(ព្រៃវែង)៖ ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយមជ្ឈមណ្ឌលឯកសារកម្ពុជា បានប្រកាសបើកវគ្គបណ្តុះបណ្តាលលើកទី២៣របស់ខ្លួន ដល់គ្រូបង្រៀន មុខវិជ្ជាប្រវត្តិវិទ្យា មកពីខេត្តស្វាយរៀងនិងព្រៃវែង ចំនួន៥២នាក់ អំពីមាតិកាប្រវត្តិសាស្ត្រ និងវិធីសាស្ត្របង្រៀនប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ នាព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ខេត្តព្រៃវែង ក្រោមអធិបតីភាព លោកស្រី ទន់ សាអ៉ីម អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។
វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងសម្រាប់រយៈពេល៦ថ្ងៃពេញ ពីថ្ងៃទី២ រហូតដល់ថ្ងៃទី៧ ខែមេសា ឆ្នាំ ២០១៨ ដើម្បីផ្តល់ដល់គ្រូបង្រៀននូវចំណេះដឹង ផ្នែកប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ និងវិធីសាស្ត្របង្រៀនថ្មីៗ និងជាផ្នែកមួយនៃគម្រោងសំណងតាមផ្លូវតុលាការរបស់អង្គជំនុំជម្រះវិសាមញ្ញនៅក្នុងតុលាការកម្ពុជា ដែលត្រូវបានស្នើឡើងដើម្បីប្រយោជន៍របស់ដើមបណ្ដឹងរដ្ឋប្បវេណី និងជនរងគ្រោះក្នុងសំណុំរឿង ០០២/០២ ដែរ។
លោក ផេង ពង្សរ៉ាស៊ី នាយកកម្មវិធីអប់រំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជា នៃមជ្ឈមណ្ឌលឯកសារកម្ពុជា បានឲ្យដឹងថា៖ «សិក្ខាកាមនឹងទទួលបានចំណេះដឹងពី ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ ក៏ដូចជាវិធីសាស្ត្របង្រៀន ដើម្បីពង្រឹងសម្ថតភាព និងជំនាញក្នុងការបង្រៀនប្រវត្តិសាស្ត្រនេះសម្រាប់សាលារៀននៅកម្ពុជា ស្របទៅនឹងប្រសាសន៍របស់លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដែលបានគូសបញ្ជាក់ថា គ្រូបង្រៀនមានតួនាទីយ៉ាងសំខាន់ក្នុងការដឹកនាំ សិស្សានុសិស្ស ឲ្យស្វែងយល់កាន់តែស៊ីជម្រៅពីប្រវត្តិសាស្ត្រខ្មែរក្រហម ដើម្បីឆ្ពោះទៅកាន់អនាគតដ៏រុងរឿងមួយដែលគ្មានអំពើប្រល័យពូជសាសន៍»។
លោក ផេង ពង្សរ៉ាស៊ី បានបន្តថា៖ «តាមរយៈវគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមម្នាក់ៗនិងក្លាយជាអ្នកអប់រំដែលមានចំណេះដឹងជ្រៅជ្រះនិងមានប្រសិទ្ធិភាព ដែលអាចដឹកនាំសិស្សានុសិស្សឲ្យសិក្សាពីប្រវត្តិសាស្ត្រខ្លួនឯង និងពិភាក្សារឿងរ៉ាវក្នុងអតីតកាលជាមួយអ្នករស់រាន មានជីវិតដែលមានទីលំនៅក្នុងសហគមន៍ជាមួយគ្នា»។
ក្រៅពីផ្តល់ចំណេះដឹងបន្ថែមដល់គ្រូបង្រៀន វគ្គនេះក៏ជាកម្លាំងចលករមួយដែលជួយជម្រុញឲ្យគ្រូបង្រៀនកម្ពុជាគិតគូរពីការតភ្ជាប់ទំនាក់ទំនងរវាងមនុស្សជំនាន់មុន (អ្នកដែលឆ្លងកាត់របបខ្មែរក្រហម) និងមនុស្សជំនាន់ក្រោយ តាមរយៈការសន្ទនាពីបទពិសោធន៍ដ៏ជូរចត់ និងត្រឹះរឹះពិចារណាពីបទពិសោធន៍ទាំងនោះជាមួយសិស្សនៅក្នុងថ្នាក់រៀន។
ថ្លែងក្នុងពិធីបើកវគ្គកាលពីព្រឹកថ្ងៃទី២ ខែមេសា លោកស្រី ទន់ សាអ៉ីម បានថ្លែងទាក់ទងនឹងភាពឈឺចាប់ខ្លោចផ្សារបស់ប្រជាជនកម្ពុជា រួមទាំងលោកស្រីផង ដែលធ្លាប់ឆ្លងកាត់របបខ្មែរក្រហម ថាជាការពិតដែលមិនអាចបំភ្លេចបាន ហើយមនុស្សទាំងអស់ត្រូវតែចងចាំ និងអភិវឌ្ឍគំនិតនៃការចងចាំនេះទៅជាគំនិតនៃការផ្សះផ្សា អត់ឱន និងអធ្យាស្រ័យគ្នា។
«របបខ្មែរក្រហមមានរយៈពេលខ្លី ប៉ុន្តែការឈឺចាប់របស់ប្រជាជនកម្ពុជាវិញ គឺមានទំហំធំធេងណាស់... គ្រួសារខ្ញុំទាំងអស់បានស្លាប់ក្នុងរបបនោះ។ ខ្ញុំចងចាំមិនភ្លេចទេ”។ អ្នកកគ្រូ ស្ងួន សំឡូត ជាសិក្ខាកាមមួយរូប ដែលកំពុងពពោះកូនប្រាំបីខែ និងមានបទពិសោធន៍បង្រៀន៨ឆ្នាំ មកពីខេត្តស្វាយរៀង បានសម្តែងអារម្មណ៍រីករាយក្នុងការចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ និងបង្ហាញពីក្តីសង្ឃឹមថាខ្លួននឹងអាចបង្រៀនប្រវត្តិសាស្ត្រនេះ ដល់សិស្សានុសិស្សដោយភាពច្បាស់លាស់ និងស្របតាមគោលបំណងនៃវគ្គបណ្តុះបណ្តាល។ អ្នកគ្រូ និយាយថា៖
« នេះជាឱកាសដែលខ្ញុំអាចរៀនប្រវត្តិខ្មែរក្រហមបន្ថែមទៀត ជាមួយអ្នកជំនាញដែលមានចំណេះដឹងជ្រៅជ្រះនិងបទពិសោធន៍រាប់ឆ្នាំ លើប្រវត្តិសាស្ត្រនេះ។ ខ្ញុំនឹងអាចបង្រៀនមេរៀនប្រវត្តិសាស្ត្រនេះ ទៅសិស្សជំនាន់ក្រោយដោយត្រឹមត្រូវ ច្បាស់លាស់ និងងាយស្រួលយល់។ ពួកគេ (សិស្ស) នឹងចងចាំប្រវត្តិជាតិខ្លួនឯង និងរូមគ្នាដើម្បីកុំឲ្យរបបប្រល័យពូជសាសន៍កើតឡើងជាថ្មីម្តងទៀត។»
លោកគ្រូ ទេព សុផល ជាសិក្ខាកាមម្នាក់ទៀតដែលបានចំណាយពេល ២៩ឆ្នាំ ប្រកបរបរជាគ្រូបង្រៀនមកពីខេត្តស្វាយរៀង និងធ្លាប់ឆ្លងកាត់របបខ្មែរក្រហមតាំង ពីលោកអាយុ៨ឆ្នាំ បានបង្ហាញចំណាប់អារម្មណ៍ថា គាត់ពិតជាចង់ឲ្យសិស្សានុសិស្សរបស់គាត់មានការចងចាំបានល្អ ពីរឿងរ៉ាវដែលបានកើតឡើងពីអតីតកាល ជាពិសេសការរំលោភសិទ្ធិជាមូលដ្ឋានរបស់មនុស្ស។ «ខ្ញុំពិតជាចង់ដឹងឲ្យបានច្រើន និងសិក្សាស្រាវជ្រាវ ក៏ដូចជាចែករំលែកចំណេះដឹងអំពីរបបនេះទៅ ក្មេងជំនាន់ក្រោយ ជាពិសេសកូនសិស្សរបស់ខ្ញុំ ដើម្បីកុំឲ្យពួកគេភ្លេចរបបប្រល័យពូជសាសន៍មួយនេះ។ ការសម្លាប់មនុស្សនិងធ្វើទុក្ខបុកម្នេញ គឺធ្វើឲ្យមនុស្សឈឺចាប់ណាស់»។
គួររំឮកថា វគ្គបណ្តុះបណ្តាលនេះ ទទួលបានការឧបត្ថម្ភផ្នែកហិរញ្ញវត្ថុពីសហភាពអឺរ៉ុប តាមរយៈការិយាល័យអង្គការសហប្រជាជាតិសម្រាប់សេវាគម្រោង និងទីភ្នាក់ងារសហរដ្ឋអារមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់៖
គេហទំព័រ៖ www.khmerrougehistory.org
ហ្វេសប៊ុក៖ https://www.facebook.com/khmerrougehistory.org/