(ភ្នំពេញ)៖ សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨នេះ បានបញ្ជូនខ្លួន សង្ស័យម្នាក់ ឈ្មោះ សុខ ជាវឌ្ឍនា ទៅតុលាការផ្តន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណីលួចយកទ្រពសម្បត្តិនិងរថយន្ត របស់ជនជាតិចិន ។
ស្រាប់តែនៅថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០១៨ សមត្ថកិច្ចអាវុធហត្ថ ភ្ញាក់ផ្អើលហួសចិត្ត ដ្បិតមានឈ្មោះ សុខ ជាវឌ្ឍនា ផ្សេងមួយទៀត បានមកដាក់ពាក្យបណ្តឹងនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយប្រាប់ថា ឈ្មោះ សុខ ជាវឌ្ឍនា ដែលអាវុធហត្ថឃាត់ខ្លួន គឺក្លែងក្លាយទេ ឯរូបគាត់ទើបជា សុខ ជាវឌ្ឍនា ពិតប្រាកដ។
គួររំលឹកដែរថា កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ ឈ្មោះ សុខ ជាវឌ្ឍនា ក្លែងក្លាយ បានទៅដាក់ពាក្យសុំ ចូលបម្រើការងារជាអ្នកបើកបរនិងបកប្រែភាសាចិន ឲ្យក្រុមហ៊ុនចិនមួយកន្លែង។ ក្រោយធ្វើការបាន០៤ថ្ងៃ គឺនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ សុខ ជាវឌ្ឍនា ក្លែងក្លាយ បានឆ្លៀតពេលជូនថៅកែទៅជួបភ្ញៀវ ក៏ត្រឡប់ទៅផ្ទះស្នាក់នៅរបស់ថៅកែ ធ្វើសកម្មភាពកាត់សោរផ្ទះ លួចយកកុំព្យូទ័រឡេបថប ០១គ្រឿង, អាយផេត ០១គ្រឿង, កាមេរ៉ា ០១គ្រឿង, ប៊ិចថ្លៃ ០១ដើម, ប្រាក់ដុល្លារ ១ពាន់ដុល្លារអាមេរិក, ប្រាក់ចិន ៣,០០០យន់ និងបើកយករថយន្តមួយគ្រឿងម៉ាក Toyota Siena គេចខ្លួនបាត់តែម្តង។ រហូតដល់ថ្ងៃទី២៥ ខែ០៣ ឆ្នាំ២០១៨ សុខ ជាវឌ្ឍនា ក្លែងក្លាយ បានប្តូរឈ្មោះថា ឈិន គ័ងហ៊ុយ ទៅសម្ភាសន៍ការងារជាប់ជាអ្នកបកប្រែ ឲ្យថៅកែចិនថ្មីផ្សេងទៀត ហើយក៏ត្រូវសមត្ថកិច្ចអាវុធហត្ថចាប់បាន និងរឹបអូសយករថយន្ត Toyota Siena របស់ថៅកែចិនចាស់ ប្រគល់ឲ្យម្ចាស់ដើមវិញ និងបានបញ្ជូនជនសង្ស័យទៅពន្ធនាគារ តាមដីកាបង្គាប់ឲ្យឃុំខ្លួន លេខ២៥៣៩ ដឃដ របស់សាលាដំបូងរាជធានីភ្នំពេញ ដោយចោទប្រកាន់ឈ្មោះ សុខ ជាវឌ្ឍនា ហៅ ឈិន គ័ងហ៊ុយ ហៅ ហ័ង ជីងជាំង ពីបទលួចមានស្ថានទម្ងន់ទោស។
ប៉ុន្តែក្រោយពេលបានទទួលបណ្តឹងរបស់ឈ្មោះ សុខ ជាវឌ្ឍនា ពិតប្រាកដ មន្ត្រីអាវុធហត្ថរាជធានីភ្នំពេញ បានបន្តការស៊ើបអង្កេត លើឈ្មោះ សុខ ជាវឌ្ឍនា ក្លែងក្លាយរហូតបានទទួលទិន្នន័យថ្មីដោយក្តីហួសចិត្ត ដ្បិតឈ្មោះ របស់ជនសង្ស័យ សុខ ជាវឌ្ឍនា ហៅ ឈិន គ័ងហ៊ុយ ហៅ ហ័ង ជីងជាំង គឺជាឈ្មោះក្លែងក្លាយទាំងអស់។ រហូតមកដល់ថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៨នេះ អាវុធហត្ថរាជធានីភ្នំពេញ បានស្រាវជ្រាវរកឃើញថា ជនសង្ស័យខាងលើ មានឈ្មោះពិតថា ចាប ម៉េង ហៅ បារាំង មានឪពុកឈ្មោះ ចាប សាវុធ អាយុ៥៨ឆ្នាំ មុខរបរ លក់ដូ នៅភូមិកំពង់ត្រាច ឃុំកំពង់ត្រាច២ ស្រុកកំពង់ត្រាច ខេត្តកំពត និងម្តាយ ឈ្មោះ កើត ឆយ អាយុ៥២ឆ្នាំ មុខរបរ លក់ដូរ នៅភូមិកំពង់ត្រាច ខេត្តកំពតដូចគ្នា។ រីឯឈ្មោះ សុខ ជាវឌ្ឍនា, ឈ្មោះ ឈិន គ័ងហ៊ុយ ហើយនិងឈ្មោះ ហ័ង ជីងជាំង គឺជាឈ្មោះក្លែងក្លាយ ដែលជនសង្ស័យឈ្មោះ ចាប ម៉េង ធ្លាប់បានប្រើ ដើរដាក់ពាក្យធ្វើការតាមក្រុមហ៊ុនចិន ដើម្បីលួចយករថយន្តក្រុមហ៊ុនតែប៉ុណ្ណោះ។
តាមការគូសបញ្ជាក់ របស់ឈ្មោះ សុខ ជាវឌ្ឍនា ពិតប្រាកដបានឲ្យដឹងថាកាលពីអំឡុងឆ្នាំ២០១៥រូបគាត់ ធ្លាប់បានប្រគល់ឯកសារសំបុត្រកំណើត សៀវភៅគ្រួសារ ឲ្យទៅបុគ្គលិកក្រុមហ៊ុន ឥណទានមួយ ដើម្បីរៀបចំបែបបទខ្ចីប្រាក់ តែក្រោយមកការខ្ចីប្រាក់នោះមិនបានសម្រេច បុគ្គលិកក្រុមហ៊ុនឥណទាន ក៏បានប្រគល់ឯកសារទាំងអស់ មកឲ្យគាត់វិញ។ ស្រាប់តែនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ រូបគាត់បានទទួលលិខិតអញ្ជើញពីក្រុមហ៊ុនចិនមួយ ឲ្យចូលដោះស្រាយករណីឈ្មោះគាត់ បានលួចយករថយន្តក្រុមហ៊ុន០១គ្រឿង ម៉ាកFord Everest សេរីឆ្នា២០១៥ ទើបដឹងថាឈ្មោះគាត់ សុខ ជាវឌ្ឍនា ត្រូវបានជនខិលខូចក្លែងបន្លំ យកទៅប្រព្រឹត្តបទល្មើស។ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ រូបគាត់បានទទួលលិខិតពីក្រុមហ៊ុនចិនមួយផ្សេងទៀត ពាក់ព័ន្ធករណីលួចរថយន្តក្រុមហ៊ុន០១គ្រឿងម៉ាក BMW សេរីX5 ដោយជនល្មើសបានក្លែងបន្លំឈ្មោះគាត់ដដែល។ ចុងក្រោយនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ គាត់បានឃើញសារព័ត៌មានចុះផ្សាយថា ឈ្មោះគាត់ សុខ ជាវឌ្ឍនា ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនពីបទលួចរថយន្តក្រុមហ៊ុនចិនម៉ាក Toyota Siena មួយគ្រឿងនិងទ្រព្យសម្បត្តិមួយចំនួនទៀត ធ្វើឲ្យគាត់ភ្ញៀក់ផ្អើល ក៏ប្រញ៉ាប់ប្រញ៉ាល់ ទៅដាក់ពាក្យបណ្តឹង នៅអាវុធហត្ថរាជធានីភ្នំពេញ។
តាមការឆ្លុះបញ្ចាំង ក្នុងករណីមួយនេះ អាវុធហត្ថរាជធានីភ្នំពេញ បានអំពាវនាវដល់ក្រុមហ៊ុនផ្សេង មុនពេលពេលជ្រើសរើសបុគ្គលិក គប្បីគួរស៊ើបប្រវត្តិឲ្យបានច្បាស់លាស់ មានអ្នកធានាត្រឹមត្រូវ និងការបញ្ជាក់ពីអាជ្ញាធរមូលដ្ឋានកុំបីខាន ជាពិសេសចំពោះ ប្រជាជន មហាជន ទាំងឡាយពេលជួបហេតុការណ៍ពាក់ព័ន្ធបទល្មើសគ្រប់រូបភាព សូមកុំភ្លេចផ្តល់ព័ត៌មាន ឬដាក់ពាក្យបណ្តឹង ជូនដល់សមត្ថកិច្ច ដើម្បីជាមូលដ្ឋានសម្រាប់ឲ្យសមត្ថកិច្ច ងាយស្រួលក្នុងការកំណត់មុខសញ្ញា និង ធ្វើការស្រាវជ្រាវ បង្ក្រាបក្រុមជនល្មើស។