(ភ្នំពេញ)៖ រដ្ឋសភា នឹងបើកកិច្ចប្រជុំពេញអង្គ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៨ ខាងមុខនេះ ដើម្បីបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា២រូប និងរបៀបវារៈមួយចំនួនទៀត។ នេះបើតាមការបញ្ជាក់របស់ លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា បន្ទាប់ពីបញ្ចប់កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ នៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨នេះ។
បើតាមការបង្ហាញ នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ នៃរដ្ឋសភា ក្រោមអធិបតិភាព សម្តេច ហេង សំរិន នៅព្រឹកនេះ បានឱ្យដឹងថា រដ្ឋសភាបានអនុម័តជ្រើសរើសបេក្ខជនចំនួន២រូប ក្នុងចំណោមបេក្ខជនចំនួន១២រូប ដើម្បីបោះឆ្នោតនៅក្នុងកិច្ចប្រជុំពេញ ដើម្បីឱ្យកាន់តំណែងជាសមាជិកព្រឹទ្ធសភា សម្រាប់អាណត្តិទី៤។
ទោះជាយ៉ាងនេះក្តី អ្នកនាំពាក្យរដ្ឋសភា មិនទាន់បង្ហើបអំពីឈ្មោះបេក្ខជនទាំង២រូបនេះ នៅឡើយទេ។ ប៉ុន្តែបើតាមមន្រ្តីរដ្ឋសភា បានលួចបង្ហើបថា បេក្ខជន២រូប ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ សម្រាប់ការបោះឆ្នោតក្នុងសភាពេញអង្គ នៅសប្តាហ៍ក្រោយនេះ ទំនងជាមកពីគណបក្សហ៊្វុនស៊ិនប៉ិច។
សូមបញ្ជាក់ថា ក្រៅពីបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា ២រូប សម្រាប់សម័យប្រជុំ (កិច្ចប្រជុំពេញអង្គ) លើកទី១០ នីតិកាលទី៥ ខាងមុខនេះ ក៏មានរបៀបវារៈផ្សេងទៀតផងដែរ ក្នុងនោះមានដូចជា ៖
* ព្រះរាជសារព្រះមហាក្សត្រ ជូនសម័យប្រជុំលើកទី១០ នីតិកាលទី៥
* របាយការណ៍ស្តីពីសកម្មភាពរដឋ្សភា ចន្លោះសម័យប្រជុំ លើកទី៩ និងលើកទី១០ នីតិកាលទី៥
* ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី អាជ្ញាបណ្ណបញ្ជាសម្រាប់សុខភាពសាធារណៈ៕