(បាត់ដំបង)៖ តំណាងរាស្រ្តមណ្ឌលបាត់ដំបង បានថ្លែងប្រាប់ប្រជាពលរដ្ឋថា ជាប្រវត្តិសាស្រ្តមានតែសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាមេដឹកនាំមួយគត់ដែលបានរំដោះជាតិ បញ្ចប់សង្រ្គាមទាំងស្រុង នាំសុខសន្តិភាព និងមានសាមគ្គីគ្នា មានការឯកភាពជាតិជាតិខ្មែរតែមួយ ជាប្រវត្តិសាស្រ្តមិនធ្លាប់មានពីមុននៅកម្ពុជាកន្លងមក។

លោកបានលើកឡើងនេះ នារសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០១៨ នៅក្នុងបរិវេណវត្តកំពង់គោ ស្ថិតក្នុងភូមិវត្តកណ្តាល ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង ក្នុងពិធីសំណេះសំណាលជាមួយ ប្រជាពលរដ្ឋ និងនាំថវិកាចំនួន១៣,៥៥០ដុល្លារ ប្រគេនព្រះសង្ឃយកទៅសងថ្លៃឈ្នួលជាង និងថ្លៃសម្ភារកសាងវត្ត ខណៈវត្តនេះទើបនឹងនឹងធ្វើពិធីបុណ្យកាត់ឬស្សសីមា រួចថ្មីៗដោយសម្តេចក្រឡាហោម ស ខេង។

តំណាងរាស្រ្តលោក ឡោក ហ៊ួរ តំណាងសម្តេចក្រឡាហោម ស ខេង បានឲ្យដឹងថា ទោះជាថ្នាក់ដឹកនាំបក្ស CPP គ្រប់ជាន់ថ្នាក់ ពិសេសមានសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងឥស្សរជនខ្មែរជាច្រើនទៀត បានខិតខំប្រឹងប្រែងរំដោះជាតិ បញ្ចប់សង្រ្គាមទាំងស្រុងរវាងខ្មែរ និងខ្មែរ ក្នុងគោលនយោបាយឈ្នះ-ឈ្នះ គឺខ្មែររួមគ្នាតែមួយ ព្រមទាំងបានកសាង និងអភិវឌ្ឍន៍ជាតិបានរីកចម្រើនលើគ្រប់វិស័យផ្នែកអាណចក្រ យ៉ាងណាក៏ដោយ ថ្នាក់ដឹកនាំមិនដែលភ្លេចទេ ផ្នែកពុទ្ធចក្រ ដែលជាសាសនាជាសាសនារបស់រដ្ឋ។

អ្នកតំណាងរាស្រ្ត បានបបញ្ជាក់ថា ក្នុងនាមលោកជាតំណាងរាស្រ្ត និងជាតំណាងរបស់សម្តេចក្រឡាហោម ស ខេង បាននាំថវិកាសម្តេចផ្ទាល់ចំនួន១៣,៥៥០ដុល្លារ មកប្រគេនជូនព្រះចៅអធិការ វត្តកំពង់គោនេះ យកទៅសងថ្លៃជំពាក់ឈ្នួលជាង និងថ្លៃសម្ភារ ខណៈដែលសម្តេចបានអញ្ជើញជាអធិបតី កាត់ឬសសីមាវត្តកំពង់គោនេះដាក់ឲ្យប្រើប្រាស់ជាផ្លូវការកន្លងទៅថ្មីៗនេះ។

អ្នកតំណាងរាស្រ្តបានបញ្ជាក់ថា «បើគ្មានថ្នាក់ដឹកនាំជាន់ខ្ពស់ និងឥស្សរជន វីរជន យុទ្ធជនបានតស៊ូរំដោះជាតិឈានដល់បានជ័យជំនះទាំងស្រុង ចេញពីរបបប្រល័យពូជសាសន៍នោះទេ តើប្រទេសជាតិ ប្រជាពលរដ្ឋយើង មានជីវិតរស់នៅតាំងពីបាតដៃទទេរ រហូតដល់ប្រជាពលរដ្ឋមានជីវភាពធូរធា ប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យបានឡើយ។ ដូច្នេះយើងត្រូវចេះសាមគ្គីគ្នាឲ្យល្អគឺខ្មែរតែមួយ រួមដៃគ្នាកសាង និងអភិវឌ្ឍន៍មូលដ្ឋានឲ្យមានភាពរីកចម្រើនកាន់តែប្រសើឡើង»

ក្នុងឱកាសសំណេះសំណាលនោះដែរ ព្រះចៅអធិការវត្ត និងពុទ្ធបរិស័ទ្ធទាំងអស់ បានថ្លែងអំណរគុណដល់សម្តេច ដែលបានលះបង់ថវិកាផ្ទាល់ខ្លួន ចូលរួមកសាងវត្តនេះឡើងរួចហើយ និងសម្ពោធដាក់ឲ្យប្រើប្រាស់រួចជាស្ថាពរ ក្នុងនោះប្រជាពលរដ្ឋមួយចំនួនបានសំណូមពរដល់អ្នកតំណាងរាស្រ្តឲ្យជួយដោះស្រាយបញ្ហាមួយចំនួន ដូចជា ជួយជីក និងស្តារប្រឡាយទឹក ធ្វើនិងជួសជុលផ្លូវក្នុងភូមិបន្ថែមទៀត ហើយអ្នកតំណាងរាស្រ្តក៏បានយកទៅសិក្សានិងផ្តល់ជូនតាមសំណូមពរផងដែរ៕