(ភ្នំពេញ)៖ នៅវេលាម៉ោង៩ព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨នេះ ព្រះរាជអាជ្ញារង សៀង សុខ ចាប់ផ្តើមបន្តការសាកសួរលោក ​ឡាយ​ វណ្ណៈ​ និងជនសង្ស័យ៥នាក់ទៀត លើករណីឃាតកម្មដ៏អាថ៌កំបាំងស្រ្តីឈ្មោះ​ ចេវ​ សុវឌ្ឍនា នៅក្រុងដូនកែវ ខេត្តតាកែវ។

លោក ឡាយ វណ្ណៈ ត្រូវបានសមត្ថកិច្ចចាប់​ខ្លួន នៅមុខវិទ្យាល័យ ជា ស៊ីម តាកែវ ស្ថិតក្នុងសង្កាត់រកាក្នុង ក្រុងដូនកែវ ស្ថិតនៅចំងាយ ប្រមាណ១៥០ម៉ែត្រ ពីកន្លែងប្រារព្ធពិធីផ្ទេរប្រធានបក្សខេត្ត កាលពី​រសៀល​ថ្ងៃ​ទី​០១​ ខែ​មេសា​ ឆ្នាំ២០១៨។

កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨ ក្រោយ​ពិធី​បញ្ចប់តំណែង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ​ខេត្ត​តាកែវ សមត្ថកិច្ចមានគ្នា៤ទៅ​៥រថយន្ត បានឃាត់រថយន្តរបស់លោក ឡាយ វណ្ណៈ ដោយសមត្ថកិច្ចបានបង្ហាញដីកាបញ្ជា​ឱ្យ​ចូលខ្លួន របស់លោក​សៀង​ សុខ​ ព្រះ​រាជ​អាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូងរាជធានីភ្នំពេញ ហើយបាន​នាំលោក ឡាយ វណ្ណៈ មកកាន់រថយន្តសមត្ថកិច្ច នាំមកទៅកាន់រាជធានីភ្នំពេញ។

សរុបជនសង្ស័យទាំង៦នាក់ ពាក់ព័ន្ធករណីឃាតកម្មដ៏អាថ៌កំបាំងលើស្រ្តីឈ្មោះ ចេវ សុវឌ្ឍនា រួមមាន៖ លោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ, លោក ឡាយ ណារិទ្ធ ស្នងការរងនគរបាលខេត្តតាកែវ ត្រូវជាបងប្រុស លោក ឡាយ វណ្ណៈ, ឈ្មោះ ​ចាន់ ​រី ​ភេទ​ស្រី ​និង​ប្តី​ឈ្មោះ ​ជឹម ​វុ​ធ ​ជា​អ្នកបំរើ​នៅផ្ទះ​នាង​ ចេ​វ ​សុ​វ​ឌ្ឍ​នា​, ​ឈ្មោះ​ មេន​ សម័យ ​អ្នកបើក​ឡាន​ឲ្យ​លោក ​ឡាយ ​វណ្ណៈ ​និង​ឈ្មោះ ​តាក់ ​រតនា ​ជា​អ្នកបើក​ឡាន​ឲ្យ​លោក ​ឡាយ ​ណា​រិ​ទ្ធ។ ករណីឃាតកម្មសម្លាប់ស្ត្រីស្រស់សោភាម្នាក់ ឈ្មោះ ចេវ សុវឌ្ឍនា អាយុ៣៦ឆ្នាំ បានកើតឡើងកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨កន្លងទៅ៕