(កំពង់ធំ)៖ នៅក្នុងឱកាស ជិតបុណ្យឆ្នាំប្រពៃណីជាតិ និងដើម្បីចូលរួមទប់ស្កាត់ ផលប៉ះពាល់ ដល់សុខភាពអ្នកប្រើតាមរយៈ ចំណីអាហារ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៨នេះ សាខា កាំកុងត្រូល ខេត្តកំពង់ធំ សហការជាមួយមន្ទីរពាណិជ្ជកម្ម និងគណៈកម្មការផ្សារ បានបន្តចុះពិនិត្យ ផ្សព្វផ្សាយអំពីគុណភាព និងសុវត្ថិភាពម្ហូបអាហារ នៅផ្សារក្រវ៉ា ស្ថិតក្នុងឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

មន្រ្តីសាខាកាំកុងត្រូល ខេត្តកំពង់ធំ បានថ្លែងថា បន្ទាប់ពីបានពិនិត្យ ដោយប្រើតេស្តឃីត Test Kit ទៅលើម្ហូបអាហារមួយចំនួន ដែលកំពុងដាក់តាំង លក់នៅក្នុងផ្សារក្រវ៉ារួចមក ជាលទ្ធផល គឺទទួលបានលទ្ធផលល្អ ដោយពុំបានរកឃើញវត្តមានសារធាតុគីមី ហាមឃាត់នៅក្នុងផលិតផល ម្ហូបអាហារ ទាំងនោះឡើយ។

ចំពោះការពិនិត្យមើលលើ ផលិតផលម្ហូបអាហារកំប៉ុង ដប និងផលិតផលវិចខ្ចប់រួច ក្រុមការងារបានរកឃើញ មានផលិតផលខូចគុណភាពដូចជា៖ ប្រហិតចម្រុះ ៤,៥គីឡូក្រាម មីម៉ាកខ្លាឃ្មុំ ចំនួន២កញ្ចប់ ផលិតនៅប្រទេសវៀតណាម ទឹកក្រូចចម្រុះ២៧កំប៉ុង ផលិតនៅប្រទេសខ្មែរ ទឹកដោះគោជូ ម៉ាកធានធាន ចំនួន៣៦ដប ផលិតនៅប្រទេសកម្ពុជា និងទឹកក្រូចម៉ាក Mawina ចំនួន៣កំប៉ុង ផលិតនៅខ្មែរ។

ទន្ទឹមនឹងការចុះត្រួតពិនិត្យគុណភាពទំនិញ ក្រុមកាងារក៏បានចែកផ្សាយនូវ រូបភាព Poster និងណែនាំដល់ អាជីវករ អ្នកលក់ដូរ និងអ្នកប្រើប្រាស់ ឲ្យបានយល់ដឹងអំពីរបៀប នៃការដាក់ តាំងលក់ផលិតផល ចំណីអាហារ ឲ្យនៅដាច់ពីគ្នា ពីថ្នាំសម្លាប់សត្វល្អិត និងកសិកម្មនិងរបៀប នៃការជ្រើសរើសផលិតផលម្ហូប អាហារ មានសុវត្ថិភាព ដល់ការបរិភោគជាដើម។

មន្ត្រីកាំកុងត្រូល ក៏បានអំពាវនាវ ដល់អាជីវករ អ្នកចែកចាយ លក់ដុំ លក់រាយ អ្នកផលិត នាំចូលចែកចាយ ត្រូវតែមានប្រភពច្បាស់លាស់សិនមុននឹងទទួលលក់ហើយ បញ្ជប់ការលាយបន្ថែម នូវសារធាតុគីមីហាត់ទៅលើ ផលិតផលម្ហូបអាហារ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់៕