(ភ្នំពេញ)៖ ក្រុមហ៊ុន «Mondelez Kinh Do» ប្រកាសផ្តល់សិទ្ធិផ្លូវការ ជូនដល់ក្រុមហ៊ុន «KBSK» ដែលជាក្រុមហ៊ុនចែកចាយផលិតផលប្រចំានៅ កម្ពុជា នៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨នេះ ដោយពិធីប្រកាសផ្តល់សិទ្ធិផ្លូវការ ស្របច្បាប់រវាងក្រុមហ៊ុនទំាងពីរ ប្រារព្ធធ្វើឡើងនៅក្រុមហ៊ុនផ្សព្វផ្សាយ ពាណិជ្ជកម្ម (MSA) ដោយមានការអញ្ជើញចូលរួម ពីតំណាងរបស់ក្រុមហ៊ុន ដៃគូចែកចាយក្នុងស្រុក និងបណ្តាអ្នកសារព័ត៌មាន ជាច្រើនទៀត។
លោក យឹម សារិទ្ធ ប្រធានគ្រប់គ្រងទូទៅ នៃក្រុមហ៊ុនចែកចាយ KBSK បានថ្លែងថា «យើងខ្ញុំមានសេចក្តីសោមនស្សរីករាយជាខ្លាំង ដែលបានទទួលសិទ្ធិជាអ្នកចែកចាយផ្លូវការ សម្រាប់ផលិតផលរបស់ក្រុមហ៊ុន Mondelez Kinh Do ដែល ជាក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុន Mondelez International ដ៏ធំប្រចាំនៅសហរដ្ឋអាមេរិក ដែលផលិតអាហារសម្រន់ជាច្រើន ប្រភេទប្រកបដោយគុណភាពខ្ពស់ និងបានចែកចាយ ដល់ទៅ១៦៥ប្រទេសទូទាំងពិភពលោក»។
លោកបន្តថា «ការទទួលបានសិទ្ធិនាំចូលជាផ្លូវការនេះ គឺជាសញ្ញាដ៏ល្អសម្រាប់ក្រុមហ៊ុនរបស់យើង ក្នុងការនាំចូលផលិតផល ដែលមានរសជាតិឆ្ងាញ់ មានគុណភាពខ្ពស់ តម្លៃសមរម្យសម្រាប់ប្រជាជន និងពេញនិយមក្នុងទីផ្សារ ប្រទេសកម្ពុជា»។
ទន្ទឹមនឹងការប្រកាសផ្តល់ជូន នូវសិទ្ធិចែកចាយជាផ្លូវការ រវាងក្រុមហ៊ុន KBSK និង Mondelez kinh Do ចាប់ផ្តើមដំណើរការកម្មវិធី លោកសារិទ្ធបន្តទៀតថា «យើងខ្ញុំក៏សុំថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ក្រុមហ៊ុន Mondelez Kinh Do ដែលបានផ្តល់ការជឿជាក់ជ្រើសរើស ក្រុមហ៊ុនយើងខ្ញុំជាអ្នកចែកចាយផ្លូវការ ប្រចាំប្រទេសកម្ពុជា តែមួយគត់ ហើយយើងក៏រំពឹងថា យើង នឹងនំាចូលនូវផលិតផលជាច្រើន ឈរលើគោលការណ៍គុណភាព សុវត្ថិភាពចំណីអាហារជាចំបង ដើម្បីធានាថាប្រជាជនកម្ពុជា ជាពិសេសកុមារ បានទទួលទាននំដែលមាន ជីវជាតិ និងគុណភាពល្អពិតៗ»។
Mondelez International ជាក្រុមហ៊ុនផ្គត់ផ្គង់ផលិតផល អាហារសម្រន់ធំជាងគេបង្អស់ នៅលើពិភពលោក ដែលមានប្រាក់ចំណូលប្រហែល ២៦ពាន់លានដុល្លារ ក្នុងឆ្នាំ២០១៦។ តាមរយៈកម្មវិធីសន្និសីទសារព័ត៌មាន នៅព្រឹកនេះ លោក Stephane Gripon ជាអគ្គនាយកគ្រប់គ្រង នៃក្រុមហ៊ុន Mondelez Kinh Do ក៏បានថ្លែងថា «ក្រុមហ៊ុនរបស់យើងសប្បាយចិត្ត ដែលបានសហការ ជាមួយក្រុមហ៊ុន KBSK ក្នុងការចែកចាយនូវផលិតផល ដែលមានគុណភាព និងតម្លៃសមរម្យ ដល់ប្រជាជនក្នុងស្រុក»។
ប្រទេសកម្ពុជា ត្រូវបានគេមើលឃើញថា ជាទីផ្សារលក់ផលិតផលដែលមានឥទ្ធិពល និងទាក់ទាញនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយសារកំណើនសេដ្ឋកិច្ចដ៏រឹងមាំ និងកំណើន នៃប្រជាជនកម្រិត ចំណូលមធ្យមជាមួយនឹង ប្រជាជនជាង១៥លាននាក់។ នេះបើយោងតាមរបាយការណ៍ សហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) ដែលបានបង្កើតឡើង នៅឆ្នាំ២០១៦ បានឲ្យដឹងថា ទីផ្សារចែកចាយលក់រាយនៅកម្ពុជា នៅតែទាក់ទាញយ៉ាងខ្លាំង។
លើសពីនេះលោកបន្តថា «យើងមានជំនឿយ៉ាងមុតមំាថា ការផ្តល់សិទ្ធិចែកចាយនេះ ជាការបង្កើននូវភាពងាយស្រួល ដល់ប្រជាជន ក្នុងការជ្រើសរើសបានផលិតផល ដែលគុណភាពល្អ និងជួយជំរុញទីផ្សារសេដ្ឋកិច្ចជាតិ ផងដែរ»។
គួរបញ្ជាក់ដែរថា ក្រុមហ៊ុន KBSK ជាក្រុមហ៊ុនចែកចាយស្របច្បាប់ នូវគ្រឿងឧបភោជបរិភោគ និងភេសជ្ជៈ នៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុននឹងនាំចូលផ្តាច់មុខ នូវផលិតផលដែលមានរស ជាតិឆ្ងាញ់ និងគុណភាពខ្ពស់របស់ក្រុមហ៊ុន Mondelez Kinh Do ដែលមានដូចជាផលិត ផលនំពងមាន់ Solite, Creamity, Cosy, នំប្រៃម៉ាក AFC និងនំជាច្រើនម៉ាក ផ្សេងទៀត៕