(បន្ទាយមានជ័យ)៖ ក្រុមក្មេងទំនើង៦នាក់ ដែលយកដំថ្មគប់ រថយន្តកំពុងធ្វើដំណើរនៅពេលយប់ បណ្តាលឲ្យបែកកញ្ចក់រងរបួសម្នាក់ កាលពីរសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០១៨ ត្រូវនគរបាលស្រុកមង្គលបូរី និងស្រុកព្រះនេត្រព្រះ បានសហការចុះស្រាវជ្រាវបង្រ្កាបបាន។
បើតាមសេចក្តីរាយការណ៍ ពីកម្លាំងនគរបាលស្រុកព្រះនេត្រព្រះបានឲ្យដឹងថា កាលពីយប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ១៥៦D ក្នុងភូមិសាស្រ្តក្បែរវត្តស្រមោច ស្ថិតនៅភូមិស្រមោច ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ជាប់ព្រំប្រទល់ស្រុកមង្គលបូរី មានក្រុមក្មេងទំនើង១ក្រុមមានគ្នាពី៦ ទៅ៨នាក់ បានធ្វើសកម្មភាពយកដុំថ្មគប់ ទៅលើរថយន្តរបស់ប្រជាពលរដ្ឋ ដែលបានធ្វើដំណើរឆ្លងកាត់ នៅចំណុចខាងលើបណ្តាលឲ្យត្រូវរងរបួសម្នាក់។
ក្រោយពីកើតហេតុជនរងគ្រោះ បានបង្ហោះព័ត៌មានតាមហ្វេសប៊ុក បង្កឲ្យមានការភ្ញាក់ផ្អើល ហើយព័ត៌មាននោះ ក៏លិចឮដល់ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ក៏បានចាត់លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការរងទទួលផែនព្រហ្មទណ្ឌ ដឹកនាំកម្លាំងការិយាល័យជំនាញ សហការជាមួយ និងកម្លាំងនគរបាលស្រុកមង្គលបូរី និងស្រុកព្រះនេត្រព្រះ ដើម្បីស្រាវជ្រាវស៊ើបអង្កេត ហើយក៏កំណត់បានមុខសញ្ញាក្រុមក្មេងទំនើងបង្ក ទើបកម្លាំងនគរបាលឈាន ដល់ការចាប់ខ្លួន៦នាក់ ចំណែក២នាក់ទៀតកំពុងរត់គេចខ្លួន។
អធិការនគរបាលស្រុក ព្រះនេត្រព្រះ វរសេនីយ៍ទោ មាស រិទ្ធី ប្រាប់ឲ្យដឹងថា ក្មេងទំនើងទាំង៦នាក់នោះ ពួកគេរស់នៅក្នុងស្រុកមង្គលបូរី និងនៅស្រុកព្រះនេត្រព្រះ ស្ថិតនៅក្បែរភូមិសាស្រ្តបង្កហេតុខាងលើ ដែលតាមចម្លើយសារភាពពីក្រុមក្មេងទាំងនោះ គឺពួកគេផឹកស្រាស្រវឹង រពឹសដៃក៏បានធ្វើសកម្មភាពយកដុំថ្មគប់រថយន្តអ្នកធ្វើដំណើរលេង។
ក្រុមក្មេងទំនើងខាងលើ ក្នុងចំណោមពួកគេ៦នាក់ កម្លាំងនគរបាលស្រុកព្រះនេត្រព្រះ ស្រាវជ្រាវឃើញថាមានជនដៃដល់២នាក់ប៉ុណ្ណោះ ជាជនដៃដល់ ចំណែក៤នាក់ មិនបានចូលរួមធ្វើសកម្មភាពនោះទេ។
កម្លាំងនគរបាលចាប់បញ្ជូន២នាក់ ជាជនដៃដល់ទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់ ដោយឡែង៤នាក់ទៀត ត្រូវបានអប់រំកែប្រែធ្វើ កិច្ចសន្យាដោះលែងទៅផ្ទះវិញ។ ចំណែកបក្ខពួក២នាក់ទៀត កំពុងរត់គេចខ្លួនក៏ជាមុខសញ្ញាជន ដៃដល់នោះផងដែរ ដែលសមត្ថកិច្ចកំពុងបន្តស្វែងរកចាប់ខ្លួន ដើម្បីយកមកចាត់ការតាមផ្លូវច្បាប់៕