(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់សាលាដំបូងរាជធានីភ្នំពេញ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨នេះថា ព្រះរាជអាជ្ញារង សៀង សុខ បានសម្រេចចោទប្រកាន់មនុស្ស៤នាក់តែប៉ុណ្ណោះ ក្នុងចំណោម៦នាក់ ពាក់ព័ន្ធនឹងករណីធ្វើឃាតកម្មលើស្ត្រីឈ្មោះ ចេវ សុវឌ្ឍនា ។ ដោយចោទប្រកាន់ពីបទ ឃាតកម្ម និងលាក់បាំងតម្រុយ។
ជនសង្ស័យត្រូវចោទទាំង៤នាក់រួមមាន៖ ទី១៖ លោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ, ទី២៖ លោក ឡាយ ណារិទ្ធ ស្នងការរងនគរបាលខេត្តតាកែវ ត្រូវជាបងប្រុស លោក ឡាយ វណ្ណៈ, ទី៣៖ឈ្មោះ ម៉េន សាម៉ៃ អ្នកបើកឡានឲ្យលោក ឡាយ វណ្ណៈ និងទី៤៖ ឈ្មោះ ជឹម វុធ ហៅ ថូត ជាអ្នកបំរើនៅផ្ទះនាង ចេវ សុវឌ្ឍនា។
ចំណែកមនុស្ស២នាក់ទៀតត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញមានឈ្មោះ ឈ្មោះ ចាន់ រី ភេទស្រី និងឈ្មោះ តាក់ រតនា ជាអ្នកបើកឡានឲ្យលោក ឡាយ ណារិទ្ធ។
សម្រេចបើកការស៊ើបអង្កេតលើអង្គហេតុ និងដាក់ឲ្យស្ថិតក្រោមការពិនិត្យ៖
ទី១៖ ឈ្មោះ ឡាយ វណ្ណៈ ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ (ឃាត់ខ្លួន) ទី២៖ ឈ្មោះ ឡាយ ណារិទ្ធ ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ (ឃាត់ខ្លួន)។
ចោទប្រកាន់ពីបទ៖ ឃាតកម្ម ប្រព្រឹត្តនៅចំណុចផ្ទះជួល ភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ តាមបញ្ញត្តិមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ។
ទី៣៖ ឈ្មោះ ម៉េន សាម៉ៃ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ (ឃាត់ខ្លួន) ទី៤៖ ឈ្មោះ ជឹម វុធ ហៅថូត ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ (ឃាត់ខ្លួន)
ចោទប្រកាន់ពីបទ៖ លាក់បំបាំងតម្រុង ប្រព្រឹត្តនៅចំណុចផ្ទះជួល ភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ តាមបញ្ញត្តិមាត្រា៥៣២ នៃក្រមព្រហ្មទណ្ឌ។