(ភ្នំពេញ)៖ នៅវេលាម៉ោង១៩៖១០នាទីថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៨នេះ ព្រះរាជអាជ្ញាមិនទាន់សម្រេច​ចោទប្រកាន់លោក ​ឡាយ​ វណ្ណៈ​ និងជនសង្ស័យ៥នាក់ទៀត លើករណីឃាតកម្មស្រ្តីឈ្មោះ​ ចេវ​ សុវឌ្ឍនា។ ដោយលោក ឡាយ វណ្ណៈ បញ្ជូនទៅកាន់នាយកដ្ឋានព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃវិញ រង់ចាំបន្តការសាកសួរនៅថ្ងៃស្អែក។

លោក តាំង ស៊ុនឡាយ ប្រធានសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងប្រាប់បណ្តាញ Fresh News ឲ្យដឹងថា ជនសង្ស័យទាំង៦នាក់ មិនទាន់ចោទប្រកាន់នៅឡើយទេ ដោយនឹងបន្តនីតិវិធីនៅស្អែកទៀត។

សូមជំរាបថា សមត្ថកិច្ចបានបញ្ជូនលោក ឡាយ វណ្ណៈ ទៅដល់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធអំពើឃាតកម្មដ៏អាថ៌កំបាំងលើស្រ្តីឈ្មោះ ចេវ សុវឌ្ឍនា ដែលស្រីកំណាន់របស់ខ្លួន នៅក្រុងដូនកែវ នៅវេលាម៉ោង២៖៣០នាទីរសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៨នេះ, ប៉ុន្តែនៅពេលនេះបានបញ្ជូនទៅកាន់ក្រសួងវិញ ដោយនឹងបន្តនីតិវិធីនៅថ្ងៃស្អែក។

លោក ឡាយ វណ្ណៈ ត្រូវបានសមត្ថកិច្ចចាប់​ខ្លួន នៅមុខវិទ្យាល័យ ជា ស៊ីម តាកែវ ស្ថិតក្នុងសង្កាត់រកាក្នុង ក្រុងដូនកែវ ស្ថិតនៅចំងាយ ប្រមាណ១៥០ម៉ែត្រ ពីកន្លែងប្រារព្ធពិធីផ្ទេរប្រធានបក្សខេត្ត កាលពី​រសៀល​ថ្ងៃ​ទី​០១​ ខែ​មេសា​ ។

សមត្ថកិច្ចមានគ្នា៤ទៅ​៥រថយន្ត បានឃាត់រថយន្តរបស់លោក ឡាយ វណ្ណៈ ដោយសមត្ថកិច្ចបានបង្ហាញដីកាបញ្ជា​ឱ្យ​ចូលខ្លួន របស់លោក​សៀង​ សុខ​ ព្រះ​រាជ​អាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូងរាជធានីភ្នំពេញ ហើយបាន​នាំលោក ឡាយ វណ្ណៈ មកកាន់រថយន្តសមត្ថកិច្ច នាំមកទៅកាន់រាជធានីភ្នំពេញ៕