(កណ្តាល)៖ នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល សហការជាមួយសហភាពសហព័ន្ធយុវជនខេត្តកណ្តាល ដឹកនាំដោយលោក គីម រិទ្ធី អភិបាលរងខេត្ត ជាប្រធានសភាពសហភាពសហព្ធ័យុវជនខេត្ត ព្រមទាំងសភាពាណិជ្ជកម្មខេត្តដឹកនាំដោយលោកឧកញ៉ា សុខ ស្រស់ និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានរៀបចំពិធីផ្តល់ឈាម ដើម្បីជួយជីវិតជនរងគ្រោះដែលត្រូវការឈាមចាំបាច់។
សមាសភាពចូលរួមមាន លោកមេបញ្ជាការ លោកមេបញ្ជាការរង រងសេនាធិការ ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ចាការ មេបញ្ជាការរងក្រុង ស្រុកទាំង១១ ព្រមទាំង នាយទាហាន នាយរងទាហាន នៃកងរាជអាវុធហត្ថចំណុះឱ្យខេត្តកណ្តាលចំនួនជាង២០០នាក់។
នៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល បានលើកឡើងថា អនុវត្តន៍តាមភារកិច្ចស្នូលរបស់កងរាជអាវុធហត្ថ បង្ការ បង្ក្រាប និងសង្គ្រោះ ដែលជាយន្តកាដឹកនាំដ៏មានប្រសិទ្ធិភាពរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើឱ្យនាយ នាយរង នៃកងរាជអាវុធហត្ថខេត្តកណ្តាលទាំងអស់ បានយកអស់ស្មារតីអនុវត្តតួនាទីភារកិច្ច និងមានការទទួលខុសត្រូវខ្ពស់ ជាពិសេសកម្លាំងកងរាជអាវុធហត្ថ បានត្រៀមរួចជាស្រេចដើម្បីជួយដល់ប្រជាពលរដ្ឋ ដែលកំពុងខ្វះឈាម និងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ។
លោកមេបញ្ជាការ បានសង្កត់ធ្ងន់ថា កងរាជអាវុធហត្ថខេត្តកណ្តាល បានធ្វើជាគំរូល្អ និងមានស្នាដៃកិត្តិយសកេរ្តិ៍ឈ្មោះល្អ នេះដោយមានការដឹកនាំចង្អុលបង្ហាញពីនាយឧត្តមសេនីយ៍ សៅ សុខា និង លោកបណ្ឌិត ម៉ៅ ភិរុណ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ឱ្យយកចិត្តទុកដាក់ឈរលើការគោរពបទបញ្ជា ការគោរពវិន័យ សាមគ្គី ឯកភាពផ្ទៃក្នុង គោរពតាមឋានានុក្រម ពិសេសមានឆន្ទៈក្នុងការការពារនិងបំរើប្រជាជន។
ជាមួយនោះផងដែរ កងរាជអាវុធហត្ថក៏មានតួនាទីយ៉ាងសំខាន់សម្រាប់ជួយដល់សង្គមទាំងមូល ក្នុងការថែរក្សាការពារ ពង្រឹងសន្តិសុខ ស្ថិរភាពនយោបាយ និងរក្សាសណ្តាប់ធ្នាប់សាធារណៈ ហើយមកដល់បច្ចុប្បន្ននេះ កងរាជអាវុធហត្ថខេត្តកណ្តាលបានបង្កើតនូវសមិទ្ធផលជាច្រើន សម្រាប់អង្គភាពជាពិសេសក្រៅពីការងារស្នូល កងរាជអាវុធហត្ថខេត្តបានចូលរួមសហការ និងចុះជួយដល់ប្រជាពលរដ្ឋគ្រប់ពេលវេលា នៅពេលដែលប្រជាពលរដ្ឋមានតម្រូវការ។
សូមបញ្ជាក់ថា ក្នុងពេលកំពុងធ្វើការផ្តល់ឈាមនេះផងដែរ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ អនុមន្ទីរ មេបញ្ជាការ មេបញ្ជាការរង ក្រុងស្រុក ទាំង១១ នាយ នាយរងអាវុធហត្ថទាំងអស់ បានចូលរួមស្តាប់អនុសាសន៍សំខាន់ៗ របស់លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល ដែលបានផ្តល់កម្លាំងចិត្តដល់បងប្អូន ចូលរួមដោយផ្ទាល់ក្នុងការផ្តល់ឈាមសម្រាប់ បម្រើឱ្យជនរួមជាតិដែលមានតំរូវការឈាមដើម្បីជួយសង្គ្រោះជីវិតមនុស្សនាពេលបច្ចុប្បន្ន និងទៅអនាគត ជាពិសេសលោក មេបញ្ជាការ បានចូលរួមផ្តល់ឈាមមុនគេ ដើម្បីធ្វើជាគំរូជូនដល់កងកម្លាំងចូលរួមទាំងអស់៕