(បន្ទាយមានជ័យ)៖ នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៨នេះ អង្គការកម្ពុជានៃសង្ឃឹម ហៅកាត់ថា (CHO) បានរៀបចំពិធីប្រគល់កុំព្យូទ័រចំនួន២៦គ្រឿង ជូនដល់អង្គភាពពាក់ព័ន្ធដែលបាន និងកំពុងអនុវត្តន៍បន្តលើកម្មវិធីផ្សព្វផ្សាយ និងបើកវគ្គបំប៉នស្តីពី «ការទប់ស្កាត់ការជួញដូរ រំលោភ បំពាន ផ្លូវភេទលើកុមារ» ដែលពិធីនេះប្រារព្វធ្វើ ក្រោមអធិបតីភាពលោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ លោកសាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែត ស្ថិតនៅភូមិបាលិលេយ្យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
ក្នុងពិធីនេះ លោកអគ្គនាយក CHO បានឲ្យដឹងថា អង្គការរបស់លោក គឺបានការគាំទ្រពីក្រៅប្រទេស ក្នុងគោលបំណងរួមចំណែកលើកតម្កើង ជីវភាពប្រជាពលរដ្ឋក្រលំបាក និងធ្វើសកម្មភាពអប់រំ ផ្សព្វផ្សាយទៅលើការងារទប់ស្កាត់ការជួញដូរ រំលោភបំពានផ្លូវភេទលើកុមារ និងការងារចូលរួមសង្គមផ្សេងៗជាច្រើនទៀត ដោយមិនជ្រៀតជ្រែកលើការងារនយោបាយរបស់កម្ពុជាឡើយ។
លោកបានបន្តថា CHO តែងតែទទួលបាននូវការគាំទ្រ និងកិច្ចសហការពីសំណាក់អាជ្ញាធរ និងស្ថាប័នមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ជាពិសេសពីសំណាក់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង ជាអគ្គមគ្គុទេសដ៏ឆ្នើមរបស់កម្ពុជា។
លោកសួន បវរ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ រាល់ការចូលរួមគាំទ្រដល់សង្គម របស់ CHO ហើយជាពិសេស គឺមិនប្រកាន់និន្នាការនយោបាយ។
លោកអភិបាលខេត្ត បានបញ្ជាក់បន្ថែមថា សកម្មភាពជាក់ស្តែងទាំងនេះ បានឆ្លុះបញ្ចាំងពីកិច្ចសហការយ៉ាងរលូនរវាងអង្គការ និងរាជរដ្ឋាភិបាលនៃកម្ពុជា ហើយគឺជាសកម្មភាពមនុស្សធម៌យ៉ាងពិតៗ ជួយពិតៗ ដោយមិនគិតពីការទទួល ប្រយោជន៍ត្រឡប់ទៅវិញ។
សូមបញ្ជាក់ថា លោក សួន បវរ ទទួលបាន Laptop ១គ្រឿង, លោក ឈើយ ចាន់ណា Laptop ១គ្រឿង, សាលាខេត្តបន្ទាយមានជ័យ Desktop ៣គ្រឿង, តំបន់ប្រតិបត្តិការសឹករងខេត្ត Desktop ១គ្រឿង, រាជអាវុធហត្ថខេត្ត Desktop ១គ្រឿង, ស្នងការដ្ឋាននគរបាលខេត្ត Desktop ១គ្រឿង, មន្ទីរអប់រំយុវជន និងកីឡាខេត្ត Desktop ១គ្រឿង, មន្ទីសង្គមកិច្ចអតីតយុទ្ធជន យុវនីតិសម្បទាខេត្ត Desktop ១គ្រឿង, មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត Desktop ១គ្រឿង, សាលាក្រុងប៉ោយប៉ែត Desktop ២គ្រឿង, កងរាជអាវុធហត្ថក្រុង Desktop ១គ្រឿង, អធិការដ្ឋាននគរបាលក្រុង Desktop ១គ្រឿង, សាលាសង្កាត់ប៉ោយប៉ែត Desktop ១គ្រឿង, សាលាសង្កាត់ផ្សារកណ្តាល Desktop ១គ្រឿង, សាលាសង្កាត់និមិត្ត Desktop ១គ្រឿង, អង្គភាពនគរបាលអន្តោរប្រវេសន៍ ប្រចាំច្រកទ្វារប៉ោយប៉ែត Desktop ១គ្រឿង, និងសាលាសេហ្វហេវ៉ិន Desktop ៦គ្រឿង៕