(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្តែងការព្រួយបារម្ភចំពោះស្ថានភាពរបស់ពិភពលោកនាពេលនេះ ដែលកំពុងបាត់បង់សណ្តាប់ធ្នាប់ ហើយប្រឈមនឹងស្ថានភាពមួយ ដែលមិនអាចប៉ាន់ស្មានបាន។ ការសម្តែងការព្រួយបារម្មនេះ បានធ្វើឡើងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតនៃ វិទ្យាស្ថានវ៉ាន់ដា នៅសាលសន្និបាត និងពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨។
សម្តេចតេជោ បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ភាពពេញបន្ទុកនៅលើពិភពលោក ហាក់ដូចជាគួរឱ្យចាប់អារម្មណ៍ រឿងបញ្ហានុយក្លេអ៊ែ គឺជាបញ្ហាមួយហើយ ពិតមែនតែជំនួបដែលនឹងជិតឈានមកដល់នៅក្នុងខែមេសានេះ រវាងមេដឹកនាំកូរ៉េខាងជើង និងមេដឹកនាំកូរ៉ខាងត្បូង ហើយនិងជំនួបមេដឹកនាំខាងជើង ជាមួយសហរដ្ឋអាមេរិក នៅពេលខាងមុខនេះដែរ បើសិនជាគ្មានអ្វីប្រែប្រួល។ អញ្ចឹងបញ្ហានុយក្លេអ៊ែ នៅលើពិភពលោក គឺនៅតែជាបញ្ហាផុយស្រួយនៅឡើយ»។
សម្តេចបានបន្តទៀតថា «ឥឡូវនេះ ពិភពលោកហាក់កំពុងស្ថិតនៅក្នុងដំណាក់កាលនៃការរត់ប្រណាំងសព្វាវុធ លើពីសម័យមុនទៅទៀត ដែលហៅថាសង្រ្គាមត្រជាក់ ដែលពេលនោះ មានតែអតីតសហភាពសូវៀត និងអាមេរិកទេ ដែលជាអ្នកដាក់ប្រព័ន្ធ មីស៊ីលទៅវិញទៅមក ឬប្រព័ន្ធការពារទៅវិញទៅមក។ ឥឡូវនេះ មានប្រទេសច្រើនលើសពីពីរ ប្រទេសខ្លះប្រឹងផលិតនុយក្លេអ៊ែរបស់ខ្លួនដែរ ដូចជាសំណុំរឿងរបស់អ៊ីរ៉ង់ នុយក្លេអ៊ែរបស់កូរ៉េខាងជើង ប៉ុន្តែប្រទេសដែលអត់មានការផលិតខ្លួនឯង ក៏ត្រូវទិញកាំភ្លើងខ្លួនឯងដើម្បីបំពាក់ អញ្ចឹងគិតវ៉ៃគ្នាទៅណា? បើយើងនិយាយអំពីបញ្ហាផុយស្រួយ នៃសន្តិភាព និងការគំរាមកំហែង នៃសង្រ្គាមនុយក្លេអ៊ែ ឬសង្គ្រាមទ្រង់ទ្រាយធំ កំពុងស្ថិតនៅក្នុងស្ថានភាពមិនច្បាស់លាស់មួយ សង្កៀតធ្មេញដាក់គ្នាទៅវិញទៅមក អាហ្នឹងមួយទៅ។ ឯមួយទៀត នយោបាយគាំពានិយម និងការសង្រ្គាមពាណិជ្ជកម្ម បាននិងកំពុងរីកពេញបន្ទុក»។
ការព្រួយបារម្ភរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចំពោះសន្តិសុខពិភពលោក បានធ្វើឡើងបន្ទាប់ពីពិភពលោកទាំងមូល បានលេចឡើងនូវបញ្ហាជាច្រើនដែលអាចបង្កភាពស្មុកស្មាញ និងពិបាករកដំណោះស្រាយ ក្នុងនោះមានបញ្ហានុយក្លេអ៊ែ នៅឧបទ្វីបកូរ៉េ សង្រ្គាមសេដ្ឋកិច្ចរវាងចិន និងអាមេរិក សង្រ្គាមការទូតរវាងរុស្ស៊ី ជាមួយអាមេរិក និងប្រទសមួយចំនួននៅអឺរ៉ុប រួមទាំងបញ្ហាទទួលស្គាល់រដ្ឋធានីយេរ៉ូសាឡឹម ជារបស់ប៉ាឡេស្ទីន និងបញ្ហានៅមជ្ឈឹមបូព៌ាផងដែរ។
រដ្ឋាភិបាលក្រុងប៉េកាំង កាលពីថ្ងៃចន្ទ ទី០២ ខែមេសា ឆ្នាំ២០១៨ បានប្រកាសដំឡើងពន្ធ ២៥ភាគរយ ឬស្មើនឹងជាង ០៣ពាន់លានដុល្លារអាមេរិក លើផលិតផលចំនួន ១២៨មុខ ក្នុងនោះរួមមានទាំងសាច់ជ្រូក និងស្រា ដែលនាំចូលពីសហរដ្ឋអាមេរិក ជាការឆ្លើយតបយ៉ាងក្តៅភ្លាមៗទៅនឹងការដំឡើងពន្ធលើដែកថែប និងអាលុយមីញ៉ូមរបស់ រដ្ឋាភិបាលអាមេរិក លោក ដូណាល់ ត្រាំ ប៉ុន្តែទីក្រុងវ៉ាស៊ីនតោន ក៏បានសម្តែងការខឹងសម្បារតបមកវិញដែរដោយលោក ដូណាល់ ត្រាំ បានចាត់ទុកថា ភាពតានតឹងរវាងចិន និងសហរដ្ឋអាមេរិក គឺជាសត្រូវសេដ្ឋកិច្ច។
ចំណែកសង្រ្គាមការទូតរវាងរុស្ស៊ី និងអាមេរិក រួមទាំងប្រទេសមួយចំនួននៅអឺរ៉ុប, រដ្ឋាភិបាលទីក្រុងម៉ូស្គូ បានប្រកាសបណ្តេញមន្ត្រីទូតអង់គ្លេសប្រចាំប្រទេសរុស្ស៊ី សរុប២៣នាក់ចេញពីរុស្ស៊ី ជាការសងសឹកទៅនឹងនាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី ធេរ៉េសា ម៉ាយ (Theresa May) ដែលបានសម្រេចចិត្តបណ្ដេញមន្ត្រីទូតរុស្ស៊ី ២៣នាក់ ចេញពីទីក្រុងឡុងដ៍។ ជាមួយគ្នានេះដែរ នាថ្មីៗនេះ សហរដ្ឋអាមេរិក និងបណ្តាប្រទេសមួយចំនួននៅអឺរ៉ុប បានសម្រេចបណ្តេញមន្ត្រីទូតរុស្ស៊ី ចេញពីដែនដីរបស់ខ្លួន។ ជាការឆ្លើយតបរុស្ស៊ី ក៏សម្រេចចិត្តបណ្តេញមន្ត្រីទូតអាមេរិក ចេញពីដែនដីរបស់ខ្លួនដូចគ្នា។
សង្រ្គាមការទូតនេះ បានចាប់ផ្តើមឡើងបន្ទាប់ពី មានឃាតកម្មសម្លាប់អតីតមន្ត្រីចារកម្មរុស្ស៊ី លោក Sergei Skripal និងកូនស្រីរបស់លោកឈ្មោះ Yulia តាមរយៈការលួចបំពុលសម្លាប់ នៅក្នុងទីក្រុង Salisbury ប្រទេសអង់គ្លេស កាលពីថ្ងៃទី០៤ ខែមីនាកន្លងទៅ ដែលអាមេរិក រួមទាំងសម្ព័ន្ធមិត្តបានចោទរុស្ស៊ីថា ជាអ្នកនៅពីក្រោយនៃឃាតកម្មនេះ ទោះបីជារុស្ស៊ី បានបដិសេធជាច្រើនដងយ៉ាងណាក៏ដោយ។
សម្តេចបានបន្តថា «ឥឡូវសង្រ្គាមការទូត កំពុងក្លាយទៅជាប្រធានបទធំទៅទៀតហើយ អង់គ្លេសបានដេញអ្នកការទូតរុស្ស៊ី រុស្ស៊ីក៏បានដេញអ្នកការទូតអង់គ្លេស បន្ទាប់មកអាមេរិកដេញអ្នកការទូតរបស់រុស្ស៊ី បូកជាមួយរដ្ឋមួយចំនួនដេញអ្នកការទូតរុស្ស៊ី ឥឡូវរុស្ស៊ីដេញតទៅវិញ បន្តិចទៀតអស់អ្នកការទូតរៀងខ្លួនហើយ»។ សម្តេចបានបន្ថែមថា ឥឡូវនេះ ប្រទេសដែលធ្លាប់ចូលរួម ប្រយុទ្ធប្រឆាំងភេរវកម្ម បែរជាក្លាយទៅជាប្រទេសដែលប្រឈមមុខដាក់គ្នា ដែលការប្រឈមមុខដាក់គ្នាបែបនេះ ធ្វើឱ្យចំណេញដល់នេះពួកភេរវករនៅលើពិភពលោក។
សម្តេចបញ្ជាក់ទៀតថា៖ «តើអនាគត នៃកិច្ចខិតខំប្រឹងប្រែង នៃការប្រយុទ្ធប្រឆាំងភេរវកម្ម វាមានន័យអីទេ មានតម្លៃអ្វីទៀតទេ។ រឿងនេះ ក៏ជារឿងដដែល ដែលខ្ញុំធ្លាប់បានលើកនៅណៃពិដោ ពេលមានវត្តមានរបស់ប្រធានាធិបតេយ្យអាមេរិកអូបាមា អំពីបញ្ហាការត្រូវទុកបញ្ហាខ្វែងគំនិតគ្នានៅមួយអន្លើ ហើយសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងភេរវកម្ម ដែលជាគ្រោះថ្នាក់រួមសម្រាប់ពិភពលោកទាំងមូល»។
សម្តេចបានជំរុញឱ្យមានការតាមមើលសភាពការណ៍ទាំងនេះតទៅទៀត។ ជាមួយគ្នានេះ សម្តេចក៏បានលើកឡើងអំពីបញ្ហានៅមជ្ឈឹមបូព៌ា ដែលនៅមិនទាន់ស្ងប់នៅឡើយ បន្ទាប់ពីអាមេរិកទទួលស្គាល់ទីក្រុងយេរ៉ូសាឡឹមថា ជារបស់ប៉ាឡេស្ទីន ដែលជាសត្រូវរបស់អ៊ីស្រាអែល។
ទន្ទឹមនឹងការលើកឡើងអំពីបញ្ហាវិលវល់ នៅលើពិភពលោក សម្តេចតេជោ ក៏បានចាប់ផ្តើមរិះគន់ចំពោះសហរដ្ឋអាមេរិក ដែលបានកាត់ផ្តាច់ជំនួយដល់ អង្គការសហប្រជាជាតិ ដោយសារតែខឹងនឹងអង្គការសហប្រជាជាតិ មិនគាំទ្រខ្លួនចំពោះការទទួលស្គាល់ទីក្រុងយ៉េរូសាឡឹម ជារបស់ប៉ាឡេស្ទីនផងដែរ៕