(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសសូមស្វាគមន៍ អ្នកសង្កេតការណ៍ជាតិ ដែលមានបំណងចុះឈ្មោះចូលរួមជាអ្នកសង្កេតការណ៍ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ដែលនឹងរៀបចំឡើងនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។ នេះបើយោងតាមសេចក្តី ប្រកាសព័ត៌មានរបស់ គ.ជ.ប ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨។

គ.ជ.ប ប្រកាសទទួលពាក្យសុំចុះឈ្មោះ អ្នកសង្កេតការណ៍ជាតិ ចាប់ផ្តើមពីថ្ងៃទី២៣ ខែមេសា និងបញ្ចប់នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង៥៖៣០នាទីល្ងាច។

អ្នកសង្កេតការណ៍ត្រូវផ្តល់របាយការណ៍ជាលាយលក្ខណ៍អក្សរ ស្តីពីការសង្កេតឃើញ និងសេចក្តីសន្និដ្ឋានរបស់ខ្លួន នៅក្នុងដំណើរការបោះឆ្នោត ផ្ញើជូន គ.ជ.ប បន្ទាប់ពីដំណើរការបោះឆ្នោតចប់សព្វគ្រប់។

សូមជម្រាបថា អ្នកសង្កេតការណ៍ជាតិ គឺជាជនជាតិខ្មែរ ឬជនជាតិបរទេស ដែលជាសមាជិក នៃសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ដែលត្រូវទទួលស្គាល់ ​និងអនុញ្ញាតដោយ គ.ជ.ប បេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ សមាជិកក្រុមប្រឹក្សារាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ សមាជិកក្រុមប្រឹក្សាសង្កាត់ មេភូមិ ជំនួយការភូមិ និងកម្លាំងប្រដាប់អាវុធ មិនត្រូវបានអនុញ្ញាត ឱ្យធ្វើជាអ្នកសង្កេតការណ៍ ដើម្បីសង្កេតមើលដំណើរការបោះឆ្នោត និងរាប់សន្លឹកឆ្នោតទេ។

គំរូពាក្យសុំចុះឈ្មោះសម្រាប់ អ្នកសង្កេតការណ៍ជាតិ ផ្តល់ជូនដោយឥតគិតថ្លៃ ឬអាចទាញយកទម្រង់បែបបទរបស់ខ្លួន ពីគេហទំព័ររបស់ គ.ជ.ប https://www.necelect.org.kh/khmer/content/3064 និងត្រូវទៅដាក់ពាក្យនៅ គ.ជ.ប នៅការិយាល័យកិច្ចការ គណបក្សនយោបាយ និងអ្នកសង្កេតការណ៍ រៀងរាល់ម៉ោងធ្វើការ ពេលព្រឹកចាប់ពីម៉ោង៧៖០០នាទី ដល់ម៉ោង១១៖៣០នាទី និងពេលរសៀលចាប់ពីម៉ោង២៖០០នាទី ដល់ម៉ោង៥៖៣០នាទីល្ងាច៕