(ក្រចេះ)៖ ហេតុការគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ដោយរ៉ឺម៉កដឹកឈើ បើកបុករថយន្ដសាំងយ៉ុងចំពាក់កណ្ដាល បណ្ដាលឲ្យម្ចាស់រ៉ឺម៉ករងរបួសធ្ងន់ ត្រូវយកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត ដែលហេតុការណ៍នេះកើតឡើងនៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨នេះ នៅភូមិតាលុះ ឃុំបូសលាវ ស្រុកចិត្របុរី។
មន្ដ្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ហេតុការណ៍បង្កដោយរថយន្ដ បើកបរមិនគោរពផ្លូវអត្ថិភាពដោយរថយន្ដធ្វើដំណើរឆ្លងកាត់ផ្លូវ ហើយរ៉ឺម៉កម៉ូតូដឹកធ្ងន់ជាន់ហ្វាំងមិនជាប់ក៏រថយន្ដតែម្ដង។
បើតាមមន្ដ្រីនគរបាល អ្នកបើកបររថយន្ដមានឈ្មោះ ទុយសារ៉ន អាយុ៤០ឆ្នាំ រស់នៅភូមិព្រែកប្រសព្វក្រោម ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ចំណេកអ្នកបើក រ៉ឺម៉កដឹកឈើឈ្មោះ ដាវី អាយុ៤០ឆ្នាំ រស់នៅភូមិរការកណ្ដាល សង្កាត់រការកណ្ដាល ក្រុងក្រចេះ រងរបួសសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត។ មន្ដ្រីនគររូបនោះបន្ដទៀតថា បច្ចុប្បន្នភាគីខាងរថយន្ដ និងរ៉ឺម៉កកំពុងសម្របសម្រួលគ្នា ដើម្បីបញ្ចបបញ្ហា។
យ៉ាងណាមិញ ប្រជាពលរដ្ឋមូលដ្ឋាន បានលើកឡើងថា សព្វថ្ងៃគ្រោះថ្នាក់ចរាចរណ៍កើតឡើងជាញឹក ដោយសារ រ៉ឺម៉កដឹកឈើវែងៗនៅពេលថ្ងៃ ជាពិសេសអ្នកប្រកបរបររកស៊ីដឹកឈើតាមម៉ូតូ ធ្លាប់ដួលបោកត្រូវឈើបណ្ដាលឲ្យស្លាប់ជាច្រើនលើកច្រើនសារ៕