(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្តិ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សក្រសួងពាណិជ្ជកម្ម បានក្រើនរំលឹកដល់សមាជិក សមាជិកានៃគណបក្សប្រជាជនកម្ពុជានៅក្នុងក្រសួងពាណិជ្ជកម្មថា ត្រូវប្រកាន់ខ្ជាប់នូវជំហរដ៏មុតមាំរបស់បក្សក្នុងការលើកកម្ពស់មនសិការស្នេហាជាតិ គោរពស្រឡាញ់ប្រជាជន ជិតស្និទជាមួយប្រជាជនដោយមិនរើសអើង និងបម្រើប្រជាជនដោយឥតលក្ខខណ្ឌ។
លោក ប៉ាន សូរស័ក្តិ បានក្រើនរំលឹកដូច្នេះក្នុងពិធីផ្សព្វផ្សាយលទ្ធផលមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស គោលការណ៍ ការងារគណបក្ស និងការងារឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ដល់សមាជិក សមាជិកា គណបក្សក្រសួងចំនួន ៣០០នាក់នៅរសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៨ នៅគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ។
លោក ប៉ាន សូរស័ក្តិ បានថ្លែងក្នុងឱកាសនោះថា សមាជិកសមាជិកាគណបក្សក្រសួងពាណិជ្ជកម្មទាំងអស់ត្រូវតែប្រកាន់ខ្ជាប់គោលជំហរមុតមាំក្នុងការអនុវត្តលក្ខន្តិកៈបក្ស បទបញ្ជាផ្ទៃក្នុងកម្មវិធីនយោបាយរបស់គណបក្ស និងកម្មវិធីនយោបាយរបស់រដ្ឋាភិបាល ឲ្យកាន់តែបានល្អ ឲ្យកាន់តែមានប្រសិទ្ធភាពសំដៅបង្កើនប្រជាប្រិយភាពរបស់គណបក្ស និងដើម្បីរក្សាប្រៀបឈ្នះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ ឆ្នាំ២០១៨។
លោក ប៉ាន សូរស័ក្តិ ដែលមានតួនាទីក្នុងជួររាជរដ្ឋាភិបាលជារដ្ឋមន្ត្រីនៃក្រសួងពាណិជ្ជកម្ម បានថ្លែងគូសបញ្ជាក់យ៉ាងដូច្នេះ «ចំណុចជាយុទ្ធសាស្ត្រគន្លឹះរបស់គណបក្សយើង គឺការលើកកម្ពស់មនសិការស្នេហាជាតិ គោរពស្រឡាញ់ប្រជាជន ជិតស្និទជាមួយប្រជាជនដោយមិនរើសអើង និងបម្រើប្រជាជនដោយឥតលក្ខខណ្ឌ និងឈរលើអភិក្រមបុរេសកម្ម មន្ត្រីគ្រប់ជាន់ថ្នាក់របស់គណបក្សត្រូវខិតខំពន្យល់ និងបង្ហាញឲ្យប្រជាជនទូទៅមើលឃើញថា គណបក្សប្រជាជនកម្ពុជាមិនត្រឹមតែជាអ្នកដឹកនាំរំដោះជាតិ ចេញពីក្រញ៉ាំដៃនៃបន ប៉ុល ពត និងជាអ្នកនាំមកនូវលទ្ធភាពពេញលេញក្នុងការបង្រួបបង្រួមជាតិពិតប្រាកដព្រមទាំងដឹកនាំស្តា និងអភិវឌ្ឍប្រទេសជាតិពីគំនរផេះផង់ លើកកម្ពស់ជីវភាពប្រជាជនឲ្យប្រសើរដូចបច្ចុប្បន្ននេះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាគណបក្សតែមួយគត់ដែលគិតគូទៅដល់អនាគត គិតគូដល់សំណូមពរ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ»។
«យើងត្រូវផ្តោតការយកចិត្តទុកដាក់ជាពិសេសទៅលើប្រសិទ្ធភាព និងភាពសក្តិសិទ្ធក្នុងការបម្រើប្រជាជន ក៏ដូចជាការលាងសម្អាតខ្លួន និងកែប្រែមុខមាត់របស់មន្ត្រីដឹកនាំរបស់គណបក្ស នៅគ្រប់ជាន់ថ្នាក់ តាំងពីថ្នាក់លើដល់ថ្នាក់ក្រោម។ យើងមិនអាចកាត់យកមន្ត្រីរបស់យើងទៅគ្រវាត់ចោលបានទេ ប៉ុន្តែមន្ត្រីទាំងនេះក៏មិនត្រូវទុកខ្លួនបន្តកំហុសទៀតដែរ ត្រូវចេះកែប្រែទៅជាមនុស្សល្អ ហើយយើងក៏មិនព្រលែងដៃឲ្យសមាជិកយើងបន្តធ្វើខុសបានទៀតទេ។ ក្នុងប្រព័ន្ធប្រជាធិបតេយ្យគណបក្សប្រឆាំងមួយបានបាត់ យូរ ឬឆាប់គណបក្សប្រឆាំងមួយទៀត វានឹងកើតឡើងមក យើងមិនត្រូវខ្លាចចំពោះការកើតនៃបក្សប្រឆាំងណាមួយទេ ប្រសិនបើយើងមានចំណុចខ្លាំងក្នុងដៃ គឺយើងមានប្រជាជនជឿជាក់លើគណបក្សយើង។ ដូចនេះមិនត្រូវធ្វើឲ្យប្រជាជនបាត់ជំនឿដោយសារមន្ត្រីយើងមួយចំនួននោះទេ អ្នកធ្វើខុស ក៏ត្រូវធ្វើការកែប្រែ បើមិនកែប្រែទេប្រជាពលរដ្ឋនឹងពិន័យយើងតាមសន្លឹកឆ្នោតពិតប្រាកដ។ ក្នុងបក្សយើងមានគណៈត្រួតពិនិត្យដែលជាជំនួយការឲ្យគណៈកម្មាធិការគណបក្សគ្រប់ជាន់ថ្នាក់ ដូចនេះសូមគណៈត្រួតពិនិត្យគ្រប់ថ្នាក់ រួមជាមួយអធិការកិច្ចគ្រប់ថ្នាក់នៃរាជរដ្ឋាភិបាល ត្រូវធ្វើការងារនេះដើម្បីមានវិធានការចំពោះមន្ត្រីតាមគោលការណ៍»។ លោក ប៉ាន សូរស័ក្តិ បញ្ជាក់បន្ថែម។
លោក ប៉ាន សូរស័ក្តិ ក៏បានស្នើដល់ថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ទាំងអស់ ពីនេះរហូតដល់ពេលបោះឆ្នោតខាងមុខ ត្រូវបង្កើនសកម្មភាព ដើម្បីបញ្ចេញលទ្ធផលជាក់ស្តែង បែរមុខឆ្ពោះទៅមូលដ្ឋាន ធ្វើការសម្អាតខ្លួន កែប្រែមុខមាត់ ព្រមទាំងសកម្មប្រយុទ្ធយកប្រៀបថែមទៀតលើសមរភូមិសាធារណៈមតិ ដើម្បីសម្រេចឲ្យបានតាមការប្តេជ្ញាចិត្តជាយុទ្ធសាស្ត្ររបស់គណបក្ស។
លោកបានរំលឹកសមាជិក សមាជិកាបក្ស នៃក្រសួងពាណិជ្ជកម្មថា អង្គសន្និបាតបានកំណត់ថា គ្រប់ការងារបស់បក្សត្រូវតែស្រុះគ្នា ស្មើដៃគ្នា និងប្រទាក់ក្រឡាគ្នាជាអង្គតែមួយពីលើដល់ក្រោម ទាំងខ្សែបណ្តោយ ទាំងខ្សែទទឹងនៅក្នុងស្មារតីសាមគ្គីភាព និងឯកភាពផ្ទៃក្នុងគណបក្ស ដ៏រឹងមាំឥតរង្គោះរង្គើ ទាំងខាងទស្សនៈនយោបាយ សតិអារម្មណ៍ និងគោលជំហរ៕