(បាត់ដំបង)៖ នៅថ្ងៃទី​២​ ខែ​មេសា​ ឆ្នាំ​២០១៨នេះ លោកបណ្ឌិត​ រស់​ វណ្ណា​ ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធាន អគ្គនាយកភ្នាក់ងារកម្ពុជានាវាចរ «កាំសាប» បានដឹកនាំប្រតិភូស​ម្ព័ន្ធមេត្រីភាព​ និងលោក ប៉ែន​ រដ្ឋា​ តំណាងផ្សារទំនើបសូរិយា​ បានទៅចុះសួរសុខទុក្ខ និងសំណេះសំណាលនាយទាហាន ពលទាហាន គ្រួសារកងទ័ពនៅកងការពារព្រំដែនគោកលេខ​៥០២ ចំណុះភូមិភាគ៥​ មុនពេលចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ​។

ក្នុងពិធីចុះសួរសុខទុក្ខ និងសំណេះសំណាលនេះ ក៏មានការអញ្ជើញចូលរួមពី​មេបញ្ជាការរងភូមិភាគ៥ លោកឧត្តមសេនីយ៍ទោ​ ស​ គឹមប៉ាក់​ តំណាងលោកឧត្តមសេនីយ៍ឯក​ ប៊ុន​ សេង​ មេបញ្ជាការរងកងទ័ពជើងគោក​ មេបញ្ជាការភូមិភាគ​៥​ មេបញ្ជាការប្រចាំទិសសំឡូត​ មេបញ្ជាការកង ការពារព្រំដែនគោកលេខ​៥០២​ អភិបាលស្រុកសំទ្បូត​ និងកងកម្លាំងក្នុងភូមិសាស្ត្រស្រុកសំឡូត ខេត្តបាត់ដំបង។​

លោកបណ្ឌិត រស់ វណ្ណា បានលើកពីការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលដោយស្របតាមអនុសាសន៍​ និងពាក្យស្លោករបស់សម្តេចតេជោ ហ៊ុន សែន «ការពារជាតិ ដើម្បីទាំងអស់គ្នា ទាំងអស់គ្នា ដើម្បីការពារជាតិ​ នឹងផ្សាភ្ជាប់សមរភូមិមុខ និងសមរភូមិក្រោយ»​ និងបានបកស្រាយពីស្ថានភាព នយោបាយបច្ចុប្បន្ន​ ពីការរំលាយគណបក្សប្រឆាំង​ អំពើក្បត់ជាតិ​ និងសមិទ្ធិផលសំខាន់ៗ ដែលរាជរដ្ឋាភិបាលបានបង្កើតឡើង​ និងកំពុងខិតខំ អនុវត្តបន្ត​ដែលប្រជាពលរដ្ឋទទួលបានផលប្រយោជន៍ដោយផ្ទាល់ជាពិសេសទៅលើការទទួលបានប្រាក់បៀរ៍វត្សកាន់តែច្រើនឡើងពីមួយឆ្នាំទៅឆ្នាំ​ បន្ថែមលើការផ្តល់របបសន្តិសុខសង្គមដោយការព្យាបាលមិនអស់កម្រៃ​។ ចំណែកបងប្អូនគ្រួសារកងទ័ពដែលបានឆ្លងទន្លេ ក៏ទទួលបានប្រាក់ ឧបត្ថម្ភដូចបងប្អូនកម្មករកម្មការនី​ និងមន្រ្តីរាជការដែរ។

ក្នុងដំណើរចុះសួរសុខទុក្ខនេះលោកបណ្ឌិត រស់ វណ្ណា រួមនឹងស​ម្ព័ន្ធមេត្រីភាពផ្សារទំនើបសូរិយា បានឧបត្ថម្ភសម្ភារមួយចំនួនរួមមាន៖ អង្ករ, ស្បៀងអាហារ, សម្ភារគ្រឿងសំណង់ដែក​ ស៊ីម៉ង់ត៍​ ស័ង្កសី,​ អាគុយ,​ ថវិកាជួសជុលរថយន្ត,​ បង្អូចកញ្ចក់ ព្រមទាំងឧបត្ថម្ភថវិកាចំនួន​៤០,០០០​រៀល​ ដល់នាយទាហានម្នាក់​ និងពលទាហានចំនួន​៣០០​នាក់ ក្នុងកងការពារព្រំដែនគោកលេខ​៥០២​ និងឧបត្ថម្ភអង្គពិធី​១,០០០,០០០​លានរៀល សរុបរួមជាទឹកប្រាក់ប្រមាណ​៩៦,២៤៥,០០០​រៀល៕