(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៨ស្អែកនេះ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍនា នឹងដឹកនាំកិច្ចប្រជុំគណៈកម្មការថ្នាក់ជាតិពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិត ស្នើសុំបន្ថូរបន្ថយទោស និងលើកលែងទោស ដើម្បីពិនិត្យសំណើសុំបន្ថូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។
បញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ថូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ មានទណ្ឌិតស្នើសុំសរុប ៣២១នាក់ (ស្ត្រី២៨នាក់) ដែលនេះជារបាយការណ៍ទទួលបានពីគណៈកម្មការថ្នាក់រាជធានីខេត្ត (ពន្ធនាគារចំនួន២០) និងគណៈកម្មការក្រសួងមហាផ្ទៃ (មណ្ឌលអប់រំកែប្រែចំនួន៤)។
សូមជម្រាបជូនផងដែរថា ការបន្ថូរបន្ថយទោស និងលើកលែងទោស គឺសម្រាប់តែទណ្ឌិតណា ដែលគោរពលក្ខខ័ណ្ឌ ដែលមានចែងក្នុងច្បាប់ ហើយទណ្ឌិតអាចស្នើសុំបាន មានតែនៅក្នុងពេលប្រារព្ធ ពិធីបុណ្យប្រពៃណីជាតិសំខាន់ៗ ដូចជា ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ពិធីបុណ្យពិសាខបូជា និងពិធីបុណ្យអុំទូកបណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក តែប៉ុណ្ណោះ។
បើតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ឆ្នាំ២០១៧កន្លងទៅ ព្រះមហាក្សត្របានបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតសរុបចំនួន១៥៧នាក់ (ស្រី២០នាក់) ដោយក្នុងព្រះរាជពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរចំនួន៧២នាក់ (ស្រី១១នាក់) ពិធីបុណ្យពិសាខបូជា ៣៥នាក់ (ស្រី៤នាក់) និងពិធីបុណ្យអុំទូកបណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក៥០នាក់ ស្រី៥នាក់៕