(ភ្នំពេញ)៖ មិនត្រឹមតែប្រជាបលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវជាតិលេខ១ និងលេខ៥នោះទេ ដែលទទួលបានការជិះរថយន្តក្រុងសាធារណៈរបស់សាលារាជធានីភ្នំពេញដោយឥតគិតថ្លៃនោះ បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវជាតិលេខ៣, ៤ និងលេខ៦ ក៏ទទួលបានសេវាជិះរថយន្តក្រុងសាធារណៈនេះដោយឥតគិតថ្លៃផងដែរ នៅមុន និងក្រោយចូលឆ្នាំថ្មីប្រពៃណីជាតិរបស់ខ្មែរនៅសប្តាហ៍ក្រោយនេះ។
ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដាជិត ៣ពាន់នាក់នាព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា សម្តេចនឹងឲ្យរថយន្តក្រុងសាធារណៈរបស់សាលារាជធានីភ្នំពេញរត់នៅលើផ្លូវជាតិលេខ១, ៣, ៤, ៥ និងលេខ៦ ដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋនៅមុន និងបុណ្យចូលឆ្នាំថ្មី ដោយឥតគិតថ្លៃ។ ការដឹកជញ្ជូននេះចាប់ផ្តើមពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨នេះ។
សម្តេចតេជោ ក៏បានព្រលយថា នឹងពិចារណាផ្តល់សេវានេះក្នុងពេលបុណ្យភ្ជុំបិណ្ឌផងដែរ។ បើតាមសម្តេចតេជោ ហ៊ុន សែន ការសម្រេចបែបនេះ បន្ទាប់ពីបានមើលឃើញថា ក្រុមហ៊ុនដឹកជញ្ជូនមិនបានស្តាប់តាមការអំពាវនាវ ហើយតែងតែដំឡើងថ្លៃសំបុត្ររថយន្តនៅក្នុងពេលបុណ្យចូលឆ្នាំ និងបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យជាតិដ៏ធំរបស់ខ្មែរ។
សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ដូច្នេះ «កាលពីឆ្នាំមុនៗ ខ្ញុំបានអំពាវនាវសុំអោយក្រុមហ៊ុនដឹកជញ្ជូនកុំតម្លើងតម្លៃដល់អ្នកធ្វើដំណើរទៅលេងស្រុកកំណើតនៅតាមបណ្តាខេត្តនានានៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប៉ុន្តែមិនមានប្រសិទ្ឋភាពទេ។ ដូច្នេះហើយ បានជាពេលនេះ ខ្ញុំបានពិភាក្សាជាមួយសាលាក្រុងភ្នំពេញ ហើយបានសម្រេចផ្តល់សេវាឡានក្រុងដឹកជញ្ជូនពលរដ្ឋអ្នកធ្វើដំណើរដោយមិនបង់ថ្លៃ ចាប់ពីថ្ងៃទី ១២ ដល់ ១៨ ខែ មេសា ឆ្នាំ ២០១៨។ កាលខ្ញុំប្រកាសពីថ្ងៃអាទិត្យកន្លងទៅនេះ គឺគម្រោងដាក់តែ២ទិសទេ ។ ប៉ុន្តែថ្ងៃនេះ ខ្ញុំសូមប្រកាសថា យើងបានត្រៀមឡានក្រុងដឹកជញ្ជូនបងប្អូនអ្នកធ្វើដំណើរដោយមិនបង់ថ្លៃនៅតាមផ្លូវជាតិ ផ្លូវជាតិលេខ១ (ពីភ្នំពេញ កណ្តាល ព្រៃវែង និងស្វាយរៀង), ផ្លូវជាតិលេខ ៣ (ពីចោមចៅទៅកំពត), ផ្លូវជាតិលេខ ៤ (ពីចោមចៅ កំពង់ស្ពឺ និងខេត្តព្រះសីហនុ), ផ្លូវជាតិលេខ៥ (ពីភ្នំពេញទៅ កំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង និងបន្ទាយមានជ័យ), ផ្លូវជាតិលេខ៦ (គឺពីភ្នំពេញ កំពង់ធំ និងសៀមរាប)»។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា ចំនួនរថយន្តសម្រាប់ការដឹកជញ្ជូននេះ គឺមានចំនួន ៦០គ្រឿងដដែល តែបើមានតម្រូវការចាំបាច់លោកនឹងបន្ថែមរថយន្តផងដែរ។ លោកអភិបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវផងដែរដល់ប្រជាពលរដ្ឋដែលធ្វើដំណើរលើរថយន្តក្រុងបើមានការទាមទារលុយណាមួយ ត្រូវរាយការណ៍បន្ទាន់ទៅខាងសាលារាជធានីភ្នំពេញ។
បើតាមលោក ឃួង ស្រេង ទីតាំងដែលបងប្អូនប្រជាពលរដ្ឋអាចឡើងជិះរថយន្តបាននោះរួមមាន៖
* ផ្លូវជាតិលេខ១៖ ឡើងរថយន្តនៅមហាវីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ទល់មុខក្រុមហ៊ុន ម៉ែកស៊ឺដេសបីន សម្រាប់បងប្អូនដែលធ្វើដំណើរតាមផ្លូវជាតិលេខ១ ឆ្ពោះទៅខេត្តកណ្តាល ព្រៃវែង និងខេត្តស្វាយរៀង។
* ផ្លូវជាតិលេខ៣៖ ឡើងរថយន្តនៅមុខទីបញ្ជាការដ្ឋានកងពលតូចថ្មើរជើងង៧០ ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ
* ផ្លូវជាតិលេខ៤៖ ឡើងរថយន្តចំណុចប្រសព្វរវាងផ្លូវជាតិលេខ៤ និងមហាវិថីឈ្នះឈ្នះ (កប់ស្រូវ) សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ
* ផ្លូវជាតិលេខ៥៖ ឡើងរថយន្តចំណតសួនច្បារឬស្សីកែវ (ទីលានប្រជាធិបតេយ្យថ្មី) សម្រាប់បងប្អូនធ្វើដំណើរតាមផ្លូវជាតិលេខ៥ ឆ្ពោះទៅខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ និងចំណុចប្រសព្វរវាងផ្លូវជាតិលេខ៤ និងមហាវិថីឈ្នះឈ្នះ (កប់ស្រូវ) សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
* ផ្លូវជាតិលេខ៦៖ ឡើងរថយន្តនៅម្តុំរង្វង់ព្រំមុខបួនគល់ស្ពានជ្រោយចង្វារ ក្នុងតំបន់អភិវឌ្ឍន៍ក្រុងរណបជ្រោយចង្វារក្រុមហ៊ុន OCIC៕