(កំពត)៖ ដោយសារអាកាសធាតុ មិនអំណោយផល ធ្វើឲ្យការផលិតអំបិលរបស់កម្ពុជា ប្រឈមនឹងបញ្ហាខ្លាំង ដែលគិតរហូតមកដល់ខែមេសានេះ នៅពុំទាន់មានការប្រមូលផលអំបិលនៅឡើយទេ ទោះបីជាការប្រមូលផលអំបិល ត្រូវប្រមូលតាំងពីដើមខែមករាក្ដី កត្តាទាំងនេះ គឺបណ្ដាលមកពីអាកាសធាតុពោល គឺភ្លៀងមិនឈប់ ទោះបីជាខែនេះជាខែប្រាំងក្តី។ នេះបើយោងតាមលោក លី សេង ប្រធានសមាគមអំបិលខេត្តកំពត ប្រាប់បណ្តាញព័ត៌មាន Fresh News។
លោក លី សេង បានឲ្យដឹងថា ក្នុងឆ្នាំនេះប្រជាកសិករប្រមូលផលអំបិល មិនទាន់បានផលនោះឡើយ។ កត្តាដែលបណ្ដាលឲ្យមានការប្រមូលផលឆ្នាំនេះមិនបាន ព្រោះថា ឆ្នាំនេះភ្លៀងមិនឈប់ទោះបីខែនេះជាខែប្រាំងក្ដី។ ឆ្នាំនេះដែរការផ្គត់ផ្គង់អំបិលលើទីផ្សារ គឺមិនគ្រប់គ្រាន់នោះឡើយ ពោលគឺអាចប្រឈមនឹងការខ្វះអំបិលប្រើប្រាស់។
លោកបានបន្ដទៀតថា «ចំណែកឯប្រជាកសិករ ដែលប្រកបរបរនេះវិញ ឆ្នាំនេះគឺគ្មានចំណូលឡើយ គ្មានចំណូលព្រោះថា មិនមានអំបិលដែលប្រមូលផល»។
លោកបញ្ជាក់ទៀតថា បើគិតពីឆ្នាំ២០១៧ ការប្រមូលផលអំបិលហាក់ធ្លាក់ចុះដែរ ប៉ុន្ដែអាចផ្គត់ផ្គង់ទីផ្សារគ្រប់គ្រាន់ព្រោះថា ឆ្នាំមុនអំបិលដែលនៅក្នុងស្ដុកមានច្រើន។ ចំណែកឆ្នាំនេះ អំបិលក៏មានក្នុងស្ដុកដែរ តែមានត្រឹមតែ៥ម៉ឺនតោនប៉ុណ្ណោះ។ ៥ម៉ឺនតោននេះ បើតាមការព្យាករណ៍ គឺមិនអាចផ្គត់ផ្គង់ គ្រប់គ្រាន់នោះឡើយ បើតាមកាលកំណត់អំបិលក្នុងឆ្នាំនេះ អាចផ្គត់ផ្គង់ត្រឹមតែខែតុលាប៉ុណ្ណោះ នោះអំបិលនឹងអស់៕