(ភ្នំពេញ)៖​ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨នេះ បានចេញសេចក្ដីជូនដំណឹងផ្លូវការ ពីការកែសម្រួលខ្សែរត់ និងទីតាំងចំណតរថយន្ដក្រុង របស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្ដក្រុង រាជធានីភ្នំពេញ ដែលត្រូវដឹកជញ្ជូនប្រជាពលរដ្ឋពីភ្នំពេញ ទៅតាមបណ្ដាខេត្តនានា ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ ដោយគិតបង់ប្រាក់។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់អភិបាលសាលារាជធានីភ្នំពេញ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៨នេះ។

បើតាមសេចក្តជូនដំណឹង ទីតាំងដែលបងប្អូនប្រជាពលរដ្ឋអាចឡើងជិះរថយន្តបាននោះរួមមាន៖

* ផ្លូវជាតិលេខ១៖ ឡើងរថយន្តនៅមហាវីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ទល់មុខក្រុមហ៊ុន ម៉ែកស៊ឺដេសបីន សម្រាប់បងប្អូនដែលធ្វើដំណើរតាមផ្លូវជាតិលេខ១ ឆ្ពោះទៅខេត្តកណ្តាល ព្រៃវែង និងខេត្តស្វាយរៀង។

* ផ្លូវជាតិលេខ៣៖ ឡើងរថយន្តនៅមុខទីបញ្ជាការដ្ឋានកងពលតូចថ្មើរជើងង៧០ ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ

* ផ្លូវជាតិលេខ៤៖ ឡើងរថយន្តចំណុចប្រសព្វរវាងផ្លូវជាតិលេខ៤ និងមហាវិថីឈ្នះឈ្នះ (កប់ស្រូវ) សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ

* ផ្លូវជាតិលេខ៥៖ ឡើងរថយន្តចំណតសួនច្បារឬស្សីកែវ (ទីលានប្រជាធិបតេយ្យថ្មី) សម្រាប់បងប្អូនធ្វើដំណើរតាមផ្លូវជាតិលេខ៥ ឆ្ពោះទៅខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ និងចំណុចប្រសព្វរវាងផ្លូវជាតិលេខ៤ និងមហាវិថីឈ្នះឈ្នះ (កប់ស្រូវ) សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

* ផ្លូវជាតិលេខ៦៖ ឡើងរថយន្តនៅម្តុំរង្វង់ព្រំមុខបួនគល់ស្ពានជ្រោយចង្វារ ក្នុងតំបន់អភិវឌ្ឍន៍ក្រុងរណបជ្រោយចង្វារក្រុមហ៊ុន OCIC៕​