណីជាតិខ្មែរ លោក ជា ចាន់តូ បាននាំយកអំណោយប្រគល់ជូន អង្គភាពកងពលតូចអន្ដរាគមន៍លេខ១ដែលរួមមាន៖ ទឹកក្រូច និងទឹកផ្លែឈើចំនួន១០០កេស, ស្រាបៀរចំនួន១០០កេស, មីចំនួន១០០កេស, ទឹកសុទ្ធ១០០កេស, នំធុង២០ធុង, ស្ករគ្រប់១០កេស, នំអន្សម១១០នំនិងថវិកាចំនួន២០លានរៀលថែមទៀតផង។

ដោយឡែកសម្រាប់គ្រួសារកងទ័ពចំនួន២៩០គ្រួសារក្នុងមួយគ្រួសារៗ ក៏ទទួលបានឃីតមួយនំអន្សម និងថវិកាចំនួន៥ម៉ឺនរៀល ចំណែកឯកូនកូន ប្រុស-ស្រីរបស់វិរៈកងទ័ពម្នាក់ៗ ក៏ទទួលបានថវិកា៥ម៉ឺនរៀលផងដែរ។

ជាមួយនោះលោកទេសាភិបាល ក៏បានប្រកាសជួយជីកស្រះទឹកមួយកន្លែងទំហំ៥០ម៉ែត្រគុណនឹង១០០ម៉ែត្រតាមការស្នើសុំរបស់ ឧត្ដមសេនីយ៍ឯក ព្រហ្ម ផេង មេបញ្ជការកងពលតូចអន្តរាគមន៍លេខ១ផងដែរ៕