(ព្រះវិហារ)៖ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលជិតឈានចូលមកដល់ នាពេលខាងមុខនេះ នាព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៨នេះ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានដឹកនាំគណៈប្រតិភូ អញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយចែកជូន កងកម្លាំងនគរបាលជាតិប្រចាំភូមិភាគ៤ ខេត្តព្រះវិហារ។
នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន បាននាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត រួមនឹងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកស្រី ជូនដល់កងកម្លាំងទាំងអស់នៅជួរមុខ រួមទាំងគ្រួសារ។
នាយឧត្តមសេនីយ៍ នេត សាវឿន បានថ្លែងថា រៀងរាល់ថ្ងៃរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ ក៏ដូចជា អគ្គស្នងការដ្ឋាននគរបាលជាតិ បានយកចិត្តទុក្ខដាក់ខ្ពស់ក្នុងការជំនួយឧបត្ថម្ភ និងផ្គត់ផ្គង់របបហូបចុក សម្ភារបរិក្ខារ ជូនដល់កងកម្លាំងនគរបាលជាតិទាំងអស់។
ក្នុងនោះដែរ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត បានថ្លែងការកោតសរសើរលើកទឹកចិត្ត វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះស្មារតី និងការតស៊ូ អំណត់ព្យាយាម ប្រឈមគ្រប់ឧបសគ្គ ក្នុងកិច្ចការពារនូវស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់ និងសន្តិភាពតាមព្រំដែន ឲ្យមានភាពល្អប្រសើរ ។
អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា «សមរភូមិក្រោយ ជួយគាំទ្រសមរភូមិមុខ សមរភូមិ ក្រោយមានភារកិច្ចរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្លាប់ ជូនប្រជាពលរដ្ឋ រីឯសមរភូមិមុខ មានភារកិច្ចការពារបូរភាពទឹកដី ឲ្យបានគង់វង្ស ដូច្នេះទាំងសមរភូមិក្រោយ និងសមរភូមិមុខ មានភារកិច្ចសំខាន់ដូចគ្នា»។
នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ក៏បានផ្ដាំផ្ញើ ដល់កងកម្លាំងនគរបាលជាតិទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការគោរពវិន័យ សីលធ៌មរបស់កងកម្លាំង ជាពិសេសត្រូវយកចិត្តទុក្ខដាក់ ដល់មន្រ្តីចូលនិវត្តន៍ ពិការ និងគ្រួសារមន្រ្តីពលី ដើម្បីឲ្យពួកគាត់មានភាពកក់ក្ដៅ។
នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ក៏បានសំណូមពរដល់កងកម្លាំងទាំងអស់ ឲ្យចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ជាពិសេសចូលរួម ក្នុងការបង្ការ បង្រ្កាប បទល្មើសផ្សេងៗ និងជួយសង្គ្រោះដល់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន នៅពេលមានគ្រោះអាសន្នជាយថាហេតុផងដែរ។
នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដែលជិតឈានចូលមកដល់ នាពេលខាងមុខនេះ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានជូនពរដល់កម្លាំង នគរបាលជាតិទាំងអស់ សូមជួបប្រទះនូវពុទ្ធពរទាំង៤ប្រការ និងជោគជ័យគ្រប់ភារកិច្ចក្នុងកិច្ចការពារបូរណភាពទឹកដី ។
នាយឧត្តមសេនីយ៍ ហ៊ូ សាគុណ អគ្គស្នងការរង និងជាប្រធាននាយកដ្ឋាននគរបាល ការពារព្រំដែន បានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់ នាយឧត្តមសរនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ឆ្នាំ២០១៧កន្លងទៅ កងកម្លាំងនគរបាលការពារ ព្រំដែនបានរួមសហការជាមួយកងយោធពលខេមរភូមិន្ទ អនុវត្តភារកិច្ចការពារបូរណភាពទឹកដី នៅតាមខ្សែបន្ទាត់ព្រំដែន ក្នុងទិសភូមិភាគទី៤ ប្រវែង៤៥៩គីឡូម៉ែត្រ ស្ថិតក្នុងខេត្តព្រះវិហារ និងឧត្តរមានជ័យ ជាពិសេសការពារបូរណភាពទឹកដី នៅតំបន់ប្រសាទព្រះវិហារ បានយ៉ាងរឹងមាំ និងរក្សាបានសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ រស់នៅតាម បណ្តោយព្រំដែន ប្រកបដោយសុវត្ថិភាព។
នាយឧត្តមសេនីយ៍ បន្តថា នគរបាលការពារព្រំដែន បានលើកកម្ពស់កិច្ច សហប្រតិបត្តិការល្អ ជាមួយកងកម្លាំងសមត្ថកិច្ចប្រទេសជិតខាង ដើម្បីទំនាក់ទំនង និងផ្លាស់ប្តូរសភាពការណ៍ ផ្តល់ព័ត៌មានឲ្យគ្នាទៅវិញទៅមក ដោយឈរលើស្មារតីយោគយល់ និងជាអ្នកជិតខាងល្អ ធ្វើឲ្យរក្សាបានព្រំដែនសន្តិភាព ស្ថេរភាព សហប្រតិបត្តិការ និងការអភិវឌ្ឍន៍ ។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បាននាំយកថវិកាជិត ៣០០លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួន ប្រគល់ជូនកងកម្លាំងនគរបាលជាតិ ទិសភូមិភាគ៤ ផងដែរ៕