(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៨ ក្រសួងពាណិជ្ជកម្ម បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) តំណាងដោយលោក Nick Beresford នាយកប្រចាំប្រទេសកម្ពុជា និងក្រុមហ៊ុន Green Leader Holdings Group Limited តំណាងដោយលោក Tse Michael Nam នាយកប្រតិបតិ្តក្រុមហ៊ុន ដើម្បីធានាដល់ការអភិវឌ្ឍវិស័យដំឡូងមីកម្ពុជាប្រកបដោយនិរន្តរភាព។

ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងមានការចូលមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល មន្ត្រីអង្គការ UNDP និងថ្នាក់ដឹកនាំក្រុមហ៊ុន Green Leader Holdings Group Limited ប្រមាណជាង ៥០រូប។

នៅក្នុងឱកាសនោះ លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ពីការប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការធ្វើឲ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាកសិករ តាមរយៈការបណ្កុះបណ្តាលបច្ចេកទេស និងការធ្វើពិពិធកម្មទីផ្សារថ្មីៗសម្រាប់វិស័យដំឡូងមីកម្ពុជា។ លោករដ្ឋមន្ត្រីបន្តថា ការបង្កើតឡើងនូវរោងចក្រ Green Leader ទីមួយ ដែលបានធ្វើពិធីបញ្ចុះបឋមសិលាកាលពីម្សិលមិញនៅស្រុកស្នួល (ខេត្តក្រចេះ) បានបង្ហាញពីការប្តេជ្ញាយ៉ាងរឹងមាំរបស់ក្រុមហ៊ុន ចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងការរួមចំណែកអភិវឌ្ឍន៍វិស័យឧស្សាហកម្មដំឡូងមី។

«អនុស្សរណៈយោគយល់ រវាង UNDP និងរោងចក្រ Green Leader នឹងរួមចំណែកជួយលើកកម្ពស់វិស័យដំឡូងមីរបស់កម្ពុជា ព្រមទាំងបង្កើតឱកាសការងារ និងប្រាក់ចំណូលជូនប្រជាពលរដ្ឋថែមទៀត» លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់។

សូមបញ្ជាក់ថា អនុស្សរណៈយោគយល់ដែលបានចុះហត្ថលេខាថ្ងៃនេះ គឺជាកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងអង្គការ UNDP និងវិស័យឯកជន ដើម្បីធានាបាននិរន្តរភាពនៃការអភិវឌ្ឍនៅក្នុងឆ្នាំ២០៣០។ អនុស្សារណៈនេះផ្តោតលើចំណុចសំខាន់ចំនួនបីដូចខាងក្រោម៖
១. បង្កើនផលិតភាពរបស់កសិករដំឡូងមីខ្នាតតូច តាមរយៈការផ្ទេរសមត្ថភាព និងប្រើប្រាស់បច្ចេកវិទ្យា ដើម្បីឲ្យមានប្រព័ន្ធផលិតកម្មជានិរន្តរភាព
២. ធ្វើឲ្យគុណភាពកាន់តែល្អប្រសើរ និងបង្កើនទំនុកចិត្ត លើការផ្គត់ផ្គង់ តាមរយៈការពង្រឹងសមាគមកសិករ ដំឡូងមី និងសមត្ថភាពលើកិច្ចសហប្រតិបត្តិការ ដោយការជំរុញឲ្យមានគំរូកសិកម្មកិច្ចសន្យា និង
. ជំរុញការស្រាវជ្រាវ និងអភិវឌ្ឍលើអេតាណុល (bio-ethanol) និងទស្សនៈដើម្បីជំរុញគោល នយោបាយជាតិឥន្ធនៈ (bio-fuel)៕