(កោះកុង)៖ លោក William A. Heidt ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨នេះ បានអះអាងថា ខេត្តកោះកុង គឺជាខេត្ត ដែលមានការចំណាប់អារម្មណ៍ ច្រើនជាងគេ ពីសំណាក់ភ្ញៀវទេសចរអន្តរជាតិបរទេស ជាងខេត្តផ្សេងៗ ហើយ លោកនឹងខិតខំ ចូលរួមជួយស្ថាបនាករអភិវឌ្ឍន៍បន្ត។
ការអះអាងបែបនេះ ក្នុងឱកាសដែលលោក និងអង្គការ WlLA, LSS និងសហការី ចូលរួមក្នុងកិច្ចប្រជុំពិភាក្សា ជាមួយរដ្ឋបាលសាលាខេត្តកោះកុង ដោយមានការចូលរួមពី លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង អភិបាលរងខេត្ត រួមទាំងមន្ត្រីរាជការ ពាក់ព័ន្ធជាច្រើនរូបទៀត នាថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨នេះ។
ក្នុងកិច្ចប្រជុំពិភាក្សាខាងលើនេះ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា បានថ្លែងថា ក្នុងកិច្ចប្រជុំពិភាក្សាថ្ងៃនេះ លោកបានលើកយក នូវចំណុច៣សំខាន់ៗ មកពិភាក្សា ១៖ វិស័យពាណិជ្ជកម្ម, ២៖ វិស័យទេសចរណ៍, ៣៖ វិស័យបរិស្ថាន លើធនធានធម្មជាតិជីវៈចំរុះ ដែលមាននៅលើទឹកដីខេត្តកោះកុង។
លោក បានលើកឡើងថា ដោយខាងឯកអគ្គរដ្ឋទូត និងអង្គការ បានសំឡឹងមើលឃើញថា ទឹកដីខេត្តកោះកុង មានតំបន់ទេសចរណ៍ និងបរិស្ថានជីវៈចំរុះ ធនធានធម្មជាតិ ទាំងលើគោក និងក្នុងទឹកច្រើន និងផ្នែកវិស័យពាណិជ្ជកម្ម ក៏មានការរីកចំរើន លោក និងអង្គការ WlLA, lSS បានធ្វើការអភិរក្ស ដើម្បីថែរក្សាទុកនូវសម្បត្តិធម្មជាតិ សម្រាប់ប្រទេសកម្ពុជា។
លោក បន្ដថា អ្វីដែលផ្តោតសំខាន់ នៅខេត្តកោះកុង មានក្រពើព្រៃ ដែលកម្រងត្រីភ្នំ នៅមាន នៅឡើយ ដោយមិនទាន់ផុតពូជ ដែលត្រូវអង្គការអភិរក្សរកឃើញ នូវពពួកសត្វដ៏កម្រនេះ នៅឆ្នាំ២០០០ ហេតុដូច្នេះ លោកសូមឲ្យយើងទាំងអស់គ្នា ចូលរួមថែរក្សាឲ្យបានគង់វង្ស។
លោក William A. Heidt បានលើកឡើងថា បើកតាមការសង្កេត របស់លោក ក្នុងរយៈពេល១ឆ្នាំនេះ ខេត្តកោះកុង មានការចំណាប់អារម្មណ៍ច្រើនជាងគេ ពីសំណាក់ភ្ញៀវទេសចរ អន្តរជាតិបរទេស ជាងខេត្តផ្សេងៗ ហើយលោកនឹងខិតខំចូលរួមជួយស្ថាបនាករអភិវឌ្ឍន៍បន្ត។
លោកស្រី មិថុនា ភូថង បានថ្លែងថា លោកស្រីនឹងមន្ត្រីរាជការ ទាំងអស់ក្នុងខេត្តទទួលស្វាគមន៍ ដែលឯកអគ្គរដ្ឋទូត និងអង្គការ WlLA និងអង្គការ lSS ដែលជួយអភិរក្សសត្វព្រៃ និងត្រី រួមនឹងធនធានធម្មជាតិ ដែលកម្រងឲ្យបានគង់វង្ស និងបានលើកដម្កើន លើគ្រប់វិស័យដើម្បីអភិវឌ្ឍន៍ខេត្ត និងទាក់ក្រសែភ្នែក ភ្ញៀវទេសចរជាតិ-អន្តរជាតិ មានកំណើនខ្ពស់។
ក្នុងនោះដែរ លោកស្រី បានធ្វើការសំណូមពរ ដល់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក និងអង្គទាំង២ ជួយបង្ហាត់បង្រៀន ដល់ប្រជាពលរដ្ឋក្នុងការចិញ្ជឹមសត្វ ដាំដំណាំដាំដុះ និងជួយអប់រំ លើផ្នែកវិស័យសុខភាព ដល់ប្រជាជនឲ្យមានតម្លាភាពខ្ពស់ផ្នែកសុខភាព៕