(ភ្នំពេញ)៖ លោក ជុន ច័ន្ទបុត្រ អនុប្រធានវិទ្យុអាស៊ីសេរី (RFA) ជាភាសាខ្មែរ នៅពេលនេះបានចេញមុខសារភាពថា លោកពិតជាបានមានជំនួបសន្ទនា ជាសម្ងាត់ជាមួយឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចលេខ៧០ ពិតប្រាដកមែន។ លោកច័ន្ទបុត្រ បានចេញមុខអះអាងបែបនេះ ប្រាប់កាសែតភ្នំពេញប៉ុស្តិ៍ កាលពីថ្ងៃអាទិត្យ ហើយត្រូវបានចេញផ្សាយនៅថ្ងៃនេះ។
នៅក្នុងសំឡេងសន្ទនាជាមួយ លោក ម៉ៅ សុផាន់ ដែលត្រូវបានផ្សាយបន្តបន្ទាប់កន្លងមកនោះលោក ជុន ច័ន្ទបុត្រ បានទទួលស្គាល់ថា មានចំណុចខ្លះត្រឹមត្រូវ ចំណុចខ្លះទៀតលោកបានច្រានចោល ហើយលោកថ្លែងទៀតថា គ្រាន់តែជាការជួបជាមួយប្រភពព័ត៌មាន ដែលអ្នកកាសែតតែងធ្វើជាធម្មតា។
ប៉ុន្តែបើតាមឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ ដែលបានផ្តល់កិច្ចសម្ភាសន៍ផ្តាច់មុខជាមួយលោក លឹម ជាវុត្ថា នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News ដោយបានទម្លាយថា លោក ជុន ច័ន្ទបុត្រ បានស្នើសុំកម្លាំងរបស់កងពលតូចលេខ៧០ដើម្បីការពារខ្លួន ព្រោះខ្លាច CIA អាមេរិកតាមបាញ់សម្លាប់លោក ជុន ច័ន្ទបុត្រ ដូចសម្លាប់លោក កែម ឡី។
ចំណែកលោក រដ្ឋា វិសាល អតីតបុគ្គលវិទ្យុអាស៊ីសេរី ក៏បានប្រាប់អង្គភាពព័ត៌មាន Fresh News ឱ្យដឹងដែរថា កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ លោកបានទៅចូលរួមទទួលទានអាហារ និងពិភាក្សាជាសម្ងាត់ជាមួយគ្នា ទាំងលោក ជុន ច័ន្ទបុត្រ និងឧត្តមសេនីយ៍ ម៉ៅ សុផាន់ នៅក្នុងភោជនីយដ្ឋានមួយឈ្មោះ «ដាល់» ស្ថិតក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ មានរយៈពេល ១ម៉ោង៤៥នាទី ហើយលោក ជុន ច័ន្ទបុត្រ បានបង្ហើបអំពីរឿងសម្ងាត់ៗរបស់ក្រុមបក្សប្រឆាំង ប្រាប់លោក ម៉ៅ សុផាន់ និងស្នើសុំឱ្យឧត្តមសេនីយ៍យោធារូបនេះ ជួយការពារសុវត្ថិភាពពីការតាមសម្លាប់របស់អាមេរិកផងដែរ។
កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨នេះ ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចលេខ៧០ បានទម្លាយនូវខ្សែអាត់សម្លេងសន្ទនាសម្តាត់រវាងលោក និងលោក ជុន ច័ន្ទបុត្រ នៅក្នុងឱកាសទទួលទានអាហារជាមួយគ្នា កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧កន្លងទៅ តាមរយៈបណ្តាញព័ត៌មាន Fresh News។
នៅក្នុងខែ្សអាត់សំឡេងសម្ងាត់នោះ បញ្ជាក់ថា លោក ជុន ច័ន្ទបុត្រ និងឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បាននិយាយគ្នាអំពីការប្រើកម្លាំងយោធា កងពលតូចលេខ៧០ ការពារសុវត្ថិភាពខ្លួន ព្រោះខ្លាចអាមេរិកតាមសម្លាប់ នៅពេលលោក ជុន ច័ន្ទបុត្រ មកដល់ទឹកដីកម្ពុជា កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧៕
សូមស្តាប់សម្លេងសន្ទនាសំងាត់លោក ជុន ច័ន្ទបុត្រ ជជែកគ្នាជាមួយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អំពីការប្រើកម្លាំងយោធា
កងពលតូចលេខ៧០ការពារសុវត្ថិភាពខ្លួន
លោក រដ្ឋា វិសាល ទម្លាយរឿងរ៉ាវលម្អិតអំពីការប៉ុនប៉ងតាមបាញ់សម្លាប់លោក ជុន ច័ន្ទបុត្រ ពីសំណាក់ CIA អាមេរិក ដោយសារអ្វី ?