(ភ្នំពេញ)៖ តាមការសន្យារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅរសៀលថ្ងៃអង្គារ ៣រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨នេះ សម្ដេចអនុញ្ញាតឲ្យក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា រៀបចំកម្មវិធីជួបសំណេះសំណាល និងទទួលទានអាហារសាមគ្គី មហាគ្រួសារកីឡាជាតិជាង ៣ពាន់នាក់ ជាលើកទី៣ នៅមជ្ឈមណ្ឌលកោះពេជ្រ។
យោងតាមការជូនដំណឹងរបស់អគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា កីឡាករ-កីឡាការិនី គ្រូបង្វឹក គ្រូជំនួយ និងមន្ដ្រី-បុគ្គលិកគ្រប់សហព័ន្ធកីឡាជាតិ និងស្ថាប័នពាក់ព័ន្ធកីឡាសរុបចំនួន ៣,៥៨៩នាក់ នឹងត្រូវធ្វើដំណើរតាមរថយន្ដក្រុងជាក្បួន ពីពហុកីឡដ្ឋានជាតិ ឆ្ពោះទៅកោះពេជ្រ នារសៀលថ្ងៃទី០៣ ខែមេសានេះ ដើម្បីជួបសម្ដែងការគួសម និងទទួលទានអាហារសាមគ្គីជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។
សូមបញ្ជាក់ថា នេះគឺជាការជួបជុំលេីកទី៣ ហេីយរវាងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ពិសេសសម្ដេចតេជោ ហ៊ុន សែន និងមហាគ្រួសារកីឡាជាតិ បើគិតតាំងពីឆ្នាំ២០១៦មក។ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ បានកើតឡើង ដោយសារការផ្ដល់អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី ដើម្បីផ្តល់នូវការគាំទ្រ និងភាពកក់ក្តៅដល់បងប្អូនអត្តពលិកទាំងអស់ ដើម្បីបន្ដការខិតខំប្រឹងប្រែងក្នុងដំណើរឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡា SEA Games លើកទី៣២ នាឆ្នាំ២០២៣៕