(ភ្នំពេញ)៖ ខណៈពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ កាន់តែខិតជិតចូលមកដល់នាពេលឆាប់ៗខាងមុខ ជាពិសេសការគិតគូរយ៉ាងខ្លាំងចំពោះបញ្ហា ប៉ះពាល់សុខភាពប្រជាពលរដ្ឋផងនោះ លោក គង់ វុទ្ធី អនុប្រធានសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ បានដឹកនាំមន្រ្តីជំនាញចុះធ្វើការពិនិត្យ និងស្វែងរកសារធាតុគីមីហាមឃាត់លើចំណីអាហារ និងគ្រឿងឧបភោគបរិភោបនៅក្នុងផ្សារបឹងត្របែក ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៨។
លោក គង់ វុទ្ធី បានថ្លែងថា លោកតែងតែបានដឹកនាំមន្រ្តីជំនាញ ចុះទៅតាមផ្សារទាំងអស់ក្នុងរាជធានីភ្នំពេញ ម្យ៉ាងវិញទៀត ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ លោកប្រធានប្រតិភូទទួលបន្ទុកអគ្គនាយកដ្ឋានកាំកុងត្រូល និងលោកប្រធានសាខាផែស្ងួតចុងទីភ្នំពេញ រួមទាំងមានការសំណូមពរពីបងប្អូនប្រជាពលរដ្ឋ អំពីផលប៉ះពាល់សុខភាព ចំពោះសារធាតុគីមីហាមឃាត់ ដែលជាការគេងចំណេញរបស់ជនខិលខូច ដែលលួចបន្ថែមក្នុងចំណីអាហារ ដើម្បីមប្រើផលប្រយោជន៍ផ្ទាល់ខ្លួន។
ក្នុងប្រតិបត្តិការនេះលោក គង់ វុទ្ធី បានធ្វើការណែនាំក្រុមអាជីវករ ដាក់តាំងលក់ផលិតផលឲ្យត្រូវតាមលក្ខណៈបច្ចេកទេស ដោយញែកចេញពីគ្នារវាងគ្រឿងប្រើប្រាស់ ដែលមានផ្ទុកសារធាតុពុល និងឲ្យបងប្អូនអាជីវករទាំងអស់ ត្រូវណែនាំបន្តដល់អ្នកចែកចាយ កុំឲ្យដាក់បន្ថែមនូវសារធាតុហាមឃាត់ផ្សេងៗ។
ជាងនេះទៅទៀតនោះ បងប្អូនអាជីវករ អ្នកចែកចាយ លក់ដុំ លក់រាយ អ្នកផលិត នាំចូលចែកចាយ ត្រូវតែមានប្រភពច្បាស់លាស់សិនមុននឹងទទួលលក់ ហើយបញ្ឍប់ការលាយបន្ថែម នូវសារធាតុគីមីហាត់ទៅលើផលិតផលម្ហូបអាហារ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។
លោកបានថ្លែងនូវការកោតសរសើរ និងវាយតម្លៃចំពោះអ្នកប្អូនអាជីវករ ក្នុងផ្សារបឹងត្របែកទាំងអស់ ដែលប្រតិបត្តិការនេះ លោក និងក្រុមការងារបានយកបន្លែ ផ្លែឈើ និងចំណីអាហារយកទៅពិនិត្យចំនួន៥៤គំរូ ប៉ុន្តែមុខទំនិញទាំងអស់គឺគ្មានសារធាតុហាមឃាត់ អ្វីគួរឱ្យកត់សម្គាល់ឡើយ ហើយលោកសង្ឃឹមជឿជាក់ថា ដែលអាជីករទទួលបានការយល់ដឹងបានជ្រួតជ្រាប និងជួយយកទៅផ្សព្វផ្សាយបន្តទៅអ្នកដ៏ទៃ៕