(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹក​ថ្ងៃអង្គារ ទី០៣ ខែមេសា ឆ្នាំ២០១៨នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋ យកចិត្តទុកដាក់លើសុវត្ថិភាពខ្លួន ក្នុងពេលធ្វើដំណើរកម្សាន្តទីជិតទីឆ្ងាយ និងត្រូវចៀសវាងឲ្យបានការលេងល្បែងកម្សាន្ត មិនប្រក្រតីមួយចំនួនដូចជាគប់ទឹក ប៉ាតលាបម្សៅជាដើម ដែលជាហេតុនាំឲ្យមានគ្រោះថ្នាក់ជាយថាហេតុក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនឹងចូលមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ។

ការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើនៅឡើង ក្នុងឱកាសសម្ដេចអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតនៃ វិទ្យាស្ថានវ៉ាន់ដា សរុបចំនួន ២,៨៦០នាក់ (ស្រី ២,៣២៣នាក់) នៅសាលសន្និប៉ាត និងពិព័រណ៍កោះពេជ្រ ។

សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានអំពាវនាវយ៉ាងដូច្នេះថា «ការលេងគប់ទឹក និងប៉ាតម្សៅដាក់គ្នា មិនមែនជាទំនៀមទំលាប់ខ្មែរទេ ហើយអាគប់ទឹកដាក់គ្នានេះ វាគ្រោះថ្នាក់ណាស់ កំពុងតែជិះម៉ូតូគប់ទឹក នាំឲ្យដួលម៉ូតូទៅក៏មាន។ វាបង្កើតទៅជាគ្រោះថ្នាក់ចរាចរមួយទៀត ហើយមួយទៀតអាប៉ាតម្សៅនេះ ប៉ាតចុះប៉ាតឡើងទៅខ្វេះយកក្រវិលគេ អាហ្នឹងក៏វាជារឿងដែរ។ សង្ឃឹមថា ប្រជាពលរដ្ឋលេងសប្បាយ ប្រកបដោយសីលធម៌ខ្ពស់»

ជាមួយគ្នានេះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់អាជ្ញាធរ និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ យកអស់ស្មារតី និងកម្លាំងកាយចិត្ត ដើម្បីការពារសុវត្ថិភាពប្រជាពលរដ្ឋខ្មែរ ឲ្យចូលរួមលេងសប្បាយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឲ្យបានសប្បាយរីករាយ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «សូមអំពាវនាវឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ កម្លាំងប្រដាប់អាវុធទាំងអស់ យកចិត្តទុកដាក់ការពារសុវត្ថិភាព ជូនប្រជាជននៅគ្រប់ទីកន្លែង ដែលទៅលេងកម្សាន្ត រាប់ទាំងតំបន់ទេសចរណ៍ឆ្ងាយៗ រមណីយដ្ឋានទេសចរណ៍ថ្មីៗ ខិតខំធានាសុវត្ថិភាព កុំឲ្យមានរឿងអីកើតឡើង នៅក្នុងពេលនោះ ហើយក៏អំពាវនាវចំពោះប្រជាពលរដ្ឋរបស់យើង យកចិត្តទុកដាក់ទៅលើសុវត្ថិភាព នៃការធ្វើដំណើរទាក់ទងទៅនឹងការធ្វើចរាចរណ៍»

សូមជម្រាបថា បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ រយៈពេល៣ថ្ងៃ នឹងចូលមកដល់នៅពេលខាងមុខនោះដ៏ខ្លីនេះ។ ថ្ងៃទី១ គឺជាចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ នឹងចូលមកដល់នៅថ្ងៃសៅរ៍១៤រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ.ស.២០១៨ វេលាម៉ោង០៩៖១២នាទីព្រឹក (ជាវារៈមហាសង្ក្រាន្ត)។ ថ្ងៃទី២ គឺថ្ងៃអាទិត្យ១កើត ខែពិសាខ ត្រូវនឹងថ្ងៃទី១៥មេសា គ.ស.២០១៨ ជាវារៈវន័បត និងទី៣៖ ថ្ងៃចន្ទ ២កើត ខែពិសាខ ត្រូវនឹងថ្ងៃទី១៦ ខែមេសា គ.ស ២០១៨ នៅវេលាម៉ោង១២៖៥៩នាទី ២៤វិនាទី ជាវារៈឡើងស័ក គម្រប់ជាសង្ក្រាន្តបីថ្ងៃ ស្រេចបរិបូណ៌ចូលជាសកល ឆ្នាំច សំរឹទ្ធិស័ក៕