Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សំណុំរឿងក្បត់ជាតិរបស់ទណ្ឌិត សម រង្ស៊ី សន្យាកាត់ទឹកដីកម្ពុជា៤ខេត្ត ឱ្យជនជាតិភាគតិចវៀតណាម តុលាការក្រុងភ្នំពេញកំពុងបន្តនីតិវិធី (Video inside)

02-04-2018 17:06

(ភ្នំពេញ)៖ លោក លី សុផាណា អ្នកនាំពាក្យនៃតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ជាថ្មីម្តងទៀត នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៨នេះថា តុលាការក្រុងភ្នំពេញ កំពុងតែបន្តនីតិវិធីនានា ចំពោះសំណុំរឿងថ្មីរបស់ទណ្ឌិត សម រង្ស៊ី ពាក់ព័ន្ធករណីកិច្ចព្រមព្រៀង កាត់ទឹកដីកម្ពុជា ចំនួន៤ខេត្ត ទៅឱ្យជនជាតិភាគតិចវៀតណាម។

ករណីនេះលោក សៀង សុខ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះហៅលោក សម រង្ស៊ី ឱ្យចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨ ខាងមុខនេះ ខណៈដែលជនសង្ស័យ ដែលមានឈ្មោះជាទណ្ឌិត កំពុងរត់គេចពីសំណាញ់ច្បាប់នៅក្រៅប្រទេសនៅឡើយ។

លោក លី សុផាណា បានបញ្ជាក់ថា តុលាការនឹងនៅតែបន្តនីតិវិធីរបស់ខ្លួន ទោះបីជាជនសង្ស័យ មិនស្ថិតនៅក្នុងប្រទេសក៏ដោយ ហើយការកំណត់ឱ្យចូលខ្លួននៅខែក្រោយនេះ គឺអាស្រ័យលើស្ថានភាព ពេលវេលា និងការយល់ឃើញរបស់ លោកព្រះរាជអាជ្ញា ដែលកាន់សំណុំរឿងនេះ។

សូមបញ្ជាក់ថា សំណុំរឿងកាត់ទឹកដីកម្ពុជា ទៅឱ្យជនជាតិភាគតិចវៀតណាមរបស់ លោក សម រង្ស៊ី បានផ្ទុះឡើងបន្ទាប់ពីសកម្មជនប្រឆាំងម្នាក់ បានទម្លាយវីដេអូចុះកិច្ចព្រមព្រៀងកាលពី៥ឆ្នាំមុនរវាង លោក សម រង្ស៊ី និង លោក កុក ស មេដឹកនាំជនជាតិភាគតិចវៀតណាមម៉ុងតាញ៉ា តាមបណ្តាញទំនាក់ទំនង Facebook កាលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨ ។

នៅក្នុងវីដេអូនោះ លោក សម រង្ស៊ី បានបញ្ជាក់យ៉ាងច្បាស់ថា នៅពេលបក្សសង្គ្រោះជាតិ ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា លោកនឹងកាត់ខេត្តរតនគិរី មណ្ឌលគីរី ស្ទឹងត្រែង ក្រចេះ ឱ្យជនជាតិភាគតិចវៀតណាម Degar ឬម៉ុងតាញ៉ា គ្រប់គ្រងដោយស្វ័យភាព។ តាមរយៈកិច្ចសម្ភាសន៍ជាមួយកាសែតភ្នំពេញប៉ុស្តិ៍ លោក សម រង្ស៊ី បានសារភាពថែមទៀតថា លោកពិតជាបានចុះហត្ថលេខាជាមួយ លោក Kok Ksor នៅសហរដ្ឋអាមេរិក កាលពីឆ្នាំ២០១៣ ពិតប្រាកដមែនផងដែរ។

សំណុំរឿង លោក សម រង្ស៊ី មួយនេះ ត្រូវបានប្តឹងដោយ នាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨៕