(កំពង់ធំ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តកំពង់ធំ បានលើកទឹកចិត្តឲ្យប្រជាពលរដ្ឋខ្មែរ ត្រូវចូលរួមសាមគ្គីគ្នា ថែរក្សាការពារសន្តិភាព ឲ្យនៅគង់វង្សយូរអង្វែង ហើយសូមចូលរួមកម្សាន្តសប្បាយជាមួយ ឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ។
លោករដ្ឋមន្ត្រីបំផុសស្មារតី ប្រជាពលរដ្ឋឲ្យចេះស្រលាញ់ជាតិ ស្រលាញ់សន្តិភាពយ៉ាងដូច្នេះ ត្រូវបានធ្វើឡើងក្នុងពិធីបុណ្យផ្កាសាមគ្គី ក្នុងវត្តមុនីរ័ត្នណោងអម ស្ថិតនៅឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ នាថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៨។
លោករដ្ឋមន្ត្រី ថោង ខុន បានបំភ្លឺប្រាប់ប្រជាពលរដ្ឋថា បញ្ហាសំខាន់សម្រាប់ប្រជាពលរដ្ឋខ្មែរ គឺខិតខំកសាងជីវភាពរស់នៅឲ្យរីកដុះដាលឡើង ដើម្បីឲ្យជីវភាពរីកចម្រើនទៅបាន ទាល់តែប្រទេសជាតិមានការអភិវឌ្ឍ ដើម្បីឲ្យប្រទេសជាតិមានការអភិវឌ្ឍបាន ទាល់តែមានសន្តិភាព ស្ថិរភាពនយោបាយ ដូច្នេះកាតព្វកិច្ចចម្បងសម្រាប់ប្រជាពលរដ្ឋខ្មែរ ត្រូវតែចូលរួមពួនជ្រុំសាមគ្គីគ្នាជាធ្លុងមួយ ធ្វើយ៉ាងណាថែរក្សាការពារសន្តិភាព ដែលមានស្រាប់នេះឲ្យនៅគង់វង្សយូរអង្វែង កុំខ្វាយខ្វល់ពីក្រុមក្បត់ជាតិ ដែលមុននេះពួកគេព្យាយាមទាញកម្ពុជា មុជក្បាលទៅរកបដិវត្តពណ៌។។
លោកបានពន្យល់ថា ដោយសារសន្តិភាពនេះហើយ ទើបកម្ពុជាមានលទ្ធភាពកសាងស្ដារអភិវឌ្ឍវិស័យអាណាចក្រ ឲ្យមានការរីកចម្រើនទៅបាន ហើយបើកាលណាអាណាចក្រមានរីកចម្រើនហើយ វិស័យពុទ្ធចក្រក៏ដើរទៅជាមួយគ្នានោះដែរ តួយ៉ាងដូចនៅថ្ងៃនេះជាដើម បុព្វហេតុដែលអាចឲ្យលោកតាលោកយាយ ប្រជាពុទ្ធបរិស័ទអាចអង្គុយធ្វើបុណ្យផ្កាសាមគ្គីនៅទីនេះបាន ក៏ដោយសារសន្តិភាពនេះដែរ។
លោកបានក្រើនរំឭកថា ប្រជាពលរដ្ឋត្រូវចងចាំនូវសច្ចធម៌ប្រវត្តិសាស្ត្រថា សន្តិភាពនេះ មានតែគណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីទេ ដែលបានស្វែងរកដោយលំបាក ក្រោយការតស៊ូផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។
លោករដ្ឋមន្ត្រីអះអាងថា កម្ពុជាមិនគ្រាន់តែមានសុខសន្តិភាព និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យប៉ុណ្ណោះទេ ប៉ុន្តែអ្វីជាការកត់សម្គាល់ជាងនេះទៅទៀតនោះ គឺវិស័យព្រះពុទ្ធសាសនា និងសាសនាទាំងអស់ស្ថិតក្នុងភាពសុខដុមរមនា គ្មានជម្លោះសាសនានោះឡើយ។ ភាពសុខដុមរមនាលើវិស័យសាសនាទាំងនេះ មិនអាចកាត់ផ្ដាច់បានពីគោលនយោបាយដឹកនាំប្រទេស ប្រកបដោយគតិបណ្ឌិតរបស់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនោះឡើយ។
ជាក់ស្ដែង ក្រោមម្លប់នៃសន្តិភាពពេញលេញ ឃើញថាវត្តអារាមផ្នែកព្រះពុទ្ធសាសនាទូទាំងប្រទេស មានកើនឡើងជាលំដាប់ ដែលក្នុងពេលបច្ចុប្បន្ននេះ មានវត្តអារាមរហូតដល់ទៅ ៤,៦៧៦វត្ត និងមានព្រះសង្ឃជាង ៥ម៉ឺនអង្គ។
សូមជម្រាបថា ក្នុងឱកាសបុណ្យផ្កាសាមគ្គីនេះ លោករដ្ឋមន្ត្រី ថោង ខុន និងលោកស្រី សប្បុរសជន ថ្នាក់ដឹកនាំនៃក្រសួងទេសចរណ៍ អាជ្ញាធរស្រុកបារាយណ៍ដែលមានលោក ហាក់ ម៉ុង ហួត ជាអ្នកដឹកនាំដ៏សកម្ម ថ្នាក់ដឹកនាំមូលដ្ឋាន និងប្រជាពុទ្ធបរិស័ទជិតឆ្ងាយ ក៏បានចូលរួមជាបច្ច័យចំនួន ៣៧លានរៀល សម្រាប់កសាងពុទ្ធិសមិទ្ធផលនានា។ លើសពីនេះ លោករដ្ឋមន្ត្រី និងលោកស្រីក៏បានចូលជាបច្ច័យចំនួន ១ម៉ឺនដុល្លារ សម្រាប់ជួសជុលដំបូលព្រះវិហារវត្តមុនីរ័ត្នណោងអមផងដែរ៕