(ភ្នំពេញ)៖ សមាគមរោងចក្រកាត់ដេរ នៅកម្ពុជា (GMAC) ព្រមទាំងកម្មករនិយោជិតទាំងអស់ ក្នុងឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង សូមសំដែងការកោតសរសើរ និងសាទរយ៉ាងខ្លាំងចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលប្រកាសផ្តល់សេវារថយន្តក្រុងសាធារណៈ ដោយឥតគិតថ្លៃ ជិះទៅមកពីរាជធានីភ្នំពេញ ទៅតាមបណ្តាខេត្តនានា ក្នុងអំឡុងពេលចូលឆ្នាំខ្មែរខាងមុខ។
តាមសេចក្ដីថ្លែងការណ៍អបអរសាទរ របស់ GMAC ដែលបណ្ដាលព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨ បានឲ្យដឹងថា សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ប្រជាពលរដ្ឋទាំងអស់ អាចជិះរថយន្តក្រុងសាធារណៈ ដោយឥតគិតថ្លៃ នៅរាជធានីភ្នំពេញ និងពីរាជធានីភ្នំពេញ ទៅតាមបណ្តាខេត្តនានា តាមផ្លូវជាតិលេខ១ លេខ៣ លេខ៤ លេខ៥ និងលេខ៦ សម្រាប់អំឡុងពេលចូលឆ្នាំខ្មែរ ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨។
GMAC បានបញ្ជាក់ថា «សេវា ដែលផ្តល់ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជួយកម្មករនិយោជិត ចំណេញថវិកា និងចៀសពីគ្រោះថ្នាក់ចរាចរណ៍ ដែលតែងតែកើតមាន ក្នុងអំឡុងពេលចូលឆ្នាំខ្មែរ»។
សមាគមរោងចក្រកាត់ដេរ នៅកម្ពុជា សូមសំដែងការគាំទ្រខ្លាំងបំផុត ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបាន និងកំពុងខិតខំរក្សាសន្តិភាព និងស្ថិរភាពនយោបាយ នៅក្នុងប្រទេស ជាពិសេសធានា ដល់ការបង្កើតការងារ និងកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាពសម្រាប់ការអភិវឌ្ឍប្រទេស៕