(ភ្នំពេញ)៖ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបើកការស៊ើបអង្កេតចំពោះបណ្ដឹងរបស់កញ្ញា ធី សុវណ្ណថា ដែលប្តឹងម្ចាស់ Facebook ឈ្មោះ William Guang (ឈ្មោះពិត សុខ សុវណ្ណ វឌ្ឍនាសាប៊ុង) ពីបទបរិហារកេរ្តិ៍ជាសាធារណៈ និងបទញុះញង់ឲ្យមានការរើសអើង។ នេះបើយោងតាមដីកាសន្និដ្ឋាន របស់លោក សឿន មុនីរ័ត្ន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២ ខែមេសា ឆ្នាំ២០១៨នេះ។
កញ្ញា ធី សុវណ្ណថា បានដាក់ពាក្យប្តឹង លោក William Guang កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧ ដោយចោទបុគ្គលរូបនេះ ថាបានបរិហាកេរ្តិ៍ មកលើរូបនាង តាមរយៈបណ្តាញសង្គម Facebook ឈ្មោះ «William Guang» កាលពីពាក់កណ្តាលឆ្នាំ២០១៦។ កាលនោះ លោក William Guang បានបង្ហោះរូបភាពភ្ជាប់ជាមួយ និងការសរសេរបរិហាកេរ្តិ៍ ទៅលើដើមបណ្តឹងរដ្ឋប្បវេណី ឈ្មោះ ធី សុវណ្ណថា ថា «បិសាច, ជាមនុស្សអស់តម្លៃ, ជាសិស្សគេចពីការប្រឡង» និងបានប្រើពាក្យញុះញង់ថា «សមនឹងត្រូវមួយស្បែកជើង, គាំទ្រទេ បើខ្ញុំចង់ផ្តាច់ផ្លូវនយោបាយរបស់នាងច្រមក់នេះ»? មានតែស្លាប់ និងរត់ចោលមាតុភូមិ»។
កញ្ញា ធី សុវណ្ណថា បានថ្លែងប្រាប់ Fresh News ឲ្យដឹងថា លោក សុខ សុវណ្ណ វឌ្ឍនាសាប៊ុងនេះក៏ធ្លាប់ប្រើប្រាស់ពាក្យសម្តីអាក្រក់ៗនិងប្រកាសប្រកួតជាមួយ កូនទាំង៣រូបរបស់សម្តេចនាយករដ្ឋមន្រ្តី នៅលើបណ្តាញសង្គម Facebook ប៉ុន្តែនៅពេលនេះមិនទាន់ឆ្លងផុតរូបកញ្ញាផងជាប់ជុចនៅតុលាការបាត់ទៅហើយ។
តាមដីការបស់លោក សឿន មុនីរ័ត្ន, តំណាងអយ្យការបានចាត់ទុកថា ការប្រើពាក្យទាំងអស់នេះ គឺបានប្រព្រឹត្តល្មើសនឹងច្បាប់ ហើយចោទប្រកាន់ចំនួនពីបទល្មើស រួមមានបទ៖ បទរិហាកេរ្តិ៍ជាសាធារណៈ និងបទញុះញង់ឲ្យមានការរើសអើង តាមមាត្រា៣០៥ និងមាត្រា៤៩៦ នៃក្រមព្រហ្មទណ្ឌ។
តំណាងអយ្យការ ក៏បានសម្រេចស្នើឲ្យដាក់ជនសង្ស័យ ស្ថិតនៅក្រោមការត្រួតពិនិត្យ និងដាក់ឲ្យស្ថិតនៅក្រោមការឃុំខ្លួនបណ្តុះអាសន្នផងដែរ៕