(ភ្នំពេញ)៖ រកឃើញហើយនារីឯកពោធិ៍សែនជ័យ សង្ក្រាន្ត២០១៨, ក្រោយពីការប្រកួតទៅលើសម្រស់ សមត្ថភាពសម្តែង និងសម្លេងអស់រយៈពេលបីថ្ងៃ ក្នុងព្រឹត្តិការណ៍ពោធិ៍សែនជ័យ សង្ក្រាន្តលើកទី៣ ក្នុងបរិវេណវត្តជន្លុងម្លូ ភូមិព្រៃរងៀង សង្កាត់ភ្លើងឆេះរទេះមកនោះ គឺបានទៅលើអ្នកស្រី ខ្លូត សាមេត អាយុ៦៦ឆ្នាំ មកពីភូមិ៣ បុរីសន្តិភាព២ សង្កាត់ចោមចៅទី៣។
នារីឯកពោធិ៍សែនជ័យសង្ក្រាន្ត២០១៨ អ្នកស្រី ខ្លូត សាមេត បានទទួលការគាំទ្រនូវសម្លេងអបអរសាទរពីមហាជនដ៏ច្រើនកុះករ ក្នុងចំណោមបេក្ខនារីទាំង៦នាក់ ដែលត្រូវបានឆ្លងកាត់វគ្គជម្រុះ តាំងពីថ្ងៃដំបូងមកនោះ។
ស្ថិតក្នុងបរិយាកាសដ៏រីករាយនេះ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ បានផ្តល់កិត្តិយសប្រគល់ម៉ូតូហុងដាសេរីថ្មីឆ្នាំ២០១៨ ១គ្រឿង ជូនដល់នារីឯក ដោយលោកបានសន្យាថា ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តិទៅជារៀងរាល់ឆ្នាំ គ្រប់សង្កាត់ទាំង១៣ ក្នុងខណ្ឌពោធិ៍សែនជ័យ។
លោកអភិបាលខណ្ឌបានបន្ថែមថា «ក្រោមដំបូលសន្តិភាព ដោយមានការសហការពីបណ្តាក្រុមហ៊ុន សប្បុរសជន អាជីវករ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ យុវជន ព្រះសង្ឃ ជាពិសេសសមាគមិត្តតារាកម្ពុជា ដែលបានស្ម័គ្រចិត្តជាសប្បុរសធម៌យ៉ាងពេញទំហឹងជួយគាំទ្រដល់រដ្ឋបាលខណ្ឌពោធិ៍សែនជ័យយើង ការចូលរួមពីគ្រប់ស្រទប់នេះហើយ ដែលជាចលករជំរុញព្រឹត្តិការណ៍សង្ក្រាន្តពោធិ៍សែនជ័យលើកទី៣ ក្នុងឆ្នាំ២០១៨នេះ ទទួលបានជោគជ័យលើសពីរំពឹងទុក»។
ជាមួយគ្នានេះលោកអភិបាលខណ្ឌ សូមថ្លែងអំណរដ៏ជ្រាវជ្រៅ បណ្តាក្រុមហ៊ុន សប្បុរសជន អាជីវករ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ យុវជន ព្រះសង្ឃ សមាគមមិត្តតារាកម្ពុជា ព្រមទាំងបងប្អូនប្រជាពលរដ្ឋ ក្នុងខណ្ឌពោធិ៍សែនជ័យទាំងមូលដែលបានជួយ និងគ្រាំទ្រព្រឹត្តិការណ៍សង្ក្រាន្តពោធិ៍សែនជ័យកន្លងមក។ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យដឹកនាំដោយលោក ហែម ដារិទ្ធិ នឹងបន្តព្រឹត្តិការណ៍នេះនៅឆ្នាំក្រោយៗ ទៀត ដោយនាំមកនូវព្រឹត្តិការណ៍ពោធិ៍សែនជ័យសង្ក្រាន្តឲ្យកាន់តែអស្ចារ្យជាងមុន។
បើតាមលោក ហែម ដារិទ្ធ ការប្រឡងយកតំណែងនារីឯកពោធិ៍សែនជ័យ សង្ក្រាន្ត២០១៨ខាងលើនេះ គឺត្រូវជ្រើសរើសក្នុងមួយសង្កាត់២នាក់ ដូច្នេះខណ្ឌពោធិ៍សែនជ័យ មាន១៣សង្កាត់ ត្រូវមាន២៦នាក់ដែលមកចូលរួមប្រឡង។ នៅថ្ងៃដំបូងត្រូវជម្រុះចេញពាក់កណ្តាល ដោយមានគណៈកម្មការ តែសម្រាប់ថ្ងៃទី២ និងថ្ងៃចុងក្រោយ គឺត្រូវឆ្លងកាត់ដោយមហាជន (នរណាទទួលបានសម្លេងច្រើនជាងគេ នឹងឈ្នះ) លុះចុងក្រោយរកឃើញនារីឯកប្រចាំឆ្នាំ២០១៨ គឺអ្នកស្រី ខ្លួត សាមេត អាយុ៦៦ឆ្នាំ ដោយទទួលបានម៉ូតូថ្មីស្រឡាងមួយគ្រឿង ខណៈអ្នកលេខ២ដល់លេខ៦ បានទទួលលុយទៅតាមនោះ៕