(ភ្នំពេញ)៖ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា ប្រើប្រាស់ការងារចម្រុះ ដោយទំនាក់ទំនងជាមួយបណ្តាប្រទេសនានា នៅលើក្នុងតំបន់ និងសកលលោក ដើម្បីដឹកនាំកម្ពុជាឲ្យមានការអភិវឌ្ឍទៅមុខ ហើយមិនចាប់ដៃជាមួយប្រទេសណាមួយដែលបង្អាក់ការអភិវឌ្ឍន៍ និងរារាំងភាពរីកចម្រើនរបស់ប្រទេសនោះទេ។
លោកបណ្ឌិត សុខ ទូច បានថ្លែងបែបនេះនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៨នេះ នៅក្នុងឱកាសលោករួមជាមួយលោក Michael Newbill អនុប្រធានបេសកកម្មកិច្ចការបរទេសរបស់ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា រៀបចំបាឋកថា «គោលនយោបាយរដ្ឋបាល ដូណាល់ត្រាំ ស្តីពីសន្តិសុខ និងពាណិជ្ជកម្មក្នុងតំបន់» នៅរាជបណ្ឌិតសភាកម្ពុជា។
លោកបណ្ឌិត សុខ ទូច បានថ្លែងយ៉ាងដូច្នេះថា «ប្រទេសកម្ពុជា បានធ្វើដំណើរដ៏ត្រឹមត្រូវមួយ គឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា លោកបានប្រើប្រាស់នូវការងារចម្រុះពណ៌ ដោយធ្វើការទំនាក់ទំនងល្អជាមួយនឹងប្រទេសជប៉ុន កូរ៉េខាងត្បូង សហគមន៍អឺរ៉ុប ដែលមានគោលដៅដូចគ្នា ដែលនាំឲ្យប្រទេសមានការអភិវឌ្ឍ និងមិនមែនចាប់ដៃជាមួយប្រទេសណាមួយ ដែលធ្វើឲ្យប្រទេសមិនមានការរីកចម្រើននោះទេ»។
លោក សុខ ទូ បានបន្តថា នៅថ្ងៃខាងមុខ រាជបណ្ឌិតសភានឹងធ្វើការជាមួយប្រទេសមហាអំណាចចំនួនពីរទៀត គឺប្រទេសរស្ស៊ី និងប្រទេសចិន ដើម្បីឲ្យប្រជាពលរដ្ឋដឹងថា មហាអំណាចទាំងនោះ ដើរដល់ណា ហើយឈានទៅណា ដើម្បីឱ្យអ្នកការបរទេស អ្នកនយោបាយ អ្នកវិនិយោគ បរទេសនានា បានសម្លឹងមើលថា អ្វីដែលត្រូវមកធ្វើការវិនិយោគនៅកម្ពុជា និងឱ្យអ្នកទាំងនោះបានមើលឃើញ នូវភាពរឹងមាំរបស់កម្ពុជា ដែលឈរលើវិថីមួយក្រោមការដឹកនាំយ៉ាងត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងពេលបច្ចុប្បន្ននេះ។
ប្រធានរាជបណ្ឌិត្យសភា សុខ ទូច បានបន្ថែមទៀតថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានខិតខំដឹកនាំប្រទេសដើរមួយជំហ៊ានៗ ប្រកបដោយយុទ្ធសាស្ត្រត្រឹមត្រូវ ដោយកម្ពុជាមិនអាចចាប់អ្នកនេះ ហើយលែងអ្នកនោះដូចមតិមួយចំនួន បានលើកឡើងនោះទេ ដោយចោទប្រកាន់ថា រាជរដ្ឋាភិបាល បានចាប់ដៃយ៉ាងស្អិតជាមួយប្រទេសចិន បែរជាបោះបង់ចោលសហរដ្ឋអាមេរិក ទៅវិញទាំងនេះគ្រាន់តែជាការគិតខុសតែប៉ុណ្ណោះ គឺរាជរដ្ឋាភិបាល មិនបានបោះបង់អ្នកណាមួយទៅចាប់ដៃអ្នកណាមួយនោះទេ យើងដឹងហើយថាសហអាមេរិកជាប្រទេសផ្តល់ទីផ្សារ រីឯប្រទេសចិន ជាអ្នកផ្តល់ការវិនិយោគ។
ពាក់ព័ន្ធការលើកឡើងនេះ លោក សុខ ទូច បានបញ្ជាក់ថា រាជរដ្ឋាភិបាលមិនដែលបោះបង់បរទេសណាមួយ ឬទៅចាប់បរទេសណាមួយនោះទេ គឺប្រទេសចិនក៏ចាប់ សហរដ្ឋអាមេរិកក៏ចាប់ក៏ប៉ុន្តែដោយឈរនៅលើគោលការណ៍បីចំណុចរួមមានទី១៖ អធិបតេយ្យភាព បូរណភាពទឹកដី និងច្បាប់របស់កម្ពុជា មិនអាចយកច្បាប់ចិន ឬច្បាប់អាមេរិក មកអនុវត្តនៅកម្ពុជានោះទេ ជនបរទេសទាំងអស់ត្រវគោរពច្បាប់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងសូមឱ្យយុវជន អ្នកនយោបាយ ក្រឡេកទៅមើលអតីតកាលពីភាពជូរចត់ សូមកុំជឿគេបើខ្លូនឯងមិនបានអាន ប្រវត្តិសាស្ត្រ មិនបានដឹកក្បូន នេះជាកំហុសធ្ងន់ធ្ងរណាស់ប្រសិនបើជឿងដោយភាពងងឹតងងុល មិនជឿមប្រទេសយើង អញ្ចឹងទេការផ្តល់ឱកាស គឺមានសេចក្តីសំខាន់ខ្លាំងណាស់ បច្ចុប្បន្ននេះកម្ពុជា មានការរីកចម្រើនដល់ដំណាក់កាលនេះ យើងត្រូវបន្តការអភិវឌ្ឍប្រទេសយើងបន្តទៀត ដោយនាំគ្នាចូលរួមអភិវឌ្ឍទៅតាមជ្រុងនីមួយៗ ដែលខ្លួនមានទៅតាមឯកទេសរៀងៗខ្លួនផងដែរ៕