(ភ្នំពេញ)៖ Wing បានសហការជាមួយធនាគារពាណិជ្ជ PPCBank បង្កើតក្រុមការងារផ្តល់ជូននូវជម្រើសថ្មី សម្រាប់ការផ្ទេរប្រាក់អន្តរជាតិពីប្រទេសកូរ៉េខាងត្បូង មកមកកាន់ប្រទេសកម្ពុជា និងការផ្ទេរប្រាក់ក្នុងស្រុកផងដែរ។
ភាពជាដៃគូ PPCBank និង Wing បង្កើនជម្រើសរបស់អតិថិជន សម្រាប់ការផ្ទេរប្រាក់ទៅឱ្យសាច់ញាតិរបស់ប្រជាពលរដ្ឋ ដែលរស់នៅតាមតំបន់ជនបទ។
ភាពជាដៃគូថ្មីនេះ ផ្តល់នូវជម្រើសថ្មីមួយសម្រាប់ការផ្ទេរប្រាក់ពីប្រទេសកូរ៉េខាងត្បូង មកកាន់ប្រទេសកម្ពុជា ដោយផ្តល់ជូននូវសេរីភាពហិរញ្ញវត្ថុ និងភាពងាយស្រួលក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ សម្រាប់ពលករ និងជនអន្ដោប្រវេសន៍កម្ពុជាប្រមាណ៤៥,០០០នាក់ ដែលកំពុងរស់នៅ និងធ្វើការនៅក្នុងប្រទេសកូរ៉េខាងត្បូង។
ប្រជាជនកម្ពុជានៅកូរ៉េខាងត្បូង នឹងអាចផ្ញើប្រាក់មកផ្ទះវិញ ដោយប្រើកម្មវិធីរបស់ធនាគារ PPCBank លើទូរស័ព្ទដៃភ្លាមៗ។ នៅពេលអនាគតប្រជាពលរដ្ឋ អាចប្រើបណ្តាញធនាគារដ៏ធំមួយក្នុងប្រទេសកូរ៉េខាងត្បូង គឺធនាគារ Jeonbuk ដើម្បីផ្ទេរប្រាក់ភ្លាមៗ។
ការវេរប្រាក់រវាងប្រទេសទាំងពីរ មានភាពរលូនហើយអ្នកទទួលអាចទៅដកប្រាក់ នៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលានៅ ក្នុងប្រទេសកម្ពុជាតាមរយៈកម្មវិធី របស់ Wing លើស្មាតហ្វូន ឬតាមបណ្តាញ របស់ Wig ជាង៥០០០កន្លែង នៅទូទាំងប្រទេស។
ការផ្ទេរប្រាក់ក៏អាចធ្វើឡើងពីគណនី PPCBank របស់ពួកគេទៅគណនីវីងបានដែរ។ ការផ្ទេរប្រាក់នេះ អាចត្រូវបានផ្តួចផ្តើមតាមរយៈកម្មវិធីលើទូរស័ព្ទដៃ របស់ធនាគារ PPCBank កម្មវិធី smartBiz ឬដោយផ្ទាល់នៅសាខាណាមួយរបស់ធនាគារ PPCBank។ ជាការពិតការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុរួម សម្រាប់ប្រជាពលរដ្ឋនេះ គឺជាគោលបំណងទៅវិញទៅមករួមគ្នារបស់ធនាគារ PPCBank និង Wing ។
លោក Ruan Swanepoel អគ្គនាយកអាជីវកម្មរបស់វីងបានថ្លែងថា «យើងតែងតែស្វែងរកវិធី ដើម្បីបង្កើនប្រសិទ្ធភាពនៃលំហូរមូលនិធិ សម្រាប់អតិថិជនរបស់យើង និងផ្តល់ដំណោះស្រាយទូទាត់ថ្មី»។
លោក SHIN Chang Moo ប្រធានធនាគារ PPCBank បានថ្លែងថា «យើងបានពង្រីកបណ្តាញធនាគារអនឡាញ (Online) របស់យើងដូចជាកម្មវិធីលើទូរស័ព្ទដៃ (Mobile Banking) អ៊ីនធឺណេតបេងឃីង (smartBiz) និងអេធីអឹម។ ក៏ដូចជាការធ្វើឱ្យប្រសើរឡើង នៅក្នុងសាខាដើម្បីផ្តល់សេវាល្អប្រសើរជាងមុនដល់អតិថិជនភាពជាដៃគូនេះ ផ្តល់ឱ្យយើងនូវឱកាស ដើម្បីផ្តល់ជូនអតិថិជនរបស់យើងនូវភាពងាយស្រួល ក្នុងការផ្ញើប្រាក់ទៅឱ្យមនុស្សជាទីស្រឡាញ់ របស់ពួកគេគ្រប់ទីកន្លែងនៅក្នុងប្រទេសកម្ពុជា។ យើងរីករាយណាស់ ដែលបានសហការជាមួយ Wing ដើម្បីធ្វើឱ្យរឿងនេះកើតឡើង»៕