(ភ្នំពេញ)៖ នាយករដ្ឋមន្ដ្រីនៃកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨នេះ បានប្រាប់ទៅរដ្ឋមន្ដ្រីក្រសួងការពារជាតិ សម្ដេចពិជ័យសេនា ទៀ បាញ់ ត្រូវបន្ដយកចិត្ដទុកដាក់ចំពោះបញ្ហានៅប្រទេសម៉ាលី និងអាហ្វ្រិកកណ្ដាល ដែលកងទ័ពកម្ពុជាកំពុងតែបំពេញបេសកកម្មរក្សាសន្ដិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិ។
ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា សរុបប្រមាណ២,៨៦០នាក់ នារី ២,៣២៣នាក់ នៅសាលមហោស្រពកោះពេជ្រ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «បញ្ហានៅម៉ាលី និងបញ្ហានៅអាហ្វ្រិកកណ្ដាល គឺជាបញ្ហាដែលត្រូវតាមដានយកចិត្តទុកដាក់ឲ្យជាប់ សម្ដេច ទៀ បាញ់ ត្រូវតាមដានឲ្យជាប់អំពីបញ្ហានេះ»។
បើតាមសម្ដេចនាយករដ្ឋមន្ដ្រី បញ្ហានៅប្រទេសម៉ាលី និងនៅអាហ្វ្រិកកណ្ដាល គឺជារឿងដែលពិបាកចប់ណាស់ ព្រោះពេលនេះមានទាំងកិច្ចព្រមព្រៀងឈប់បាញ់ ប៉ុន្ដែក្រុមឧទ្ទាមមិនបញ្ឈប់នោះទេ ហើយបាញ់ទាំងកងទ័ពអង្គការសហប្រជាជាតិថែមទៀតផង ដោយក្នុងនោះក៏មានកម្ពុជាផងដែរ។
ទន្ទឹមនឹងនេះ សម្តេចតេជោ ហ៊ុន សែន ក៏បញ្ជាក់ជំហរយ៉ាងច្បាស់ថា ទោះបីជួបការវាយប្រហារបែបនេះក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជាមិនមានការរាថយ ក្នុងការបញ្ជូនកងកម្លាំងរក្សាសន្តិភាព ទៅបំពេញបេសកកម្មនៅក្រៅប្រទេសនោះឡើយ។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានប្រកាសថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះការវាយប្រហារទៅលើ បន្ទាយកងទ័ពមួកខៀវកម្ពុជា នៅប្រទេសម៉ាលី។
សូមរំលឹកថា បន្ទាយកងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជាចំនួន២ខ្នង នៅតំបន់ Kidal ប្រទេសម៉ាលី បានរងការវាយប្រហារជាថ្មី ដោយក្រុមមិនស្គាល់អត្តសញ្ញាណ នៅរសៀល ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨នេះ ប៉ុន្តែករណីនេះពុំបានបង្កឱ្យកងកម្លាំងមួកខៀវកម្ពុជា រងរបួសទេ។ នេះបើតាមការអះអាងរបស់ នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ។
នេះមិនមែនលើកទី១ទេ សម្រាប់ការវាយឆ្មក់ទៅលើកងកម្លាំងមួកខៀវកម្ពុជា នៅប្រទេសម៉ាលី។ កាលពីខែវិច្ឆិកាឆ្នាំមុន កងកម្លាំងមួកខៀវកម្ពុជា ដែលបម្រើការងារកម្ទេចគ្រាប់មិនទាន់ផ្ទុះ ប្រចាំនៅតំបន់បេសកកម្ម ក្នុងប្រទេសម៉ាលី ក៏បានរងការវាយប្រហារពីសំណាក់ក្រុមឧទ្ទាមផងដែរ។
សូមជម្រាបថា ចាប់តាំងពីឆ្នាំ២០០៦មក កម្ពុជាបានបញ្ជូនកម្លាំងជិត៥០០០នាក់ ក្នុងនោះមានស្រ្តីចំនួនជាង២០០នាក់ ទៅចូលរួមបេសកកម្ម របស់អង្គការសហប្រជាជាតិ ហើយបច្ចុប្បន្នកម្ពុជា មានកម្លាំងប្រមាណជាង៨០០នាក់ ដែលកំពុងបំពេញបេសកកម្មនៅប្រទេសចំនួន៥រួមមាន៖ ប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង អាហ្វ្រិកកណ្តាល លីបង់ និងម៉ាលី។ កម្លាំងមួកខៀវទាំងអស់នេះ ដែលធ្វើឲ្យប្រទេសកម្ពុជា ជាប្រទេសបរិច្ចាគកម្លាំងរក្សាសន្តិភាពច្រើនជាងគេ លំដាប់ទី២ នៅក្នុងតំបន់អាស៊ាន៕