(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ (ខ.ភ.ម ) មេបញ្ជាការកងទ័ពជើងគោក នាព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៨នេះ បានអនុញ្ញាតឲ្យប្រតិភូក្រុមសេនានុព័ន្ធយោធាថៃ តំណាងឲ្យកងទ័ពជើងគោក កងទ័ពជើងទឹក នៃកងទ័ពភូមិន្ទថៃ ចូលជួបពិភាក្សាការងារ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ រវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ។
ប្រតិភូក្រុមសេនានុព័ន្ធយោធាថៃ ដឹកនាំដោយលោកវរសេនីយ៍ឯក Sarayut Boonjue ប្រធានការិយាល័យសេនានិព័ន្ធយោធា អមស្ថានទូតនៃថៃ ប្រចាំនៅកម្ពុជា រួមនឹងលោក Capitain Jatoorong Deephuengton សេនានុព័ន្ធរង របស់កងទ័ពជើងទឹកភូមិន្ទថៃ ប្រចាំកងទ័ពជើងទឹកកម្ពុជា និងលោក Jarae Pokpa ក្រុមជំនាញប្រយុទ្ធប្រឆាំង និងបន្សាបគ្រឿងញៀន កងទ័ពភូមិន្ទថៃ ប្រចាំនៅកម្ពុជា។
ជំនួបពិភាក្សាការងារខាងលើនេះ ធ្វើឡើងនៅភូមិគ្រឹះរបស់នាយឧត្ដមសេនីយ៍ មាស សុភា ស្ថិតនៅក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដើម្បីពិភាក្សាការងារ ស្តីពី «កិច្ចសហប្រតិបត្តិការ រវាងកងទ័ពជើងគោកទាំងពីរកម្ពុជា-ថៃ» ពិសេសលើការងារដែលពាក់ព័ន្ធ ដល់មណ្ឌលបន្សាបអ្នកញៀនគ្រឿងញៀន នៅកងពលតូចអន្តរាគមន៍លេខ១១ និងការងារជួយបណ្តុះបណ្តាល សិក្ខាកាមកងទ័ពជើងគោក នៅប្រទេសថៃ។
ជាមួយគ្នានោះ ប្រតិភូក្រុមសេនានុព័ន្ធយោធាថៃ បានសម្ដែងនូវការ ជូនពរសព្វសាធុការពរជ័យ សេរីមង្គល បវមហាប្រសើរ ជូនដល់នាយឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ក្នុងឱកាសដែល ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល កងទ័ព និងប្រជាជនកម្ពុជា នៅទូទាំងប្រទេសកំពង់ត្រៀមគ្រប់លក្ខណៈសម្បត្តិចូលរួមអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ។
ក្នុងឱកាសនោះ លោកវរសេនីយ៍ឯក Sarayut Boonjue ក្នុងនាមតំណាង ឲ្យថ្នាក់ដឹកនាំ ក្រសួងការពារជាតិ អគ្គមេបញ្ជាការ និងកងទ័ពទាំងបី ប្រភេទនៃកងទ័ពភូមិន្ទថៃ បានសំដែងនូវ អំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះកងយោធពលខេមរភូមិន្ទ ពិសេសកងទ័ពជើងគោក នៃ ខ.ភ.ម ដែលក្នុងអាណត្តិការទូតយោធា តំណាងឲ្យកងទ័ពទាំង៣ប្រភេទ កងទ័ពភូមិន្ទថៃ នៅកម្ពុជា បានបង្កគ្រប់លក្ខណៈសម្បត្តិ ជំរុញឲ្យបេសកកម្មការទូយោធា របស់លោកទទួលបានជោគជ័យ ក្នុងការពង្រឹងពង្រីកចំណងទាក់ទង នៃការរឹតចំណងសាមគ្គី មិត្តភាព កិច្ចសហប្រតិបត្តិការ រវាងកងទ័ពប្រទេសទាំងពីរ ថៃ-កម្ពុជា កាន់តែល្អប្រសើរ។
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំរកា នព្វស័ក ព ស ២៥៦១ ឈានចូលឆ្នាំច សំរិទ្ធីស័ក ព ស ២៥៦២ នាឆ្នាំ២០១៨នេះ លោកវរសេនីយ៍ឯក Sarayut Boonjue បានជូនពរ ដល់នាយឧត្តមសេនីយ៍ មាស សុភា និងលោកស្រី ព្រមទាំងនាយ ពលទាហាន ក្នុងបញ្ជាការកងទ័ពជើងគោក មានសុខភាពល្អ សំណាងល្អ គ្រប់គ្នា៕