(ស្វាយរៀង-ព្រៃវែង)៖ ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំច សំរិទ្ធស័ក ព.ស. ២៥៦២ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៨នេះ ប្រតិភូក្រសួងមហាផ្ទៃ ដែលដឹកនាំដោយ លោក ព្រុំ សុខា រដ្ឋលេខាធិការក្រសួងមហាផ្ទៃតំណាង សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អមដំណើរដោយ អស់លោកអនុរដ្ឋលេខាធិការ លោកនាយឧត្តមសេនីយ៍ អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ប្រធាននាយកដ្ឋានចំណុះ លោកឧត្តមសេនីយ៍ អគ្គលេខាធិការរងក្រសួង និងលោកអភិបាល អភិបាលរងខេត្តស្វាយរៀង ប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត ព្រមទាំងមន្ត្រីរាជការក្រោមឱវាទ បានចុះទៅសំណេះសំណាលសាកសួរសុខទុក្ខកងកំលាំងវរៈសេនាតូច នគរបាលការពារព្រំដែនលេខ ៦០៩ និងវរៈលេខ៦១១ នៅទីបញ្ជាការដ្ឋានវរសេនាតូចនគរបាលការពារព្រំដែន ដែលកំពុងបំពេញបេសកកម្មតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង។
នៅរសៀលថ្ងៃដដែល ប្រតិភូក្រសួងមហាផ្ទៃ អមដំណើរដោយ លោកអភិបាល អភិបាលរង ព្រមទាំងមន្ត្រីរាជការខេត្តព្រៃវែង បានចុះទៅសំណេះសំណាលសាកសួរសុខទុក្ខកងកំលាំងវរៈសេនាតូចនគរបាលការពារព្រំដែនលេខ៦០៧ និងវរៈសេនាតូចយោធាការពារព្រំដែនលេខ០៣ នៅទីបញ្ជាការដ្ឋានវរសេនាតូចនគរបាលការពារព្រំដែន ដែលកំពុងបំពេញបេសកកម្មតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម ក្នុងភូមិសាស្ត្រខេត្តព្រៃវែង។
បន្ទាប់ពីបានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងក្រសួងជូនចំពោះកងកំលាំងទាំងពីរ ដែលកំពុងពុះពារការលំបាក ខិតខំសម្រេចភារកិច្ចរបស់ខ្លួន រួមចំណែកដល់ការកសាងព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការជាមួយប្រទេសភូមិផងរបងជាមួយ លោករដ្ឋលេខាធិការ បានឆ្លៀតផ្សព្វផ្សាយជូនកងកំលាំងនូវសភាពការណ៍បច្ចុប្បន្ន ស្ថិតក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមាន សម្តេចតេជោ ជាប្រមុខ ប្រទេសជាតិកំពុងមានសុខសន្តិភាព ស្ថិរភាពរឹងមាំ ប្រជាពលរដ្ឋរស់នៅជាប្រក្រតីក្នុងសិទ្ធិសេរីភាពពេញលេញ ក្រោមដំបូលនៃរដ្ឋធម្មនុញ្ញ ប្រជាធិបតេយ្យសេរី ពហុបក្ស និងនីតិរដ្ឋ។
ជាចុងក្រោយ លោករដ្ឋលេខាធិការ បានអំពាវនាវដល់កងកំលាំងទាំងអស់ ឱ្យបន្តសហការល្អជាមួយអាជ្ញាធរ និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ពុះពារសម្រេចភារកិច្ច ពិសេសត្រូវរក្សាទំនាក់ទំនងជិតស្និទ្ធ ល្អជាមួយប្រជាពលរដ្ឋ ដើម្បីរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍបន្តទៀត ហើយនៅក្នុងឱកាសនោះដែរ ប្រតិភូបានផ្តល់ថវិកា ឧបត្ថម្ភជូនអង្គភាពកងវរៈសេនាតូចទាំង៤ នូវថវិកាចំនួន ៥,០០០,០០០រៀល ក្នុងមួយអង្គភាព និងជូនកម្លាំងនគរបាល និងយោធាក្នុងម្នាក់ៗថវិកាចំនួន ១០០,០០០រៀល ព្រមទាំងសម្ភារៈរួមមាន មី៦៨៥កេស ត្រីខ ៥១កេស ទឹកបរិសុទ្ធ ២៣២ កេស អង្ករ១៥៦បាវ សាច់ជ្រូក បន្លែ ទឹកក្រូច ស្រាបៀរ និងនំអន្សមមួយចំនួនទៀត។