(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ៣រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដាសរុបប្រមាណ ២,៨៦០នាក់ នារី ២,៣២៣នាក់ ដែលបានបញ្ចប់ការសិក្សាក្នុងឆ្នាំសិក្សា២០១៦-២០១៧កន្លងទៅនេះ។
លោកបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានវ៉ាន់ដា បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា និស្សិតដែលទទួលសញ្ញាបត្រនៅថ្ងៃស្អែកនេះ មានថ្នាក់បរិញ្ញាបត្រ ផ្នែកអាហារូបករណ៍របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ៣០នាក់ នារី ២១នាក់ផងដែរ។
លោក ហេង វ៉ាន់ដា បានឲ្យដឹងផងដែរថា វិទ្យាស្ថាន វ៉ាន់ដា គឺជាគ្រឹះស្ថានឧត្តមសិក្សាឯកជនមួយដែលបានបង្កើតឡើងតាមអនុក្រឹត្យថ្ងៃទី៩ ខែសីហា ឆ្នាំ២០០១។ បច្ចុប្បន្នវិទ្យាស្ថាននេះ មានទីតាំងចំនួន ៤កន្លែង កំពុងដំណើរការក្នុងនោះ ២កន្លែង ស្ថិតនៅរាជធានីភ្នំពេញ, ១កន្លែង ស្ថិតនៅខេត្ត សៀមរាប, និង ១កន្លែងទៀតស្ថិតនៅខេត្តបាត់ដំបង។ ក្នុងឆ្នាំសិក្សា២០១៧-២០១៨ នេះ វិទ្យាស្ថាន វ៉ាន់ដា មាន និស្សិតកំពុងសិក្សាចំនួន ៧,៣២៤នាក់ នារី ៦,៣០៣នាក់។ ចាប់ពីឆ្នាំសិក្សា២០០១-២០០២ ដល់ឆ្នាំសិក្សា២០១៦-២០១៧ កន្លងមកនេះ និស្សិតបានបញ្ចប់ការសិក្សាដោយគិតទាំងនិស្សិតជ័យលាភីនេះផងសរុបចំនួន ២៥,៥៤៥នាក់ នារី ២០,៩៤៩នាក់។
ប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានវ៉ាន់ដា បានគូសបញ្ជាក់ថា និស្សិតជ័យលាភីទទួលសញ្ញាបត្រនាពេលនេះ យោងតាមការធ្វើអង្កេត របស់ការិយាល័យសេវានិស្សិត នៃវិទ្យាស្ថានវ៉ាន់ដា បានបង្ហាញថា និស្សិតសរុប ២,៨៦០នាក់ អ្នកមានការងារធ្វើ ចំនួន ២,៥០៨នាក់ ស្មើនឹង ៨៧,៦៩%។
លោក ហេង វ៉ាន់ដា ក៏បានគូសបង្ហាញពីសមិទ្ធផល ព្រមទាំងទិសដៅបន្តក្នុងការពង្រឹងគុណភាពអប់រំនៅក្នុងវិទ្យាស្ថានរបស់លោកផងដែរ។ លោក ហេង វ៉ានដា បានថ្លែងបន្ថែមថា សមិទ្ធផលដែលវិទ្យាស្ថានរបស់លោកទទួលបាន គឺបានមកពីការដឹកនាំប្រទេសជាតិ ប្រកបដោយបញ្ញាញាណឈ្លាសវៃរបស់ សម្តេចតេជោ ដែលជានិច្ចកាលតែងតែគិតគូរយកចិត្តទុកដាក់គ្រប់ពេលវេលា និង គ្រប់ទីកន្លែង ចំពោះសុខទុក្ខរបស់ប្រជាជនកម្ពុជាក្នុង និង ក្រៅប្រទេស។ ក្នុងនោះការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា ដែលបានអូសបន្លាយជាច្រើនទសវត្សរ៍កន្លងមក គឺបានធ្វើឲ្យប្រទេសកម្ពុជាមានសុខសន្តិភាពពេញលេញ ដោយបានផ្តល់ឱកាសឲ្យប្រជាជនរស់នៅក្នុងកិត្តិយស សេចក្តីថ្លៃថ្លូរ និងសុភមង្គល តាមរយៈការកសាង និងអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ។
លោក ហេង វ៉ាន់ដា បន្តថា អ្វីដែលប្រជាជនកម្ពុជាមានសេចក្តីរំភើបរីករាយ ឥតឧបមា និង ដឹងគុណជានិច្ចមិនអាចបំភ្លេចបាននោះ គឺក្រៅពីការរំដោះប្រជាជនឲ្យរួចផុតពី ការកាប់សម្លាប់យ៉ាងព្រៃផ្សៃ នៃរបបប្រល័យពូជសាសន៍ប៉ុលពត សម្តេចតេជោ បានខិតខំប្រឹងប្រែង និងពុះពារគ្រប់ឧបសគ្គក្នុងការកសាង និង អភិវឌ្ឍន៍ជាតិ ចាប់ពីបាតដៃទទេរហូតដល់បានធ្វើឲ្យប្រទេសដ៏កម្សត់មួយនេះ ក្លាយទៅជាប្រទេសមានកិត្តិសព្ទល្បីរន្ទឺនៅលើពិភពលោក៕
សម្តេចតេជោ ហ៊ុន សែន ប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា នាពេលកន្លងទៅ