(ស្វាយរៀង)៖ លោក ផឹង និល ប្រធានសាខាកាំត្រូលខេត្តស្វាយរៀង ដឹកនាំមន្ត្រីក្រោមឱវាទចុះពិនិត្យទំនិញគ្រប់មុខ នៅច្រករបៀងកំពង់ស្ពាន រកឃើញសារធាតុគីមី២មុខ ដាក់ក្នុងនំបាញ់ឌុក និងជ្រក់ថៃថាវ ក្នុងចំណោមមុខទំនិញ៧១មុខ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨នេះ ស្ថិតក្នុងសង្កាត់បាវិត ក្រុងបាវិត។
ថ្លែងប្រាប់ភ្នាក់ងារ Fresh News លោក ផឹង និល បានឲ្យដឹងថា ការចុះពិនិត្យមុខទំនិញនៅថ្ងៃនេះ ក្នុងបំណងធានាបាន «សុវត្ថិភាពម្ហូបអាហារ» ព្រោះវាមានសារសំខាន់ចាំបាច់ណាស់ ក្នុងសង្គម និងជីវភាពប្រចាំថ្ងៃ ការទទួលខុសត្រូវលើសុវត្ថិភាពម្ហូបអាហារ គឺជាការទទួលខុសត្រូវរួមគ្នា ទាំងស្ថាប័នជំនាញ ទាំងអ្នកនាំចូល អ្នកផលិត អ្នកចែកចាយ និងយើងទាំងអស់គ្នាជាអ្នកប្រើប្រាស់ផងដែរ ព្រោះសុខភាពគឺជាកត្តាចំបងនៃភាពរស់រាននៃជីវិត។
លោក ផឹង និល បានបញ្ជាក់ថា ការចុះពិនិត្យនៅវេលាទៀបភ្លឺនៅថ្ងៃនេះ មន្ត្រីជំនិញបានធ្វើការពិនិត្យមុខទំនិញចំនួន៧១មុខ ក្នុងនោះរកឃើញសារធាតុគីមី នៅក្នុងជ្រក់ថៃថាវប្រភេទ (បូរ៉ាក់) និងមាននៅក្នុងនំបាញ់ឌុក (គីមីអាស៊ីតសាលីស៊ីលិក) ដែលប្រភេទគីមីទាំងពីរមុខនេះ ពេលដែលបរិភោគធ្វើឲ្យខូចក្រពះពោះវៀន ថ្លើម ជាដើម ហើយក្រោយពីបានពិនិត្យឃើញថាមានសារធាតុគីមី ហើយមន្ត្រីជំនាញបានអប់រំដល់អ្នកលក់នាំចូលត្រូវបញ្ឈប់ការនាំចូល បើនៅតែមិនស្តាប់ និងចាត់វិធានការទៅតាមផ្លូវច្បាប់។
ក្រុមអាជីវករ ក៏បានយល់ព្រមបញ្ឈប់ការនាំចូលជ្រក់ថៃថាវ និងនំបាញ់ឌុកមកលក់នៅក្រុងបាវិត និងតាមបណ្តារោងចក្រនានាទៀត ហើយដោយពួកគេទាំងអស់នោះ បានយល់ដឹងនូវផលប៉ះពាល់ដល់សុខភាព របស់អ្នកប្រើប្រាស់។
ប្រធានសាខារូបនេះ ក៏បានអំពាវដល់ប្រជាពលរដ្ឋទាំងអស់ នៅខេត្តស្វាយរៀង សូមមានការប្រយ័ត្នចំពោះការបរិភោគចំណីអាហារ ត្រូវពិនិត្យមើលស្លាកសញ្ញា ការបរិច្ឆេទឲ្យបានច្បាស់លាស់ មុននឹងទិញយកទៅបរិភោគ ត្រូវចូលរួមលើកកម្ពស់សុខមាលភាពទាំងអស់គ្នា ហើយមន្ត្រីកាំកុងត្រូល និងបន្តចុះតាមច្រករបៀង ព្រមទាំងពិនិត្យទំនិញ នៅតាមផ្សារនានានៅក្នុងខេត្តស្វាយរៀងឲ្យបានដូចភ្លៀងរលឹម៕