(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨នេះ បានអំពាវនាវទៅដល់គ្រប់ស្ថាប័ន ដែលជាប់ពាក់ព័ន្ធនឹងគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ត្រូវបន្តខិតខំទប់ស្កាត់ផលិតផលក្លែងក្លាយ ឲ្យបានខ្លាំងក្លាបន្ថែមទៀត។
ការអំពាវនាវយ៉ាងដូច្នេះ ក្នុងឱកាសដែលសម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតី ក្នុងពិធីកំទេចចោល ផលិតផលក្លែងក្លាយ ខុសច្បាប់ចំនួនប្រមាណ១០០តោន នៅបរិវេណជាប់នឹងសាលាសង្កាត់បឹងជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨នេះ។
សម្ដេចក្រឡាហោម ស ខេង បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមអំពាវនាវ ដល់ស្ថាប័នទាំងអស់ ដែលពាក់ព័ន្ធនៅក្នុងគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំង ផលិតផលក្លែងក្លាយ សូមបន្តផ្ដល់កិច្ចសហការគាំទ្រ និងជួយជ្រោមជ្រែង នៃកិច្ចខិតខំប្រឹងប្រែង ក្នុងការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ឲ្យបានខ្លាំងក្លាបន្ថែមទៀត ដើម្បីធានានៅសុខមាភាព របស់ប្រជាជនយើង ដែលប្រើប្រាស់»។
រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃរូបនេះ បានបញ្ជាក់ទៀតថា ខណៈផលិតផលក្លែងក្លាយទាំងនោះ នឹងធ្វើឲ្យប៉ះពាល់ ដល់សុខភាពប្រជាពលរដ្ឋខ្មែរយ៉ាងខ្លាំង ដោយបានចូលចរាចរណ៍រាប់ពាន់តោន នៅក្នុងប្រទេសកម្ពុជាក្នុងមួយឆ្នាំៗ។
សម្តេចក្រឡាហោមបានលើកឡើងថា នាពេលបច្ចុប្បន្ននេះ នៅតែមានឈ្មួញឱកាសនិយម លួចផលិតនូវគ្រឿងប្រើប្រាស់ និងគ្រឿងបរិភោគក្លែងក្លាយ មានសារធាតុគីមី និងគ្មានអនាម័យជាច្រើន ដែលជាកត្តា ធ្វើឲ្យមានផលប៉ះពាល់យ៉ាងខ្លាំង ដល់សុខភាពរបស់ប្រជាពលរដ្ឋខ្មែរ ដែលជាអ្នកប្រើប្រាស់ និងបរិភោគ។
ឧបនាយករដ្ឋមន្ដ្រី ស ខេង បន្ដទៀតថា ដូច្នេះគ្រប់ភាគីទាំងអស់ ត្រូវតែរួមគ្នាសកម្មបន្ថែមទៀត ក្នុងការទប់ស្កាត់ នូវផលិតផលក្លែងក្លាយទាំងនេះ ឲ្យអស់នៅប្រទេសកម្ពុជា។
រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក៏បានអំពាវនាវ ដល់ក្រុមហ៊ុនអាជីវកម្មទាំងឡាយ ពិសេសអាជីវកម្ម ដែលពាក់ព័ន្ធនឹងគ្រឿងឧបភោគ បរិភោគ គ្រឿងសំអាង សូមមេត្តាចូលរួម ដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបនៅផលិតក្លែងក្លាយផងដែរ។
នាយឧត្ដមសេនីយ៍ មៀច សុផាន់ណា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំង ផលិតផលក្លែងក្លាយ បានឲ្យដឹងថា ពិធីកម្ទេចនូវផលិតផលក្លែងក្លាយ នាពេលនេះ ជាសារមួយរលឹក ទៅដល់ជនខិលខូចមួយចំនួន ដែលផលិត ស្ដុកទុក ចែកចាយ នូវផលិតផលក្លែងក្លាយ។
ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំង ផលិតផលក្លែងក្លាយ បានបន្ថែមទៀតថា ដរាបណាបញ្ហានេះ នៅតែកើតមាន គណៈកម្មាធិការ ក៏នៅតែព្យាយាមធ្វើការទប់ស្កាត់ និងរឹបអូស យកមកកម្ទេចចោល ដោយមិនមានការលើកលែង ឬក៏បន្ធូរបន្ថយជាដាច់ខាត។
គួរបញ្ជាក់ថា នៅក្នុងឆ្នាំ២០១៧កន្លងទៅ គណៈកម្មាធិការ ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានធ្វើការបង្ក្រាប បទល្មើសបានចំនួន១៩ករណី រឹបអូសបានវត្ថុតាង សរុបចំនួន ៥៩៧.៥តោន ឃាត់ខ្លួនមនុស្សចំនួន៦នាក់ រួចបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ។
បទល្មើសទាំង១៩ករណីនេះ រួមមាន៖ បទល្មើសនាំចូល ស្ដុកទុក និងចែកចាយផលិតផល គ្រឿងសម្អាង ក្លែងក្លាយ-ខុសច្បាប់, នាំចូល ស្ដុបទុក និងចែកចាយសារធាតុគីមីខុសច្បាប់, កែឆ្នៃ និងចែកចាយផលិតផល ពីសាច់សត្វដោយខុសច្បាប់, ផលិតផលទឹកស៊ីអ៊ីវ ទឹកសៀង ទឹកម្ទេស ទឹកខ្មេះ ប្រេងខ្យល់...ផលិត និងកែឆ្នៃគ្មានស្ដង់ដារ និងគ្មានអនាម័យ -ល-៕